ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី១៨ មករា កន្ងទៅនេះ អ្នកប្រដាល់ គង់ សំបូរ ក្លិបគុហារព្រហ្មជ័យ និង សោម វិឆ័យ ក្លិបពន្លឺវិបុល បានកក់កៅអី សម្រាប់វគ្គជម្រុះជុំទី២ បានដូចគ្នា ។
សំបូរ ជួបប្រកួតជាមួយអ្នកប្រដាល់ចិត្តស្លុយ សេក គឹមរូន ក្លិបអង្គរមានជ័យ ខេត្តសៀមរាប។ ជំនួបរវាងអ្នកប្រដាល់ ទាំង២រូបនេះ ពិតជាមានលក្ខណៈ តឹងតែងមែន។ សំបូរ ជាអ្នកប្រដាល់ ដែលរហ័សជើងឆ្វេង និងមានមុខជ្រាយណាស់ ។ ចំពោះគឹមរូន ជាអ្នកប្រដាល់ ដែលមានមុខស្វិត ចូលចិត្តវ៉ៃប្ដូរ និងមានកម្លាំងអស្ចារ្យណាស់ ។
សម្រាប់ការប្រកួតលើកនេះ សំបូរ គេប្រើកណ្ដាប់ដៃ បានយ៉ាងល្អ រួមជាមួយនឹងគេមានកម្ពស់ ខ្ពស់ជាង គឹមរូន ទៀតនោះ ធ្វើឲ្យការវ៉ៃចេញរបស់គេ មានប្រសិទ្ធភាពជាង ការវ៉ៃចេញរបស់ គឹមរូន ។ ពួកគេប្រកួតគ្នា យ៉ាងតឹងតែង ចំនួន ៣ ទឹក ដែលលទ្ធផលចុងក្រោយ សំបូរ ជាអ្នកឈ្នះ ។ សំបូរ ទទួលបានកៅអី សម្រាប់វគ្គជម្រុះជុំទី២ចំពោះសេក គឹមរូន ខ្ទាតចេញពីការប្រកួតហើយ ។
ឈ្នះក្នុងវគ្គជម្រុះជុំទី១នេះដែរ សោម វិឆ័យ បានយកឈ្នះ អ្នកប្រដាល់ ផាន រះ ក្លិបតាព្រហ្មមានជ័យ ដោយពិន្ទុដែរ ។ ក្នុងការប្រកួត ដែលមានចំនួន ៣ ទឹកនោះ វិឆ័យ បានបង្ហាញពីការមានប្រៀប លើគូប្រកួតរបស់ខ្លួន តាំងពីដើមទឹកទី១ មកម្ល៉េះ ។
ផានរះ បានប្រើគ្រប់កលល្បិច ដើម្បីយកឈ្នះលើគូប្រកួតរបស់ខ្លួន តែ វិឆ័យ ដែលបានប្ដេជ្ញាចិត្តថា ត្រូវតែឆ្លងឲ្យផុតវគ្គជម្រុះជុំទី១ នោះ ក៏គេវាយសន្ធាប់ ទៅវិញ ធ្វើឲ្យផានរះ វេទនាគ្រាន់បើដែរ។ ទោះបីយ៉ាងណា ក៏បន្ទាប់ពីប្រកួតចប់ទឹកទី៣ ចៅក្រម បានសម្រេចប្រគល់ជ័យជំនះ ឲ្យ សោម វិឆ័យ ។ សោម វិឆ័យ ប្រជែងបានកៅអី សម្រាប់ឡើងទៅប្រកួតបន្ត វគ្គជម្រុះជុំទី២ រីឯ ផាន រះ ត្រូវហាលអាវតែត្រឹមវគ្គជម្រុះជុំទី១ នេះ។
ការប្រកួតជាមិត្តភាព រវាងកម្ពុជា និងថៃ វិញនោះ អ្នកប្រដាល់កម្ពុជា ហ៊ឹម គឹមរៀង ក្លិបតាព្រហ្មមានជ័យ ត្រូវអ្នកប្រដាល់ចំណូលថ្មីថៃ ឈូ ភេច (Chhou Phich) ទាត់ឲ្យខូចជើងនៅទឹកទី១ ។ គ្រាន់តែស្នូរសម្លេងជួងទឹកទី១ បន្លឺឡើង គឹមរៀង ចាប់ផ្ដើមវាយប្រហារ ជើងក្រោម ឈូ ភេច តែអ្នកប្រដាល់ថៃរូបនេះ ជើងក្រោមរឹងដែរនោះ បានទាត់ជើងក្រោមសងវិញ ធ្វើឲ្យគឹមរៀង ខូចជើងមិនអាចបន្ត ការប្រកួតបានទៀតឡើយ ។
ការប្រកួតរវាង អ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ពានរង្វាន់ វិញនោះ លីន វិចិត្រ ក្លិបបូរីរាជសីហ៍មានរិទ្ធ ត្រូវអ្នកប្រដាល់ ឡាញ់ ផល្លា ក្លិបអេភូថងកីឡា វាយឲ្យអាជ្ញាកណ្ដាល បញ្ឈប់នៅទឹកទី៣ ៕v