រដ្ឋាភិបាលរបស់មេដឹកនាំក្រុងហុងកុង លោកស្រីការី ឡាំ បានបដិសេធជាថ្មីនូវការទាមទារធំៗរបស់ក្រុមអ្នកតវ៉ានៅពេលដែលការប្រមូលផ្តុំគ្នានៅទីប្រជុំជនក្រុងនេះ បានក្លាយជាអំពើហិង្សាជាថ្មីដែលបង្ហាញពីភាពចលាចលដែលបានចាប់ផ្តើមកាលពីខែមិថុនានៅតែគ្មានទីបញ្ចប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី១៩ខែមករា អ្នកនាំពាក្យរដ្ឋាភិបាលបានរំលឹកឡើងវិញនូវការប៉ុនប៉ងដែលបរាជ័យក្នុងការអនុវត្តសិទ្ធីបោះឆ្នោតសកលចាប់តាំងពីប្រទេសចិនបានគ្រប់គ្រងទឹកដីអតីតអាណានិគមអង់គ្លេសកាលឆ្នាំ ១៩៩៧។
ខ្លួនបាននិយាយថាប្រជាជនហុងកុងត្រូវយល់ដឹងច្បាស់ថា នាយកប្រតិបត្តិណាម្នាក់ដែលបោះឆ្នោតជ្រើសរើសដោយពលរដ្ឋទាំងអស់ ក៏ត្រូវទទួលខុសត្រូវចំពោះរដ្ឋាភិបាលក្រុងប៉េកាំងដែរ។
អ្នកនាំពាក្យនេះ បាននិយាយថា ” នេះជាបទបញ្ជារដ្ឋធម្មនុញ្ញនៅក្រោមគោលការណ៍«ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង២»ដែលមិនគួរត្រូវបានគេព្រងើយកន្តើយ។ សហគមន៍នេះត្រូវមូលមតិគ្នាលើគោលការណ៍ទាំងនេះហើយផែ្នកលើមូលដ្ឋានច្បាប់ដើម្បីបំបាត់ការខ្វែងគំនិតគ្នាតាមរយៈការសន្ទនានៅក្រោមបរិយាកាសសន្តិភាពនិងការជឿទុកចិត្តគ្នាទៅវិញទៅមក”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការពិភាក្សាប្រកបដោយន័យស្ថាបនាលើបញ្ហានៃការអភិវឌ្ឍរដ្ឋធម្មនុញ្ញនឹងពិបាកនឹងចាប់ផ្តើម ប្រសិនបើបញ្ហាដែលបានលើកឡើងខាងលើមិនអាចសម្រេចបានការព្រមព្រៀងគ្នានោះ”។
សេចក្តីថ្លែងការណ៍ដែលធ្វើតាមជំហរដដែលរបស់រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញថារដ្ឋាភិបាលរបស់លោកស្រីការី ឡាំ នៅតែមិនអោយតំលៃលើការទាមទារជាធំៗរបស់ក្រុមអ្នកតវ៉ា។
បាតុកម្មកាលពីថ្ងៃអាទិត្យបានចាប់ផ្តើមដោយសន្តិវិធីនៅសួនឆាធឺនៅសង្កាត់ពាណិជ្ជកម្មនៃទីក្រុងនេះដោយមានការថ្លែងសុន្ទរកថានិងការប្រគំតន្ត្រីនៅអំឡុងពេលធ្វើបាតុកម្មដែលមានមនុស្សរាប់ពាន់នាក់។ ប៉ុន្តែប៉ូលិសបានបញ្ជាឱ្យបញ្ចប់បាតុកម្មដោយអ្នកតវ៉ាបានចាប់ផ្តើមរាលដាលចេញពីកន្លែងប្រមូលផ្តុំគ្នាដែលត្រូវបានអនុញ្ញាត។
ប៉ូលិសបានប៉ះទង្គិចជាមួយក្រុមបាតុករ ហើយបានចាប់ខ្លួនអ្នកតវ៉ាមួយចំនួនដែលបានបិទផ្លូវនិងបានដុតបំផ្លាញរបាំងផ្លូវ។ ប៉ូលិសបានបាញ់ឧស្ម័ន បង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សតវ៉ា៕ប្រែសម្រួល៖សុខា/sn
ប៉ូលិសបានបាញ់ឧស្ម័ន បង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សតវ៉ា