នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ ម៉ូហាម៉ាតបាននិយាយកាលពីថ្ងៃចន្ទទី២០មករាថា ក្រុមចម្រុះដែលកំពុងគ្រប់គ្រងអំណាច អាចដឹកនាំរដ្ឋាភិបាលបានតែមួយអាណត្តិនេះទេ បើមិនធ្វើការផ្លាស់ប្តូរនិងឈប់ឈ្លោះគ្នា។
មហាធៀ បានដឹកនាំក្រុមចំរុះPakatan Harapan(សម្ពន្ធភាពនៃក្តីសង្ឃឹម)ដណ្តើមជ័យជម្នះដ៏ភ្ញាក់ផ្អើលមួយក្នុងការបោះឆ្នោតសកលកាលពីខែឧសភាឆ្នាំ២០១៨ ដោយរួមដៃគ្នាជាមួយអតីតគូសត្រូវដើម្បីបញ្ចប់ការគ្រប់គ្រងអំណាចអស់៦១ឆ្នាំរបស់ក្រុមចំរុះ Barisan Nasional ។
តែក្រុមចម្រុះរបស់លោកបានបាត់បង់កៅអីសភាចំនួន៥ក្នុងការបោះឆ្នោតបំពេញកន្លែងទំនេរនៅពេលក្រោយមក រួមមានមួយកៅអីក្នុងការបោះឆ្នោតកាលពីចុងសប្តាហ៍ ហើយការស្ទង់មតិបង្ហាញថាក្រុមកាន់អំណាចធ្លាក់ប្រជាប្រិយភាពក្នុងចំណោមសាធារណជន។
មហាធៀ បានប្រាប់អ្នកយកព័ត៌មានថា «យើងបានបាត់បង់អស់៥កៅអី តែពួកគេនៅមិនទាន់ភ្ញាក់ខ្លួន។ខ្ញុំបានប្រាប់ពួកគេថា ក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ អ្នកត្រូវការគាំទ្ររឹងមាំពីប្រជាជន។តែពួកគេគិតតែឈ្លោះគ្នានិងបំបែកប្រជាជន…ពួកគេនឹងមិនឈ្នះបើសិនជាមិនដូរចរិត»។
សូមបញ្ជាក់ថា ក្រុមចំរុះ៤គណបក្សរបស់មហាធៀបានចូលកាន់អំណាចជាមួយនឹងការសន្យាធ្វើការកែទំរង់ និងបង្ក្រាបអំពើពុករលួយ។អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ កំពុងជាប់នៅកណ្តាលរឿងអាស្រូវពុករលួយប្រាប់រាប់ពាន់លានដុល្លារក្នុងគំរោងវិនិយោគ1MDB។លោកកំពុងរងបណ្តឹងរាប់សិបតែនៅក្រៅឃុំក្នុងពេលរង់ចាំឡើងវសនាការ។
ជិត២ឆ្នាំក្រោយចូលកាន់អំណាច រដ្ឋាភិបាលរបស់មហាធៀបានរងការរិះគន់កាន់តែខ្លាំងដោយសារមិនអាចធ្វើតាមការសន្យាលើការកែទំរង់អភិបាលកិច្ចនិងសិទ្ធិមនុស្សអោយបានលឿន ហើយការពារសិទ្ធិរបស់ក្រុមជនជាតិភាគច្រើនម៉ាឡេ។
អំពីការសន្យារបស់មហាធៀថានឹងប្រគល់អំណាចទៅប្រធានគណបក្សជាដៃគូ លោក អាន់វ៉ា អ៊ីប្រាហ៊ីមក៏មិនប្រាកដប្រជាទៀត។ដំបូងក្រោយឈ្នះឆ្នោតកាលពីឆ្នាំ២០១៨ មហាធៀ បាននិយាយថាលោកនឹងប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅលោកអាន់វ៉ាបន្ទាប់ពីអង្គុយក្នុងកៅអីនាយករដ្ឋមន្ត្រីបាន២ឆ្នាំ តែកាន់តែមានការសង្ស័យក្រោយពីមហាធៀបដិសេធមិនផ្តល់ថ្ងៃខែជាក់លាក់ដើម្បីចុះចេញពីតំណែង និងថាលោកត្រូវការពេលដើម្បីដោះស្រាយបញ្ហាធំៗ។
នាយករដ្ឋមន្ត្រីវ័យ៩៤ឆ្នាំ បាននិយាយកាលពីថ្ងៃ២០មករាថា លោកនឹងបើកផ្លូវសំរាប់លោកអាន់វ៉ា ក្រោយជំនួនAPECនៅក្រុងគូឡាឡាំពួរនាខែវិច្ឆិកា ឆ្នាំ២០២០តែនៅតែមិនព្រមផ្តល់កាលបរិច្ឆេទជាក់លាក់។លោកថា «នៅពេលពេលវេលាចូលមកដល់ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានធ្វើអ្វីទាំងអស់ដែលខ្ញុំអាចធ្វើបាន។ខ្ញុំនឹងលាឈប់ភ្លាម»៕ប្រែសម្រួល៖វាសនា