កងទ័ពហ្វីលីពីនកាលពីថ្ងៃអាទិត្យទី១៩មករាបាននិយាយថាខ្លួនបានធ្វើប្រតិបត្តិការជួយសង្គ្រោះអ្នកនេសាទឥណ្ឌូនេស៊ី៥ នាក់ដែលត្រូវបានចាប់ពង្រត់ដោយពួកក្រុមសកម្មប្រយុទ្ធអាប៊ូសាយយ៉ាហ្វដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋអ៊ីស្លាមនៅក្នុងដែនទឹកនៃប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍មុន។
ឧត្តមសេនីយ៍ស៊ីរីលីតូ សូបេចាណា បាននិយាយថា ជនជាតិឥណ្ឌូនេស៊ី៨នាក់ ត្រូវបានចាប់ពង្រត់នៅរដ្ឋសាបា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមនុស្ស៣នាក់ ត្រូវបានដោះលែង។ មនុស្ស៥នាក់ដែលនៅសល់នោះ ទំនងជាត្រូវបាននាំខ្លួនដោយក្រុមអ្នកចាប់ពង្រត់នេះ ទៅកាន់ខេត្តស៊ូលូ នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។
ខេត្តស៊ូលូ ជាតំបន់រឹងមាំរបស់ ក្រុមអាប៊ូសាយយ៉ាហ្វ។
លោក ស៊ីរីលីតូ សូបេចាណាបានដឹងការចាប់ពង្រត់នេះ គឺមួយថ្ងៃបន្ទាប់ពីទាហានបានប៉ះទង្គិចជាមួយសមាជិកនៃក្រុមអាប៊ូសាយយ៉ាហ្វ នៅកោះមួយ នៅខេត្តស៊ូលូ ដោយបានសម្លាប់ជនសកម្មប្រយុទ្ធម្នាក់និងបំផ្លាញទូកមួយដែលគេជឿថាបានប្រើក្នុងការចាប់ពង្រត់នេះ។
ក្រុមអាជ្ញាធរម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបានសហការជាមួយកងទ័ពហ្វីលីពីនបន្ទាប់ពីការចាប់ពង្រត់នេះ៕ប្រែសម្រួល៖សុខា/sn

ពួកសកម្មប្រយុទ្ធអាប៊ូសាយយ៉ាហ្វ ល្បីខាងចាប់ជំរិតមនុស្សជាយូរឆ្នាំមកហើយដើម្បីការតស៊ូរបស់គេ