កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួលបញ្ចប់រឿងក្រុមក្មេងស្រីទំនើង បួននាក់ ព្រួតគ្នាវាយទាត់ធាក់ និងជេរដៀលក្មេងស្រីម្នាក់ នៅថ្នាក់រៀន ក្នុងវិទ្យាល័យផ្សារដើមថ្កូវ។ ក្រុមក្មេងស្រីទំនើង ទាំងបួននាក់ បានសំពះសុំទោស ដោយប៉ូលិស ថតវិដេអូបង្ហោះតាមហ្វេសប៊ុក និងសង សំណងរដ្ឋប្បវេណីចំនួន២.០០០ដុល្លារ ដល់គ្រួសារក្មេងស្រីរងគ្រោះ។
ក៏ប៉ុន្តែនៅព្រលប់ថ្ងៃទី១៧ ខែមករាដដែល ក្មេងស្រីរងគ្រោះឈ្មោះ មរកត បានរត់ចេញពីផ្ទះ ទៅរកអ្នកកាសែតអនឡាញ រហស្សនាម ឃេ ០១(K01 )ឲ្យជួយផ្សាយផ្ទាល់ ដោយនាង បង្ហាញការភ័យ តក់ស្លុត មិនហ៊ានទៅរៀន និងសំពះស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជួយអន្តរាគមន៍ ដើម្បីឲ្យអាជ្ញាធរសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ លើក្រុមក្មេងស្រីទំនើងទាំងបួននាក់នោះ។
ក្នុងពេលផ្សាយផ្ទាល់កាលពីព្រលប់ថ្ងៃទី១៧មករា ក៏មានឃ្លីបវិដេអូថ្មីមួយទៀត ដែលក្រុម ក្មេងស្រីទំនើងបួននាក់ ដឹកនាំដោយឈ្មោះ អន បានវាយទាត់ធាក់យ៉ាងចាស់ដៃលើក្មេងស្រី ម្នាក់ទៀតនៅសួនច្បារ មុខវត្តបទុម។ ឃ្លីបវិដេអូនោះ ក៏ត្រូវបានក្រុមក្មេងស្រីបង្ហាញក្មេងស្រី រងគ្រោះ នៅពេលវាយនាងក្នុងថ្នាក់រៀន ផងដែរ។
នៅព្រលប់ថ្ងៃទី១៧មករា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាក៏បានប្រកាស តាមហ្វេសប៊ុក ថាលោកនឹងរៀបចំមេធាវី ដើម្បីប្តឹងក្មេងស្រីទំនើងទាំង ៤នាក់ ទៅតុលាការ ចាត់ការតាមច្បាប់ ដើម្បីជាការព្រមានដល់ក្មេងទំនើងល្មើសច្បាប់ដទៃទៀត។
យ៉ាងណាក៏ដោយមកដល់រសៀលថ្ងៃទី១៨ ខែមករា មិនទាន់មានការផ្សព្វផ្សាយពីចំណាត់ ការផ្លូវច្បាប់ណាមួយ លើក្រុមក្មេងស្រីទំនើងទាំងបួននាក់ ដែលប៉ូលិសដោះលែងទាំងនោះ នៅឡើយទេ។
ជាមួយគ្នានោះកាលពីរសៀលថ្ងៃទី១៨ ខែមករា លោក ឈិន សោភណ្ឌឪពុកក្មេងស្រី រងគ្រោះ ដែលត្រូវក្រុមក្មេងស្រីទំនើងបួននាក់ ព្រួតគ្នាវាយទាត់ធាក់ ក្នុងថ្នាក់រៀន នៅ វិទ្យាល័យ ផ្សារដើមថ្កូវ ក្នុងរាជធានីភ្នំពេញ បានប្រកាសស្នើសុំដល់ក្រសួងមានសមត្ថកិច្ច និងតុលាការ ជួយបន្តនីតិវិធីតាមច្បាប់ លើក្រុមក្មេងស្រីនោះ។
លោកនឹងយកកូន ទៅពិនិត្យខាងផ្លូវអារម្មណ៍ និងរាងកាយ បើសិនរកឃើញថា ក្មេងស្រី រងគ្រោះ មានសភាពធ្ងន់ធ្ងរ នោះលោក នឹងទាមទារសំណងបន្ថែមទៀតចំពោះមុខតុលាការ។
បើមើលតាមវីដេអូឃ្លីបចំនួនបី ដែលគេបង្ហោះតាមហ្វេសប៊ុក បង្ហាញពីសកម្មភាពរបស់ ក្រុមក្មេងស្រី ដឹកនាំដោយឈ្មោះ អន បានព្រួតគ្នាវាយ ទាត់ធាក់លើសិស្សស្រីម្នាក់ ក្នុងថ្នាក់រៀន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ហើយទើបត្រូវបានគេបង្ហោះផ្សព្វផ្សាយ នាថ្ងៃទី១៦ ខែមករាព្រមទាំងឃ្លីបវាយលើក្មេងស្រីម្នាក់ទៀត នៅសួនច្បារមុខវត្តបទុម គឺពិតជាសាហាវ។
