សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យលេចធ្លោម្នាក់នៅហុងកុង ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីការតវ៉ាប្រឆាំងមួយដែលជននេះបានជួយរៀបចំធ្វើកាលពីថ្ងៃអាទិត្យ បានប្រែជាហិង្សាដោយទាំងប៉ូលិសនិងបាតុករបានបែកក្បាលចេញឈាមហើយប៉ូលិសបាញ់គ្រាប់បែកផ្សែងដាក់ហ្វូងបាតុកម្ម។
ប៉ូលិសក៏បានចាប់ខ្លួនមនុស្សមួយចំនួន រួមមានបាតុករម្នាក់ដែលរបួសឈាមក្បាល។
ក្រុមរៀបចំបាតុកម្មបាននិយាយកាលពីថ្ងៃចន្ទទី២០មករាថា វេនទូស ឡាវត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យចំពោះការចោទប្រកាន់ថារារាំងការងារប៉ូលិសនិងរំលោភលក្ខខណ្ឌធ្វើបាតុកម្ម។
ពួកអ្នករៀបចំបានសុំធ្វើបាតុកម្ម និងអាជ្ញាធរអោយធ្វើតែនៅឧទ្យានមួយនៅកណ្តាលក្រុង តែការប្រឆាំងតវ៉ាបានរាលដាលទៅកាន់វិថីជុំវិញនោះ ដោយបាតុករខ្លះបានបិទផ្លូវ។
ប៉ូលិសបានចូលអន្តរាគមន៍ និងបាញ់គ្រាប់បែកផ្សែងបំបែកហ្វូងបាតុកម្ម។ប៉ូលិស២នាក់ ក៏បានរងការវាយដំដល់ចេញឈាមពីសំណាក់បាតុករកាលពីថ្ងៃអាទិត្យ។
បញ្ហាបានកើតឡើងនៅពេលប៉ូលិសបញ្ជាអោយបំបែកការជួបជុំ ក្រោយប៉ូលិសបានធ្វើការឃាត់ខ្លួនមនុស្សនិងឆែកឆេរនៅផ្លូវជិតៗនោះ ហើយរងការគប់ដបទឹកនិងថ្នាំលាបមកលើ។ប៉ូលិសស្លៀកពាក់ស៊ីវិលមួយក្រុមបានព្យាយាមនិយាយជាមួយអ្នករៀបចំការជួបជុំតែត្រូវពួកអ្នកប្រឆាំងតវ៉ាពាក់ម៉ាសមុខ វាយមកលើពួកគេរហូតបែកក្បាល។
ក្រោយមកសហការីរបស់គេបានចូលឃាត់និងនាំពួកគេចេញទៅ។
ក្នុងសេចក្តីថ្លែងការណ៍លើហ្វេសប៊ុក កងកម្លាំងប៉ូលិសហុងកុងបាននិយាយថា«អំពើដូច្នេះ មិនត្រូវអត់ឱនអោយឡើយ»។
ការប្រឆាំងតវ៉ានៅហុងកុងបានបន្តអស់ពេល៧ខែមកហើយដោយដំបូងវាបង្កឡើងពីការប្រឆាំងនឹងពង្រាងច្បាប់បត្យាប័នមួយតែទោះជាវាត្រូវបានអាជ្ញាធរហុងកុងលុបចោល ចលនាប្រឆាំងតវ៉ាមិនបានបញ្ឈប់ហើយពួកអ្នកប្រឆាំងតវ៉ាទាមទារសិទ្ធិសេរីភាពធំឡើង។
ក្នុងបាតុកម្មកាលពីថ្ងៃអាទិត្យ មនុស្សរាប់ពាន់នាក់បានជួបជុំនៅកណ្តាលសង្កាត់ពាណិជ្ជកម្មរបស់ទីក្រុងដោយពួកគេស្រែកពាក្យស្លោកដូចជា«សាមគ្គីជាមួយហុងកុង ប្រយុទ្ធដើម្បីសេរីភាព»។បាតុករខ្លះ គ្រវីទង់អាម៉េរិក អង់គ្លេសនិងទង់ឯករាជ្យហុងកុង។
ពួកអ្នករៀបចំនិយាយថា មនុស្ស១៥០.០០០នាក់បានចូលរួមបាតុកម្មកាលពីថ្ងៃអាទិត្យ តែប៉ូលិសថាមានប្រមាណ១១.០០០នាក់ប៉ុណ្ណោះ៕ដោយ៖វាសនា
ប៉ូលិសនិងបាតុករប្រឈមមុខគ្នា ក្នុងបាតុកម្មនៅកណ្តាលក្រុងហុងកុងកាលពីថ្ងៃ១៩មករា