ដោយ: គ្រញូង / បាត់ដំបង: ស្ត្រីម្នាក់ក្នុងពេលបើកបររថយន្ដបានមានអាការ ងងឹតមុខ បណ្តាលឱ្យរេចង្កូតធ្លាក់ចូលស្ទឹងសង្កែ នៅចំណុចខាងត្បូងស្ពានថ្មសោហឺត្រើយខាងកើត ស្ថិតក្នុងភូមិចិនដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង កាលពីល្ងាចថ្ងៃទី១៩ខែមករាឆ្នាំ២០២០។
សាក្សីបានប្រាប់ថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿង ពណ៌ខ្មៅ ម៉ាក Ford Ranger 4×4 បើកបរដោយស្ត្រីម្នាក់មិនស្គាល់ឈ្មោះ ក្នុងល្បឿនមធ្យម ដោយបើកពីលិចទៅកើត តាមបណ្តោយមាត់ស្ទឹងសង្កែត្រើយខាងកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បណ្តាលឲ្យរេចង្កូតរអិលទៅខាងស្តាំដៃធ្លាក់ចូលទៅក្នុងស្ទឹងសង្កែតែម្តង។ រីឯរថយន្តរងការខូចខាតតិចតួចនៅចំហៀងខាងស្តាំ ដោយបែកចង្កៀងមុខខាងស្តាំ និងកញ្ចក់ចំហៀងខាងស្តាំខ្ទេចតែម្តង។ ចំណែកឯស្ត្រីដែលជាអ្នកបើកបរមិនមានរងរបួសធ្ងន់ធ្ងរទេ ដោយពាក់ខ្សែក្រវាត់។
ស្ត្រីរងគ្រោះបានឱ្យដឹងថា គាត់បើកបររថយន្តម្នាក់ឯងមកពីផ្សារមួយកន្លែងនៅក្រុងបាត់ដំបង ដោយមានសុខភាពមិនល្អផង។ លុះមកដល់ចំណុចកើតហេតុ ក៏បណ្តាលឱ្យងងឹតមុខ ទើបរេចង្កូតធ្លាក់ចូលស្ទឹងសង្កែតែម្តង។
ក្រោយពីកើតហេតុ ឲ្យឡានស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕ ល/Ha