ដោយ: កាំពី / ខេត្តក្រចេះ: គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដ៤គ្រឿងបុកបន្តគ្នាបណ្តាលឲ្យរថយន្ត១គ្រឿងឆេះ និងបង្កឲ្យមនុស្សរបួសធ្ងន់ស្រាល៨នាក់ នៅចំណុចផ្លូវជាតិលេខ៧ គីឡូ៤១៤- ៤១៥ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសម្បូណ៌ ខេត្តក្រចេះ កាលពីវេលាម៉ោងជិត១២កណ្តាលអធ្រាត្រយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានស្រុកសម្បូណ៌បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តចំនួន៤គ្រឿង (រថយន្តធុនធំ៣គ្រឿង តូច១គ្រឿង) បុកបន្តគ្នា បណ្តាលឲ្យឆេះរថយន្តធំ១គ្រឿង និងរបួសមនុស្សចំនួន៨នាក់ ដោយរបួសធ្ងន់៣នាក់និងរបួសស្រាលនាក់។ ភ្លាមៗនោះដែរ សមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះចំនួន៤នាក់ទៅព្យាបាលនៅពេទ្យខេត្តក្រចេះ និងជួយពន្លត់អគ្គិភ័យរលត់ទាំងស្រុង។ ចំណែកវត្ថុតាងរថយន្ដត្រូវបានកម្លាំងនគរបាលស្រុកសម្បូណ៌យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយតាមនីតិវិធី៕ ល/Ha