នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាហួរវេ(Huawei)របស់ចិនកាលពីថ្ងៃចន្ទទី២០មករាបានធ្វើដំណើរទៅកាន់តុលាការដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើបត្យាប័ន(បញ្ជូនខ្លួន)លោកស្រីទៅកាន់សហរដ្ឋអាម៉េរិក។
លោកស្រីម៉េង វ៉ាន់ចូវ នាយកផ្នែកហិរញ្ញវត្ថុរបស់ហួរវេនិងជាកូនច្បងរបស់ស្ថាបនិកក្រុមហ៊ុន ត្រូវអាជ្ញាធរអាម៉េរិកត្រូវការចាប់ខ្លួនចំពោះទោសកំហុសឆបោក។ដើម្បីទទួលបានសេរីភាពមកវិញ ភាគីរបស់«ព្រះអង្គម្ចាស់ក្សត្រិយហួរវេ»រូបនេះ ត្រូវតែពន្យល់បញ្ចុះបញ្ចូលអោយចៅក្រមកាណាដា ជឿថាការចោទប្រកាន់របស់អាម៉េរិក ដែលថាក្រុមហ៊ុនរំលោភទណ្ឌកម្មលើអ៊ីរ៉ង់ មិនមានតំលៃផ្លូវច្បាប់នៅកាណាដានិងជាការចោទប្រកាន់ក្រោមហេតុផលនយោបាយ។
អាម៉េរិកចោទប្រកាន់លោកស្រីម៉េងថាកុហកធនាគារHSBCអំពីទំនាក់ទំនងរបស់ក្រុមហ៊ុនហួរវេជាមួយក្រុមហ៊ុនSkycomរបស់អ៊ីរ៉ង់ ជាហេតុនាំអោយធនាគារមួយនេះប្រឈមនឹងការរំលោភទណ្ឌកម្មរបស់អាម៉េរិកទៅលើរដ្ឋាភិបាលក្រុងតេអេរ៉ង់។តែម៉េង បានបដិសេធការចោទប្រកាន់។
លោកស្រីម៉េង វ៉ាន់ចូវ បានបង់ប្រាក់ធានាខ្លួននៅក្រៅឃុំ និងកំពុងស្នាក់នៅក្នុងភូមិគ្រិះរបស់លោកស្រីនៅទីក្រុងវែនខូវើអស់ពេល១ឆ្នាំមកនេះដើម្បីរង់ចាំការឡើងតុលាការ។
ការចាប់ខ្លួនលោកស្រីម៉េងកើតឡើងចំពេលលោកស្រីធ្វើដំណើរពីហុងកុងទៅម៉ិកស៊ិចកាលពីខែធ្នូឆ្នាំ២០១៨ និងឈប់តជើងយន្តហោះនៅកាណាដា។ការចាប់ខ្លួនស្ត្រីវ័យ៤៧ឆ្នាំរូបនេះ បានធ្វើអោយទំនាក់ទំនងការទូតរវាងចិននិងកាណាដាធ្លាក់ចុះខ្លាំង។ចិនបានចាប់ខ្លួនជនជាតិកាណាដា២រូបចំពោះបទល្មើសផ្សេងគ្នា និងរឹតត្បិតការនាំចេញកសិផលកាណាដាមកកាន់ចិន។
ក្នុងពេលជាមួយគ្នា ឯកអគ្គរដ្ឋទូតចិនប្រចាំកាណាដា បាននិយាយថា ការដោះលែងលោកស្រីម៉េង ជាលក្ខខណ្ឌជាមុនមួយសំរាប់ការធ្វើអោយល្អប្រសើរឡើងវិញនូវទំនាក់ទំនងទ្វេភាគី។ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងអូតាវ៉ា(កាណាដា)នៅតែនិយាយថា ខ្លួនមិនជ្រៀតជ្រែកដំណើរការតុលាការទេ។
សវនាការនេះត្រូវធ្វើ៥ថ្ងៃ ហើយបើសិនជារកឃើញថាម៉េងបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនៅកាណាដា តុលាការនឹងដំណើរការដំណាក់កាលបន្ទាប់នៅខែមិថុនា គឺសវនាការលើការចោទប្រកាន់ថា ការចាប់ខ្លួនលោកស្រីម៉េង ជាការសមគំនិតមួយ។ក្រោយមកទៀតនៅឆ្នាំនេះតុលាការនឹងថ្លឹងថ្លែងភស្តុតាងក្នុងករណីចោទប្រកាន់ឆបោករបស់អាម៉េរិក។
បើមានការប្តឹងឧទ្ធរណ៍ ក្តីក្តាំនេះនឹងអូសបន្លាយពេលរាប់ឆ្នាំ។
រេន ហ្សេងហ្វេ ស្ថានិករបស់ហួរវេ និងជាឪពុករបស់លោកស្រីម៉េង បាននិយាយថា ករណីនេះជាផ្នែកនៃផែនការអាក្រក់របស់អាម៉េរិកដើម្បីកំទេចក្រុមហ៊ុនហួរវេដោយសារអាម៉េរិកមើលឃើញថាក្រុមហ៊ុនចិនមួយនេះជាហានិភ័ខាងសន្តិសុខមួយ។លោកបានប្រាប់សារព័ត៌មានCNNថា«ម៉េងប្រៀបដូចជាកូនស្រមោចមួយជាប់ក្នុងចន្លោះបុកគ្នានៃយក្សពីរ»៕ប្រែសម្រួល៖វាសនា
ម៉េង វ៉ាន់ចូវ ចេញពីរថយន្ត នៅភូមិគ្រិះរបស់លោកស្រីនៅក្រុងវែនខូវើ ក្រោយបង្ហាញខ្លួននៅតុលាការ