សំខាន់នៅពេលវាយគេ គឺក្រុមក្មេងស្រីនេះ បានថតវិដេអូទុក។ នៅពេលវាយក្មេងស្រីសិស្ស សាលាក្នុងថ្នាក់រៀន ក្រុមក្មេងស្រីបានបង្ហាញឃ្លីបវិដេអូដែលខ្លួនបានវាយអ្នកផ្សេងកាល ពីប៉ុន្មានថ្ងៃមុន ឲ្យជនរងគ្រោះ មើលថែមទៀត។
នេះគឺជាទង្វើអសីលធម៌មួយ ដែលពុំគួរកើតឡើងលើក្មេងស្រី ដែលស្ថិតក្នុងវ័យសិក្សា ហើយនិយាយជារួម លើស្ត្រីខ្មែរយើងសោះឡើយ។
នៅពេលនេះមហាជនមួយចំនួន រួមទាំងឪពុកម្តាយ និងក្មេងស្រីរងគ្រោះ នៅតែមិនសុខចិត្ត។ ដូច្នេះជាដំណោះស្រាយ គួរតែមានការអង្គុយសម្របសម្រួលគ្នាជាថ្មីដោយមានកិច្ចសន្យាជា លាយលក្ខណ៍អក្សរផង និងដោយផ្ទាល់មាត់ ថតវិដេអូ ដោយផ្សាយផ្ទាល់តាមហ្វេសប៊ុកផង ដើម្បីឲ្យប្រាកដថា ក្រុមក្មេងស្រីទំនើងទាំងបួននាក់នោះ ពិតជាមិនបង្កបញ្ហាអ្វីដល់ក្មេង ស្រីរងគ្រោះ ក៏ដូចជាលើអ្នកផ្សេងទៀត ទៅថ្ងៃក្រោយ។
ក្រុមក្មេងស្រីទំនើងទាំងនោះ ក៏គួរតែប្តូរសាលារៀន។ រីឯក្មេងស្រីរងគ្រោះ បើនៅភ័យខ្លាច ទៀត ក៏គួរតែប្តូរសាលារៀនដែរ។ ទាំងក្រុមក្មេងស្រីទំនើង និងទាំងក្មេងស្រីរងគ្រោះ មានអាយុចន្លោះពី ១៤ ទៅ ១៥ ឬ ១៦ ឆ្នាំ ដែលជាវ័យសិក្សារៀនសូត្រ នៅថ្នាក់វិទ្យាល័យ នៅឡើយ។
ចំណែកនៅតាមសាលារៀន មិនថា នៅសាលារៀនរដ្ឋ ឬសាលាឯកជនទេ ក៏គួរតែបង្កើន ការពង្រឹងសន្តិសុខ ដោយមិនត្រូវអនុញ្ញាតឲ្យជនប្លែកមុខ ចេញចូលសាលារៀនបានស្រេច តែចិត្តឡើយ។ នៅក្លោងទ្វារចេញចូល គួរតែមានសន្តិសុខប្រចាំការយាម នៅម៉ោងសិក្សា ដោយមិនអនុញ្ញាតឲ្យជនចម្លែក ចូលអុកឡុក វាយសិស្សដល់ក្នុងថ្នាក់រៀនទៀតឡើយ។ គ្រូប្រចាំថ្នាក់ និងនាយកសាលា ព្រមទាំងគណៈគ្រប់គ្រងសាលាគួរតែបង្កើនការទទួល ខុសត្រូវជាងនេះ។
នៅថ្នាក់រៀន ក៏ដូចនៅខ្លោងទ្វារ ច្រកចេញចូល និងបរិវេណសាលារៀនគួរតែបំពាក់កាំម៉ារ៉ា សុវត្ថិភាព ហើយមានការត្រួតពិនិត្យតឹងតែងដល់សិស្សានុសិស្ស។ មិត្តរួមថ្នាក់ក៏គួរតែបង្កើន ភាពស្និទ្ធស្នាល និងជួយគ្នា ក្នុងពេលមានជម្លោះដោយមិនគួរឲ្យកើតមានអំពើហិង្សាដូច្នេះ ទៀតឡើយ។
សរុបទៅ វិធានការផ្លូវច្បាប់ គឺជាជម្រើសចុងក្រោយ។ តែបើអាច គួរតែសម្របសម្រួលម្តង ទៀត ហើយក្រុមក្មេងស្រីទំនើងទាំងបួននាក់ ក៏គួរតែបង្ហាញសុឆន្ទៈពិតប្រាកដ ថាពួកគេ ត្រូវឈប់រករឿង វាយតប់លើក្មេងស្រីរងគ្រោះ ព្រមទាំងអ្នកដទៃផ្សេងទៀត។ បើមិនដូច្នោះទេ កុំថាឡើយពួកគេ ជាអនីតិជន ដែលមិនទាន់គ្រប់អាយុ ១៨ឆ្នាំ តែក៏ត្រូវមានទោសជាប់ ពន្ធនាគារ ដោយសារតែការបង្ករបួសស្នា វាយទាត់ធាក់អ្នកដទៃនេះដែរ។
រីឯក្រុមគ្រួសារក្មេងស្រីរងគ្រោះ មិត្តភក្តិ លោកគ្រូអ្នកគ្រូ ជាដើម ក៏គួរតែលើកទឹកចិត្ត និងលួងលោមក្មេងស្រីរងគ្រោះ កុំឲ្យភ័យបារម្ភតទៅទៀត ហើយទៅរៀនជាធម្មតាឡើងវិញ និងធានាដល់សុវត្ថិភាពនាង ដោយមិនអនុញ្ញាតឲ្យមាននរណាម្នាក់ មកគំរាម សម្លុត ឬវាយនាងទៀតឡើយ។សំខាន់ក្មេងស្រីបង្ករឿងទាំងនោះ ត្រូវផ្លាស់ចេញពីវិទ្យាល័យផ្សារ ដើមថ្កូវ ដើម្បីកុំឲ្យជួបមុខគ្នាតទៅទៀត៕ ដោយៈ ម៉េងឆៃ