ដោយ:វិបុល/ភ្នំពេញ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី ចំនួន៥១៨នាក់ បានចុះទៅពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋជិត៣ពាន់នាក់ ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាប្រជុំមិត្ត ភូមិខ្វិត ឃុំត្រពាំងល្វា ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពាំនាំនូវការនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចការលោកទាំងពីរ តែងគិតគួរដល់សុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី។

លោកបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកដឹកនាំមានទេពកោសល្យពីកំណើត បាននាំប្រទេសជាតិចេញពីផេះផង់ ឲ្យមានការរើកចម្រើន មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាព សុខសន្ដិភាពពេញលេញ មានការអភិវឌ្ឍគ្រប់ទីកន្លែង ជាពិសេសគឺសម្ដេចយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្ដាមូលដ្ឋាន។
ជាក់ស្ដែងនាពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលដឹកនាំដោយលោកហ៊ុន ម៉ានី ជាបុត្រារបស់សម្ដេចតេជោនាយករដ្ឋម្ដ្រី បានបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចុះពិនិត្យព្យបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដល់មូលដ្ឋានផ្ទាល់តែម្ដង ដែលជាការចូលរួមចំណែកបន្ថែមទៀត លើវិស័យសុខាភិបាលដែលមានស្រាប់ ដើម្បីកាត់បន្ថយឲ្យបានជាអតិប្បរមា នូវជំងឺដម្កាត់ផ្សេងៗរបស់ប្រជាពលរដ្ឋ ពោលគឺធ្វើយ៉ាងណា ឲ្យពួកគាត់មានសុខភាពល្អ មានម្លាំងពលំមាំមួន និងមានពេលវេលាគ្រប់គ្រាន់ ដើម្បីប្រកបរបរចិញ្ចឹមជីវិត។
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានចំណាយពេលវេលា ធនធាន ក៏ដូចជាកម្លាំងកាយចិត្ត ក្នុងការចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ។

លោកបានបន្ថែមថា ការចុះពិនិត្យព្យាបាលនៅពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកឧត្តុង្គនេះ ដោយក្រុមគ្រូពេទ្យមិនត្រឹមតែពិនិត្យព្យាបាលជំងឺរបស់ប្រជាពលរដ្ឋនោះទេ តែក៏បានណែនាំពន្យល់ដល់ប្រជាពលរដ្ឋនូវវិធីសាស្ដ្រ ដើម្បីបង្ការការពារនូវជំងឺតម្កាត់ផ្សេងៗទៀតផង ដែលសបញ្ជាក់ឲ្យឃើញពីស្មារតីមនុស្សធម៌ ទឹកចិត្តស្រឡាញ់រាប់អាន និងវប្បធម៌នៃការចែករំលែក ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងនាមឈាមជ័រខ្មែរដូចគ្នា៕B/




