ទីក្រុងវូហានរបស់ចិន កាលពីថ្ងៃចន្ទទី២០មករា បានរាយការណ៍អំពីកំណើនអ្នកឆ្លងវីរុសបង្កជំងឺរលាកសួតអាថ៌កំបាំង ដែលស្រដៀងនឹងវីរុសសា(Sars)ដល់ទៅ១៣៦ករណី ដោយរួមមានមនុស្សម្នាក់ទៀតបានស្លាប់ដោយជំងឺនេះ នៅពេលវត្តមានវីរុសនេះឥឡូវធ្លាយដល់រដ្ឋធានីប៉េកាំង និងទីក្រុងសិនចិនជាប់ហុងកុង។
ការស្ទុះឡើងយ៉ាងគំហុកនៃអ្នកឆ្លងវីរុសនេះ កើនឡើងចំពេលប្រទេសចិនជួបការធ្វើដំណើរធំបំផុតប្រចាំឆ្នាំ ជាពិសេសដំណើររបស់ជនចំណាកស្រុកដែលត្រូវវិលទៅស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារក្នុងអំឡុងពេលចូលឆ្នាំថ្មី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ គណៈកម្មាធិការសុខាភិបាលក្រុងវូហាន បានរាយការណ៍អំពីមនុស្សស្លាប់ម្នាក់ និងការឆ្លងថ្មីចំនួន៥៩ករណីកាលពីថ្ងៃសៅរ៍ និង៧៧ករណីទៀតកាលពីថ្ងៃអាទិត្យ សរុបទៅមនុស្ស១៩៨នាក់បានឆ្លងវីរុសនេះនៅទីក្រុងវូហាន។
តាំងពីការផ្ទុះជំងឺនេះកាលពីខែមុនមក មនុស្ស៣នាក់បានស្លាប់។
បុគ្គលិកពេទ្យដើរនៅក្រៅមន្ទីរពេទ្យជីនយីនតាន់ នៃក្រុងវូហាន កន្លែងដែលគេដាក់អ្នកជំងឺរលាកសួតស្រដៀងនឹងជំងឺសា
ក្នុងពេលជាមួយគ្នា អ្នកផ្ទុកវីរុសជំងឺនេះ២នាក់ត្រូវបានរកឃើញនៅរដ្ឋធានីប៉េកាំង និងម្នាក់នៅទីក្រុងទេសចរណ៍សិនចិនរបស់ចិនភាគខាងត្បូងជាប់ក្រុងហុងកុង។អ្នកជំងឺ២នាក់នៅប៉េកាំងធ្លាប់បានធ្វើដំណើរទៅវូហាន។ចំណែកបុរសអាយុ៦៦ឆ្នាំដែលគេរកឃើញមានជំងឺនេះនៅសិនចិន ក៏ធ្លាប់បានទៅវូហានកាលពីថ្ងៃ២៩ធ្នូ និងបានធ្លាក់ខ្លួនឈឺនៅខែនេះ។
ក្នុងការសរសេរបង្ហោះកាលពីថ្ងៃចន្ទ អង្គការសុខភាពពិភពលោក(WHO) បានអះអាងអំពីការឆ្លងថ្មី និងថាសត្វមួយទំនងជាប្រភពដើមនៃការឆ្លង ហើយការឆ្លងរវាងមនុស្សមានកម្រិត គឺទាល់តែមានការប៉ះពាល់ដោយផ្ទាល់។
បើតាមWHO វីរុសបង្កជំងឺរលាកសួតនេះ ត្រូវគេដាក់ឈ្មោះថា កូរ៉ូណាវីរុស2019-nCoV។វីរុសថ្មីនេះបង្កការប្រកាសអាសន្នដោយសារវាស្រដៀងគ្នានឹងវីរុសមួយដែលបានបង្កជំងឺសា(Sars)សម្លាប់មនុស្សជិត៨០០នាក់កាលពី១៧ឆ្នាំមុននៅទូទាំងពិភពលោក។
ប្រភពនិងផ្លូវចម្លងរបស់វីរុសនេះនៅជាអាថ៌កំបាំង តែករណីភាគច្រើននៅក្នុងទីក្រុងវូហានមានជាប់ពាក់ព័ន្ធនឹងផ្សារអាហារសមុទ្រមួយ ដែលក៏លក់សត្វរស់និងជីវិតសត្វព្រៃកម្រៗ តែអ្នកជំងឺខ្លះទៀតមិនមានប្រវត្តិពាក់ព័ន្ធនឹងផ្សារនេះទេ៕ប្រែសម្រួល៖វាសនា/Ha

ផ្សារអាហារសមុទ្រក្រុងវូហានដែលគេសង្ស័យថាជាប្រភពផ្ទុះជំងឺត្រូវបិទទ្វារគ្មានកាលកំណត់ចាប់តាំងពីថ្ងៃ០១មករាមក