ដោយ: សម្បត្តិ / ភ្នំពេញ: ស្ត្រីម្នាក់ត្រូវបានអតីតប្តីកំណាច ចាក់សាំងស្រោចដុតប្រពន្ធទាំងរស់ បណ្តាលឲ្យឆេះរលាករលួយពេញខ្លួន កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ។
ស្ត្រីរងគ្រោះឈ្មោះ បូ ស្រីណែត អាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅភូមិសង្កាត់កើតហេតុ មានស្រុកកំណើត ភូមិបឹងង៉ោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកប្តីកំណាចមានឈ្មោះ វង់ ចាន់សុភាព អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ ស្រុកកំណើតឃុំក្រញូង ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ គ្រួសារខាងលើមានកូនស្រី២នាក់ ។
តាមក្រុមគ្រួសារ បានឲ្យដឹងថា ប្តីប្រពន្ធខាងលើ រៀបការនឹងគ្នាអស់រយៈពេលជាង៧ឆ្នាំមកហើយ មានកូនស្រី២នាក់ជាចំណងអាពាហ៍ពិពាហ៍ ក្នុងរបរធ្វើការរោងចក្រផង លក់បាយម្ហូបនៅមុខរោងចក្រក្នុងភូមិកើតហេតុ។
ប្រភពបន្តទៀតថា ដោយសារការរស់នៅមិនចុះសម្រុងគ្នា ប្តីប្រពន្ធខាងលើ ស្ម័គ្រចិត្តរៀងខ្លួនទៅអាជ្ញាធរសុំលែងលះគ្នាដោយសន្តិវិធី ឯកភាពយកកូនម្នាក់មួយ កូនច្បងរស់នៅជាមួយប្តី កូនប្អូនរស់នៅជាមួយប្រពន្ធ ចែកផ្លូវគ្នាដើររៀងខ្លួន អស់រយៈពេលជាង១ខែមកហើយ។ អតីតប្រពន្ធទៅរស់នៅឯស្រុកវិញ លុះមកដល់រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នេះ ភាគីខាងអតីតប្រពន្ធ ឌុបកូនស្រី និងប្អូនស្រីតូចម្នាក់ទៀតទៅផ្ទះជួលដែលប្តីស្នាក់នៅ ក្នុងបំណងទៅប្រមូលខោអាវ ផ្ទាល់ខ្លួនដែលនៅសេសសល់ គ្មានបំណងអ្វីផ្សេងឡើយ ស្រាប់តែខាងប្តីខឹង ស្ទុះវឹងទាញបានដបសាំង ចាក់ស្រោចលើខ្លួន ហើយចាប់ដុតអតីតប្រពន្ធទាំងរស់តែម្តង បណ្តាលឲ្យឆេះរលាករលួយពេញខ្លួនប្រាណ រួចយកលុយ យកទូរស័ព្ទ រត់គេចខ្លួនបាត់។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះនៅមានស្មារតីនៅឡើយ ជិះម៉ូតូទៅឲ្យពេទ្យជួយជា បឋមសិន ចំណែកប្អូនស្រីជិះម៉ូតូឌុបទៅតាមឪពុក ក្រុមគ្រួសារនៅឯស្រុកមកជួយ រហូតដល់ល្ងាចថ្ងៃដដែល ក្រុមគ្រួសារដឹកតាមម៉ូតូកង់បី មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរ ក្តៅរោលរាលពេញខ្លួន នៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃដដែល ទើបក្រុមគ្រួសារទទូចស្នើសុំអន្តរាគមន៍ ពីរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
ករណីខាងលើ ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ភ្លាមៗ សំខាន់បញ្ជូនជនរងគ្រោះទៅសង្គ្រោះអាយុជីវិតសិន ហើយកម្លាំងសមត្ថកិច្ចចុះទៅសាកសួរ ដល់ទីតាំងកើតហេតុ ត្រូវបានម្តាយរបស់ជនល្មើសឆ្លើយថាមិនដឹង រឿងតិចតួច មិនតែប៉ុណ្ណោះថែមទាំងចោទប្រកាន់ តិះដៀលលើស្ត្រីរងគ្រោះ ថាមានសហាយទៅវិញ ។
ទោះជាយ៉ាងណាក្តី ករណីខាងលើ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ កំពុងមានចំណាត់ការក្នុងរឿងប៉ុនប៉ងមនុស្សឃាតខាងលើ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារម្តងហើយ រឿងហិង្សាក្នុងគ្រួសារ វាយប្រពន្ធឲ្យមានរបួសស្នាម និងប្រើប្រាស់គ្រឿងញៀន លុះចេញមកវិញ មិនរាងចាល ប៉ុនប៉ងមនុស្សឃាតលើប្រពន្ធទៀត៕ ល/Ha