ដោយៈ មុនីរ័ត្ន/ភ្នំពេញៈក្រសួងអប់រំ យុវជន និងកីឡា បានប្រញាប់ចេញសេចក្ដីណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រោយអំពើហិង្សារវាងសិស្សសាលាបង្ហោះតាមបណ្តាញសង្គមកន្លងមកនេះ បានបង្កការភ្ញាក់ផ្អើលជាសាធារណៈ។
មានករណីបីធំៗចុងក្រោយនេះ ដែលបណ្តាញសារព័ត៌មានអេឡិចត្រូនិក,សារព័ត៌មានបោះពុម្ពនិងបណ្តាញសង្គមបានបង្ហោះនៅខែធ្នូ និងខែមករានូវអំពើហិង្សាសិស្សវាយលើអ្នកទន់ខ្សោយនៅស្រុកមេសាងខេត្តព្រៃវែង, ករណីមួយទៀតនៅវិទ្យាល័យផ្សារដើមថ្កូវ រាជធានីភ្នំពេញ និងករណីចុងក្រោយកើតឡើងនៅខណ្ឌបឹងកេងកង។
សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃ២០ ខែមករា ឆ្ននាំ២០២០ បានណែនាំគ្រឹះស្ថានសិក្សាត្រូវពង្រឹងការអនុវត្តភារកិច្ចរបស់គ្រូទទួលបន្ទុកថ្នាក់ លោកគ្រូ អ្នកគ្រូបង្រៀនតាមមុខវិជ្ជាឲ្យណែនាំសិស្សានុសិស្ស អនុវត្តបទបញ្ជាផ្ទៃក្នុងរាល់ ម៉ោងធ្វើការ និងពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាយុវជន កុមារ ក្រុមប្រឹក្សាវិន័យ ក្រុមប្រឹក្សាអប់រំ ដើម្បីមានវិធាន ការទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពមិនប្រក្រតីរបស់សិស្ស។
សេចក្តីជួនដំណឹងបានណែនាំគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវប្រជុំណែនាំអំពីករណីយកិច្ចរបស់អ្នកសិក្សាដូចជា វិន័យ សីលធម៌ សុជីវធម៌ ការស្លៀក ពាក់ ការតុបតែងខ្លួន អនាម័យ កម្រិតវិន័យ ការសុំច្បាប់ឈប់សម្រាក, របបពិន្ទុការឡើងថ្នាក់ ត្រួតថ្នាក់ និង ការចួលរួមសកម្មនានាក្នុងនិងក្រៅគ្រឹះស្ថានសិក្សា ដល់សិស្សានុសិស្សរៀងរាល់ពេលគោរពទង់ជាតិ ឬមុន ពេលចាប់ផ្ដើមបង្រៀនស្របតាមបទបញ្ជាផ្ទៃក្នុង។ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវធ្វើទំនាក់ទំនងនិងសហ ការជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាល សហគមន៍ ដើម្បីផ្ដល់ព័ត៌មាននានាពាក់ពន្ធ័នឹងបាតុភាពមិន ប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំ ណែនាំ កែលម្អ បានទាន់ពេលវេលា។ គណៈ គ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវសហការជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចដូចជាកម្លាំងនគរបាលជាតិ កងរាជ អាវុធហត្ថ អាជ្ញាធរដែនដី ដើម្បីផ្ដល់ព័ត៌មានក្នុងករណីមានការប្រព្រឹត្តអំពើអន្ធពាល អំពើហឹង្សា សកម្មភាពអុក ឡុកបង្កចលាចលនានា ពីសំណាក់សិស្សានុសិស្ស ឬក្រុមក្មេងទំនើងនៅក្បែរ ឬក្នងបរិវេណគ្រឹះស្ថានសិក្សា៕សរន

