ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានរៀបចំវគ្គបណ្តុះបណ្តាល បច្ចេកទេស ដល់អាជ្ញាកណ្តាល កីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្ឋាន ដែលមានរយៈពេល ៥ ថ្ងៃ ចាប់ថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅលេខាធិការដ្ឋាន សហព័ន្ធដំបូលទូក នៃពហុកីឡដ្ឋានជាតិ។
វគ្គនេះ បង្រៀនដោយលោកគ្រូ ស៊ុន រតនា ជាអាជ្ញាកណ្តាល កម្រិតអន្តរជាតិ របស់កម្ពុជា ហើយលោកបានប្រឡងជាប់កីឡាវាយកូនឃ្លីលើតុ កាលពីឆ្នាំ ២០១០ ដោយទទួលស្គាល់ ពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុ អន្តរជាតិ “ITTF” ដែលមានសិក្ខាកាម ចូលរួមចំនួន ២៦ នាក់ ក្រោមការឧប្ថម្ភគាំទ្រថវិកា ពីក្រសួងអប់រំ យុវជន និងកីឡា។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល បច្ចេកទេសអាជ្ញាកណ្តាល កីឡាវាយកូនឃ្លីលើតុ សហព័ន្ធមានគោលបំណង ២ ធំៗ គឺៈ សហព័ន្ធ ចង់ពង្រឹងសមត្ថភាព អាជ្ញាកណ្តាលថ្នាក់ជាតិ ឲ្យបានរឹងមាំ ជាអាជ្ញាកណ្តាល ពិតប្រាកដថ្នាក់ជាតិសិន បន្ទាប់មក យើងនឹងជំរុញពួកគាត់ ឲ្យក្លាយជាអាជ្ញាកណ្តាល កម្រិតអន្តរជាតិ។
លោកបានបន្តថា ការជំរុញឲ្យក្លាយជា អាជ្ញាកណ្តាល កម្រិតអន្តរជាតិនេះ ដើម្បីត្រៀមខ្លួនរបស់សហព័ន្ធ សម្រាប់ព្រឹត្តិការណ៍ ការប្រកួតស៊ីហ្គេម ២០២៣ ( SEA GAMES 2023 ) លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ការប្រកួតនោះ ក្នុងការប្រើប្រាស់ អាជ្ញាកណ្តាល កម្រិតអន្តរជាតិ របស់កម្ពុជា ឲ្យអស់សមត្ថភាព កុំឲ្យយើង ពឹងពាក់អន្តរជាតិ ច្រើនពេក៕v