ឆេះ​រថយន្ត​១​គ្រឿង​និង​ប្រេង​ជិត​២​ពាន់​លី​ត្រស​ត្ថ​កិច្ច​ចុះជួយ​ធ្វើ​អន្តរាគមន៍​ទាន់​

243
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រថយន្ត​មួយគ្រឿង​ដែលមាន​ផ្ទុក​ប្រេង​ឥន្ទ​នៈ​ពីរ​ប្រភេទ​និង​មាន​ចំណុះ​ជិត​២.០០០​លីត្រ​បាន​រង​ការឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​។​ប៉ុន្តែ​ការឆាបឆេះ​នេះ​បាន​រលត់ទៅវិញ​ទាំងស្រុង​បន្ទាប់ពី​កម្លាំង​នគរបាល​បង្កា​និង​ពន្លត់​អគ្គិភ័យ​ខេត្ត​និង​ក្រុង​ព្រះវិហារ​ចុះ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ បាន​ទាន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ទីតាំង​មួយកន្លែង​ស្ថិត​ក្នុងភូមិ​កំពង់ចម្លង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​កាលពី​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​២០​មករា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ជំនាញ​ខេត្តព្រះវិហារ​បាន​ប្រាប់​ឱ្យដឹងថា​ពិត​ជាមាន​រថយន្ត​មួយគ្រឿង​ដឹក​ប្រង​ឥន្ទ​នៈ បាន​រង​ការឆាបឆេះ​ជា​រថយន្ត​ប្រភេទ​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ និង​មាន​ចំណុះ​១​តោន​កន្លះ​។​លោក​ថា នៅលើ​រថយន្ត​មាន​ផ្ទុក​ទៅដោយ​ប្រេង​ឥន្ទ​នៈ​ពីរ​ប្រភេទ គឺ ប្រភេទ​ប្រេងសាំង មាន​ចំនួន ១០​កាន ស្មើនឹង​ចំណុះ ៣០០​លីត្រ និង​ប្រេងម៉ាស៊ូត ចំនួន ៣៥​កាន ស្មើនឹង​ចំណុះ ១​ពាន់ ៣៥០​លីត្រ​។​

​សរុប ប្រេង​ទាំងពីរ​ប្រភេទ មាន​ចំនួន ៤៥​កាន ស្មើនឹង​ចំណុះ ១​ពាន់ ៨៥០​លីត្រ ទាំង​រថយន្ត និង​ប្រេង បាន​រង​ការឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង​។ រីឯ ជនរងគ្រោះ​ពី​ការឆេះ​រថយន្ត និង​ប្រេង​ឥន្ទ​នៈ​នោះ ប្តី​ឈ្មោះ​ផៃ​ជឿន​អាយុ​៣៥​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​សួន​រដ្ឋា​អាយុ​២៨​ឆ្នាំ​មុខរបរ​លក់ដូរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ហេតុការណ៍នេះបង្កឡើងពីឆ្លងចរន្តភ្លើងរថយន្តទើបកើតជាអគ្គិភ័យនេះ។

លោក​បាន​បន្តថា​នៅក្នុងពេល​ប្រតិបត្តិការ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ២​គ្រឿង​ប្រើប្រាស់​ទឹក​អស់​៩.០០០​លីត្រ​គ្រាប់បែក​ពន្លត់​អគ្គិភ័យ​២០​គ្រាប់​និង​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​១៥០​នាក់​ដើម្បី​ពន្លត់ភ្លើង​ដែល​ឆាបឆេះ​នោះ​ហើយ​ភ្លើង​បាន​រលត់​ជា​ស្ថាពរ​ដោយ​មិន​បង្ករ​ប៉ះពាល់​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នោះឡើយ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