គ្រូបង្រៀនឆ្នើមថ្នាក់កំរិតបឋមសិក្សានៅខេត្ដសៀមរាប និងខេត្ដបាត់ដំបងចំនួន១២នាក់ ត្រូវបានអង្គការស៊ីប៊ីយ័ន បរឌឺរ ផ្ដល់ពានរង្វាន់ជូន

ដោយ:គូលែន/សៀមរាប ៖ គ្រូបង្រៀនឆ្នើមថ្នាក់កំរិតបឋមសិក្សានៅខេត្ដសៀមរាប និងខេត្ដបាត់ដំបង ចំនួន១២នាក់ ត្រូវបានអង្គការស៊ីប៊ីយ័ន បរឌឺរ ផ្ដល់ពានរង្វាន់ជូន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។

លោក ភឹង ពៅ ប្រធានអង្គការស៊ីប៊ីយ័ន បរឌឺរ បាននិយាយថា អង្គការស៊ីប៊ីយ័ន បរឌឺរ ( Seebeyon Border) ជាអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការផ្នែកវិស័យអប់រំនៅខេត្ដសៀមរាប និងខេត្ដបាត់ដំបង បានសម្រេចផ្ដល់ពានរង្វាន់ជូនគ្រូបង្រៀនឆ្នើម ឬវីរៈគ្រូបង្រៀន ផ្នែកកំរិតបឋមសិក្សាចំនួន១២នាក់ ក្នុងនោះមានស្រី១០នាក់ មកពីខេត្ដបាត់ដំបងចំនួន០៦នាក់ និងនៅខេត្ដសៀមរាបចំនួន០៦នាក់ ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ ដែលបានអប់រំកុមារនៅកំរិតបឋមសិក្សាបានល្អ ទៅលើមុខវិជ្ជាភាសារខ្មែរ និងគណិតវិទ្យា ដែលធ្វើឲ្យសិស្សទទួលបានលទ្ធផលល្អក្នុងការសិក្សា។

លោកបានបន្តថា វីរៈគ្រូបង្រៀនឆ្នើមទាំង១២នាក់ ពួកគាត់ទាំងអស់គ្នានេះ ត្រូវបានអង្គការរកឃើញថា ពួកគាត់ជាគ្រូឆ្នើម ដែលបានអប់រំកុមារឲ្យមានគុណភាពល្អ និងសមត្ថភាពល្អ និងជាគ្រូបង្រៀនបានយកចិត្ដទុកដាក់ ពីសុខុមាលភាពសិស្សនៅក្នុងថ្នាក់រៀន ដែលបានធ្វើសិស្សានុសិស្សទទួលបានលទ្ធផលក្នុងការសិក្សា ហើយក៏ជាលើកទី១ផងដែរ នៅក្នុងប្រទេសកម្ពុជា សម្រាប់ការផ្ដល់ពានរង្វាន់ជូនគ្រូបង្រៀនឆ្នើមថ្នាក់កំរិតបឋមសិក្សា ។

លោក បានឲ្យដឹងទៀតថា កម្មវិធីគ្រូល្អនេះជារឿងតូច តាច ប៉ុន្ដែចង់បង្ហាញពីវីរៈភាពជាគ្រូបង្រៀនគាត់មានការប្ដេជ្ញាខ្ពស់ក្នុងការបង្រៀន ក៏ដូចជាការយកចិត្ដទុកដាក់អប់រំក្មេង បណ្ដុះឆន្ទៈ ជាពលរដ្ឋល្អ មានភាពច្នៃប្រឌិត ចេះសាមគ្គីគ្នា មានចំណេះដឹងល្អ អំពើល្អ បណ្ដុះគំនិតឥរិយាបថឲ្យមានការផ្លាស់ប្ដូរ ដែលសកម្មភាពទាំងនោះ បានធ្វើឲ្យមានការស្ងប់ស្ញែងយ៉ាងខ្លាំងរបស់គម្រោង នៃអង្គការស៊ីប៊ីយ័នបរឌឺរនេះ ហើយការផ្ដល់ពានរង្វាន់គ្រូល្អនេះ ដើម្បីលើកទឹកចិត្ដដល់គ្រូបង្រៀនទាំង១២នាក់នោះ ហើយការផ្ដល់ពានរង្វាន់គ្រូឆ្នើមនេះ ជាលក្ខណៈអន្ដរជាតិ ដែលមានគ្រូអន្ដរជាតិក៏បានជួយលើកទឹកចិត្ដដល់គ្រូខ្មែរផងដែរ។

លោក បានឲ្យដឹងបន្ថែមទៀតថា អង្គការស៊ីប៊ីយ័នបរឌឺរ បានធ្វើការលើកកម្ពស់ផ្នែកវិស័យអប់រំតាំងពីឆ្នាំ២០០៩ ដែលទទួលស្គាល់ដោយក្រសួងអប់រំរបស់ប្រទេសអូស្ដ្រាលី ដែលមានអនុស្សរណៈ យោគយល់គ្នាជាមួយក្រសួងអប់រំយុវជននិងកីឡានៃប្រទេសកម្ពុជា ធ្វើការជាមួយសហគមន៍ជនបទនៃសាលាបឋមសិក្សា ដែលបានអនុវត្ដកន្លងមកមានជាង៨០សាលា ស្ថិតនៅខេត្ដសៀមរាប និងខេត្តបាត់ដំបង ដោយមានលោកគ្រូអ្នកគ្រូចូលប្រមាណជាង៤០០នាក់៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular