កំណាយស្រាវជ្រាវបុរាណវិទ្យានៅ​​ទួលដូនប៉ុក រកឃើញគ្រឹះប្រាសាទ ​សម្ភារប្រើប្រាស់ និងការតាំងទីរបស់​មនុស្សជាង១០០០ឆ្នាំមុន

ដោយ:គូលែន/សៀមរាប ៖ អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ដែលមានទីតាំង ស្ថិតនៅខាងលិចប្រាសាទវត្តអធ្វា រកឃើញគ្រឹះប្រាសាទ សម្ភារប្រើប្រាស់ និងការតាំងទីរបស់មនុស្សជាង​១០០០ឆ្នាំមុន។ នេះគឺជាការបញ្ជាក់របស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ។

លោក ទិន ទីណា អនុប្រធានមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការស្រាវជ្រាវធ្វើឡើងដើម្បីស្វែងរកភូមិបុរាណ ទីសក្ការបូជា និងសម្ភារប្រើប្រាស់នានា ដែលស្ថិតនៅក្រៅរាជធានីអង្គរ ពិសេសនៅជុំវិញខេត្តសៀមរាប ដោយអ្នកជំនាញបុរាណវិទ្យា នៃសហការជាមួយសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋ​អាមេរិកធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ដែលមានទីតាំងស្ថិតនៅខាង​លិចប្រាសាទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ គំហើញថ្មីៗនេះជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ ការយល់ដឹងពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រខ្មែរពីអតីតកាលដល់បច្ចុប្បន្ន ព្រមទាំងរួមចំណែកការពារបុរាណដ្ឋានលើតំបន់ដែលកំពុងអភិវឌ្ឍន៍។

លោក បានឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន៥រណ្តៅ ទំហំ១គុណ២ម៉ែត្រ នៅលើទួលដូនប៉ុកផងនិងនៅលើគោកមនុស្សរស់នៅក្បែរទួលនេះផង។ ជាលទ្ធផល រណ្តៅកំណាយនៅទួលដូនប៉ុកបានរកឃើញគ្រឹះប្រាសាទធ្វើពីថ្មបាយក្រៀមពីខាងក្រោមនិងឥដ្ឋនៅពីខាងលើដែលកប់ក្នុងដីជម្រៅជាង១ម៉ែត្រ ដែលមានសសរពេជ្រពណ៌ផ្កាឈូក២កំណាត់និងគំនរថ្មភក់នៅក្នុងខ្ទមអ្នកតា។ តាមការសន្និដ្ឋាន ប្រាសាទគោកដូនប៉ុកបានកសាងឡើងក្នុងស.វ.ទី១០ មានអាយុប្រហាក់ប្រហែលទៅនឹងប្រាសាទបន្ទាយស្រីនិងប្រាសាទព្រះឥន្ទ្រកោសីយ៍ ដែលជាទីសក្ការៈរបស់មនុស្សនាសម័យនោះ។

លោកបន្តថា តាមរយៈលទ្ធផលកំណាយ ប្រាសាទឥដ្ឋនេះដួលរលំនៅរវាងស.វ.ទី១២ឬ១៣ និងលែងជាកន្លែងប្រារព្ធពិធីសាសនាធំដុំទៀតហើយ ពោលគឺនៅត្រឹមតែជាគោកអ្នកតាប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះ ប្រហែលជួនគ្នានឹងការកសាងវត្តអធ្វានាស.វ.ទី១២ឬទី១៣ដែរ ដោយមនុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។ ក្រៅពីនោះ ទាំងក្នុងរណ្តៅនៅទួល​ដូនប៉ុកនិងគោកភូមិ ក៏ឃើញមានបំណែកកុលាលភាជន៍ចិនពីស.វ.ទី១២ដល់ទី១៧ និងភាជន៍ខ្មែរផលិតនៅតំបន់នគររាជ ភ្នំគូលែន និងជើងឯកនៅស.វ.ទី១០និង១៣ មានភាជន៍ផុយ ភាជន៍រឹងមានស្រទាប់រលោង និងគ្មានស្រទាប់រលោង រួមទាំងរបស់ប្រើប្រាស់ផ្សេងៗ។ទាំងនេះបញ្ជាក់ថា ទីតាំងដែលពួកគាត់រស់នៅសព្វថ្ងៃ (ទួលដូនប៉ុក) ជាភូមិចាស់តពីដូនតានិងមានមនុស្សរស់នៅតគ្នាជាង១០០០ឆ្នាំមកហើយ ពោលគឺតាំង​ពី​ស.វ.ទី១០ដែលមានសំណង់ប្រាសាទឥដ្ឋចំនួន១ និងមានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។ ចំណែកបំណែកកុលាលភាជន៍បង្ហាញឱ្យដឹងថា វត្តមានមនុស្សរស់នៅទួលដូនប៉ុកមានយ៉ាងតិចដល់ស.វ.ទី១៨។

