ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ការប្រកួតប្រដាល់ លើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី១៨ មករា កន្លងទៅ អ្នកប្រដាល់កម្ពុជា យ៉ុន ដារ័ត្ន ក្លិបតាឡីដំរីមានរិទ្ធ ប្រកួតឈ្នះអ្នកប្រដាល់ វ័យចំណាស់ថៃ ប្រា វីត (Pravith) ដោយពិន្ទុ ទាំងប្រផិតប្រផើយ។
អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ២ ទឹកដំបូង ប្រាវីដ វ៉ៃបានយ៉ាងល្អ តែចាប់ពីទឹកទី៣ ទៅកម្លាំងរបស់គេ ធ្លាក់ចុះ ជាហេតុធ្វើ ឲ្យគេវ៉ៃចេញមិនសូវរួចប៉ុណ្ណោះ គេដកថយ និងការពារច្រើនជាង ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ៥ ទឹកពេញ ។ ដារ័ត្ន ដែលមានប្រៀបលើ ប្រា វីត បន្តិចបន្តួចនោះ គេបានទទួលជ័យជំនះ ដោយពិន្ទុ ។ សូមបញ្ជាក់ថា អ្នកប្រដាល់ថៃ រូបនេះ ឩស្សាហ៍ឆ្លងដែន មកប្រកួតនៅស្រុកខ្មែរណាស់ ។
មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្ស ប្រើពេលតែមួយទឹក ប៉ុណ្ណោះ បានផ្ដួលអ្នកប្រដាល់ថៃ ផេត អាលីន (Phat Alin) ឲ្យសន្លប់មុនស្នូរជួង បញ្ចប់ទឹកទី១ ។អ្នកប្រដាល់ថៃរូបនេះ ទើបតែមកប្រកួត នៅស្រុកខ្មែរ ជាលើកដំបូងនេះទេ ដោយពួកគេ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ផេត អាលីន ត្រូវសុខហ៊ុច ប្រើស្នៀតកែងបក បណ្ដាលឲ្យសន្លប់ នៅមុនស្នូរជួង បញ្ចប់ទឹកទី១ ។
ចំពោះ ការប្រកួតលើសង្វៀន Boostong Fighter on Fire នាព្រឹកថ្ងៃទី១៩ មករា វិញនោះ អ្នកប្រដាល់កម្ពុជា ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ដែលត្រូវបានគេ ប្រសិទ្ធនាមថា កូនខ្លាទិសពាយ័ព្យនោះ បានប្រើកែង ផ្ដួលអ្នកប្រដាល់ថៃ ថានូ ងិន (Thanou Ngen) ឲ្យសន្លប់មុនស្នូរជួង បញ្ចប់ទឹកទី២ ។
នេះជាលើកទី២ ហើយ ដែលអ្នកប្រដាល់ថៃ រូបនេះ មកប្រកួតនៅស្រុកខ្មែរ ដែលការប្រតកួត ដែលការប្រកួតរបស់គេទាំង ២ លើក ចាញ់ទាំង ២ លើក។ មកលើកទី១ គេប្រកួតចាញ់ ឡុង សំណាង ក្លិបសាលវ័ន្ដកីឡា ដោយពិន្ទុ ទាំងមិនអស់ចិត្តតែ សម្រាប់ការប្រកួតលើកនេះ គេចាញ់ដោយសន្លប់តែម្ដង។
ការប្រកួតលើសង្វៀន អធិរាជកម្លាំងរ៉េដអាន វិញនោះ អ្នកប្រដាល់វ័យក្មេង ខាំ ខ្លានាង ក្លិបរ៉ាហាប់ស្វាយប៉ាក បានផ្ដួលអ្នកប្រដាល់ថៃ ឡា ហ្វាន (La Fan) ឲ្យសន្លប់ នៅទឹកទី១ ។ សុត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក ក៏បានផ្ដួលអ្នកប្រដាល់ជើងខ្លាំងថៃ ហ្វា នីមីត (Fa Nimith) បណ្ដាលឲ្យខូចជើង និងបោះបង់ចោល ការប្រកួត នៅទឹកទី៤ ។
នៅទឹកទី៣ ប៊ុនធី វ៉ៃហ្វា នីមីត ត្រូវមួយកែង ហើយត្រូវអាជ្ញាកណ្ដាល រាប់ ៨ តែគេ នៅអាចបន្តការប្រកួតបាន លុះមកដល់ទឹកទី៤ អ្នកប្រដាល់ថៃ រូបនេះ បង្ខំចិត្តបោះបង់ចោលការប្រកួត ដោយសារជើងក្រោម គេមានបញ្ហា ៕v