ដោយ: សម្បត្តិ / ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តកុងតឺន័រពីក្រោយ កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចជាប់របងផែស្ងួតសូងួន តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហ៊ី ភិនសៀង អាយុ៦៣ឆ្នាំ ទីលំនៅអចិន្ត្រៃយ៍ផ្ទះ១៨អឺ២ ផ្លូវ១២៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា ជិះម៉ូតូម៉ាកឌ្រីម សង់ C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1HB 9615។ ចំណែកឯរថយន្តកុងតឺន័រ ពណ៌ស ពាក់ផ្លាកលេខ ខាងមុខ ព្រះសីហនុ 3A 3522 និងខាងក្រោយពាក់ផ្លាកលេខ ស្វាយរៀង 4A 0005។
ប្រភពបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកុងតឺន័រ បានចតនៅលើផ្លូវមិនបានដាក់ភ្លើងសញ្ញាភ្លិបភ្លែតៗនោះទេ បែរក្បាលទៅទិសខាងលិច ខណៈពេលនោះក៏មានបុរសវ័យចំណាស់ម្នាក់ បានបើកម៉ូតូឌ្រីមសង់យ៉ាងលឿន តាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចស្របទិសគ្នា មកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកចំកាងដែករថយន្តខាងក្រោយ បណ្ដាលឲ្យដួលរងរបួសធ្ងន់។ ភ្លាមៗក៏មានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យលោកសង្ឃ តែអកុសលដល់មន្ទីរពេទ្យគាត់បានដាច់ខ្យល់ស្លាប់ទៅហើយ។ ចំណែកតៃកុងរថយន្តបានគេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពត្រូវបានមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃបានតម្កល់ទុកនៅក្នុងមន្ទីរពេទ្យ រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ល/Ha