លោក វិទូ ភិរម្យ បុរាណវិទូនៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្តល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមរយៈលទ្ធផលកំណាយនៅទួលដូនប៉ុក គឺបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការរៀបចំភូមិកររបស់មនុស្សសម័យបុរាណនៅភាគខាងត្បូងអង្គរ ដែលប្រាសាទគឺជាមជ្ឈមណ្ឌលសំខាន់នៃសហគមន៍មួយ។ ប្រាសាទមានមនុស្សថែរក្សានិងរស់នៅជុំវិញ មានការប្រើប្រាស់សម្ភារផ្សេងៗដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃនិងកិច្ចបូជា។ រីឯបំណែកកុលាលភាជន៍អាចឱ្យយើងស្វែងយល់ពីសេដ្ឋកិច្ចនិងការរស់នៅរបស់មនុស្សពីសម័យបុរាណ។ លើសពីនេះ យើងបានដឹងពីចលនាពាណិជ្ជកម្មនិងការប្រើប្រាស់ភាជន៍នាំចូលមកពីស្រុកចិន ដូចជាក្នុងរាជវង្សម៉េងនិងឆេង (តិចតួច) ភាជន៍បៃតងក្នុងរាជវង្សយួននិងសុង រួមទាំងប្រភេទភាជន៍រឹងផលិតក្នុងស្រុកផង។ល។

លោក ភិរម្យ បន្តថា លទ្ធផលទាំងអស់នេះនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ត្បិតនៅជាលទ្ធផលបឋម ហើយយើងក៏មានគម្រោងស្រាវជ្រាវនាពេលអនាគតដើម្បីស្វែងយល់អំពីទំហំនៃខឿនប្រាសាទដែលយើងឃើញតើវាមានទំហំប៉ុណ្ណា បើប្រៀបធៀបនឹងប្រាសាទផ្សេងៗក្នុងសម័យដំណាលគ្នានោះ? តើនេះជាប្រព័ន្ធនៃការរៀបចំភូមិករនិងប្រាសាទនាស.វ.ទី១០ឬយ៉ាងណា?

បុរាណវិទូខាងលើក៏បានឱ្យដឹងដែរ តាមរយៈកិច្ចសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ គឺជាឱកាសដ៏ល្អមួយសម្រាប់ផ្សព្វផ្សាយនិងការពារបុរាណដ្ឋានដែលស្ថិតនៅភាគខាងត្បូងអង្គរ ត្បិតតំបន់នេះសព្វថ្ងៃកំពុងអភិវឌ្ឍន៍ខ្លាំង ហើយតម្រូវការប្រើប្រាស់ដីធ្លីក៏ខ្ពស់ដែលអាចបង្កហានិភ័យខ្ពស់ដល់បុរាណដ្ឋាននៅក្នុងតំបន់នេះដែរ។ ដូច្នេះ តាមរយៈសកម្មភាពនៃការស្រាវជ្រាវតាមបែបបុរាណវិទ្យាមួយនេះ យើងអាចបង្ហាញពន្យល់ប្រជាពលរដ្ឋឱ្យយល់ពីតម្លៃនិងឱ្យចេះស្រឡាញ់ ការពារសម្បត្តិដូនតា កុំឱ្យមានការបំផ្លិចបំផ្លាញ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...