ដោយ: ដេប៉ូ / ភ្នំពេញ: អ្នកជំនាញលើវិស័យសំណង់មកពីប្រទេសចិន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះបើគេក្រឡេកមើលលើទីផ្សារកម្មករជំនាញលើវិស័យសំណង់នៅកម្ពុជាឃើញថា នៅមានកង្វះខាតនៅឡើយ។ ព្រមជាមួយគ្នាអ្នកជំនាញជនជាតិចិន ក៏ចង់ឱ្យកម្មករផ្នែកសំណង់នៅកម្ពុជា បានសិក្សាលើមុខជំនាញនេះ នៅប្រទេសចិនដើម្បីមានសមត្ថភាពច្បាស់លាស់ផងដែរ។
ការលើកឡើងបែបនេះ ធ្វើឡើងដោយលោក ឈិន តៃអាន អគ្គនាយកក្រុមហ៊ុន យ៉ុនណាន សេងម៉ៅ អ៊ិនវ៉េសមែន និងជាម្ចាស់គម្រោងអគាពាណិជ្ជកម្ម TCC ដែលបានជោគជ័យលើគម្រោងទីផ្សារ និងបច្ចុប្បន្នកំពុងដំណើរការលក់ និងសាងសង់ខុនដូប្រណិតកម្ពស់២០ជាន់ សម្រេចបាន៨០ភាគរយនាទីក្រុងភ្នំពេញរួចមកនោះ។
បញ្ជាក់ប្រាប់បណ្តាញអ្នកសារព័ត៌មានក្នុងពិធីប្រកាសលក់ខនដូ ដែលជាគម្រោងអគាពាណិជ្ជកម្ម TCC នេះ លោក ឈិន តៃអាន បានឱ្យដឹងថា ”បើគេក្រឡេកមើលលើទីផ្សារកម្មករជំនាញលើវិស័យសំណង់នៅកម្ពុជា នៅមានកម្រិតនៅឡើយ។ ហេតុនេះ ខ្ញុំចង់ឱ្យកម្មករលើវិស័យសំណង់នៅកម្ពុជា គួរទៅរៀនផ្នែកជំនាញនេះ នៅប្រទេសចិនពីព្រោះថាប្រទេសចិនបានទទួលកេរ្តិ៍ឈ្មោះជាអ្នកមានជំនាញលំដាប់លេខ១លើពិភពលោក។ នៅពេលពួកគាត់បានទទួលចំណេះវិជ្ជានេះ អាចយកមកអនុវត្តការងារលើវិស័យសំណង់ ឬការសាង់សង់ផ្លូវ ស្ពានជាដើម ដើម្បីពង្រឹងសមត្ថភាពធ្វើយ៉ាងណាឱ្យវិស័យសំណង់នៅកម្ពុជាកាន់តែមានគុណភាពបន្ថែមទៀត”។
ដោយឡែកទាក់ទិនទៅនឹងគម្រោងសាងសង់ខុនដូប្រណិតនៅកម្ពុជានេះដែរគឺ លោកចង់ចូលរួមចំណែកធ្វើឱ្យប្រជាជនកម្ពុជាមានលំនៅឋានសមរម្យគុណភាព ជាពិសេសនៅតំបន់អាគាពាណិជ្ជកម្មប្រមូលផ្ដុំដោយសារការទិញទំនិញ ការកម្សាន្ត និងគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងមន្ទីរពេទ្យលំដាប់អន្តរជាតិផងដែរ។
ទាក់ទិនទៅនឹងរឿងនេះ លោក សាន ភារិន អគ្គនាយកក្រុមហ៊ុន ជឹងខៃទឺរ ដែលជាភ្នាក់ងារលក់អចលនៈទ្រព្យមួយនៅកម្ពុជា បានបង្ហាញនូវក្ដីរំពឹងខ្ពស់ ចំពោះភាពជោគជ័យនៃដំណើរការលក់គម្រោងខុនដូប្រណិតខាងលើ ព្រោះលក្ខណៈតម្លៃសមរម្យ សមស្របតាមជីវភាពប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា គម្រោងអាគារណិជ្ជកម្ម TCC និងអាគារខុនដូប្រណិត ត្រូវបានសាងសង់លើផ្ទៃដី១០ហិកតា នៅលើទីតាំងឃ្លាំងកំពង់ផែស្វ័យ័ត្តក្រុងភ្នំពេញ នៅក្បែរស្ពានដែកបាឡេ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានទុនវិនិយោគប្រមាណ១០០០លានដុល្លារអាមេរិក។ ក្រៅពីសាងសង់អគារខន់ដូនេះ ក្រុមហ៊ុនមួយនេះក៏បានចូលរួមចំណែកបន្ថែមទៀតដល់វិស័យអប់រំនៅកម្ពុជា តាមរយៈការផ្ដល់អាហាររូបករណ៍ដល់និស្សិតខ្មែរមានសមត្ថភាពជិត២០នាក់ ទៅបន្តការសិក្សានៅប្រទេសចិនលើជំនាញសាងសង់ និងជំនាញសំខាន់ៗមួយចំនួនទៀត ដើម្បីអោយពួកគេយកចំណេះដឹងមកចូលរួមអភិវឌ្ឍន៍ប្រទេសវិញ៕ ល