ដោយ: សម្បត្តិ / ភ្នំពេញ: រថយន្តម៉ាកអូឌី បានបើកបុករថយន្តម៉ាកឡង់គ្រីស័រ ត្រង់នៅចំណុចផ្លូវបែកជាបួនរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៣៤ កែងផ្លូវ១៣៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡង់គ្រីស័រ មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2M 6323 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវបែកជាបួនចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកអូឌី ពណ៌ខ្មៅ គ្មានផ្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៩ ទិសដៅពីត្បូងទៅជើងជ្រុលទៅបុករថយន្តឡង់គ្រីស័រចំផ្នែកខាងមុខចំហៀងខាងស្ដាំ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្ត អូឌី រងការខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងសងខាង សុំធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តអូឌី បានចេញថ្លៃជួសជុលទៅឲ្យខាងភាគីរថយន្តឡង់គ្រីស័រ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ល