ដោយៈប.ខុន/ភ្នំពេញៈឆ្នេរអូរត្រេះ១និងអូរត្រេះ២មានប្រវែងសរុបជា៣.៥០០ម៉ែត្រដែលកន្លងទៅបានប្រើប្រាស់ផ្តាច់មុខដោយអ្នកលក់ដូរចំនួន៦២តូបភាគច្រើនជួលឱ្យជនបរទេសបើកហាងលក់ដូរ។បច្ចុប្បន្នត្រូវរដ្ឋបាលខេត្តព្រះសីហនុបញ្ចប់សកម្មភាពទាំងស្រុងហើយយកឆ្នេររបស់រដ្ឋនេះមករៀបចំ ជាឆ្នេរសម្រាប់សាធារណៈឱ្យប្រជាពលរដ្ឋមកពីគ្រប់ទិសទីប្រើប្រាស់ដោយមិនចាំបាច់បង់ថ្លៃអង្គុយ។
រោងស្នាក់នៅនិងលក់ដូរលើឆ្នេរអូត្រេះដែលជាឆ្នេរសាធារណៈរបស់រដ្ឋត្រូវបានធ្វើការបោសម្អាតដោយរដ្ឋបាលក្រុងព្រះសីហនុបន្ទាប់ពីផុតកំណត់នៃការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុឱ្យរុះរើ ឱ្យអស់ត្រឹមថ្ងៃទី១៤ខែមករាឆ្នាំ២០២០។ការអនុវត្តវិធានការរដ្ឋបាលរបស់ខេត្តព្រះសីហនុក្នុងការរុះរើរោងស្នាក់នៅនិងលក់ដូរលើឆ្នេរអូរត្រេះនេះធ្វើឱ្យមានប្រតិកម្មតវ៉ាពីអ្នកមានផលប្រយោជន៍ពីឆ្នេររបស់រដ្ឋនេះតែក៏មានការគាំទ្រយ៉ាងច្រើនមជ្ឈដ្ឋានមហាជនចំពោះសកម្មភាពរបស់អាជ្ញាធរដែលបានរៀបចំឆ្នេរនេះទុកជាឆ្នេរសាធារណៈ ។
លោកអ៊ីសុខឡេងអភិបាលក្រុងព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២០ថា ឆ្នេរអូត្រេះដែលមានប្រវែងជាង៣គីឡូម៉ែត្រ កំពុង ត្រូវបានរៀបចំសម្អាតធ្វើជាឆ្នេរសាធារណៈនេះ បានធ្វើឱ្យមានការគាំទ្រទាំងថ្នាក់ដឹកនាំនិងមហាជនទូទៅយ៉ាងខ្លាំង។កន្លងទៅរដ្ឋបាលក្រុងក៏ដូចជារដ្ឋបាលខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការទប់ស្កាត់មិនឱ្យមានការសាងសង់សំណង់អ្វីរឹងមាំនៅលើឆ្នេររបស់រដ្ឋមួយនេះ។
លោកគួចចំរើនអភិបាលខេត្តព្រះសីហនុបានប្រាប់រស្មីកម្ពុជាឱ្យដឹងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២០ថារោងនិងតូបលក់ដូរមិនរៀបរយនៅលើឆ្នេរអូរត្រេះត្រូវបានរុះរើចេញអស់ហើយតែអ្វីដែលនៅសល់គឺកាកសំណល់បន្ទាប់អណាម័យជាង១០០អណ្តូងដែលគេបានជីកនៅលើឆ្នេរខ្សាច់និងសំរាមរាប់សឹបរថយន្តត្រូវ បូម ជីកកាយនិងដឹកចេញមុនធ្វើការឈូសសម្អាតឆ្នេរនេះឱ្យស្អាតឡើងវិញ។
លោកអភិបាលខេត្តបញ្ជាក់ថាឆ្នេរដែលបានឱ្យអ្នកស្នាក់នៅនិងលក់ដូរចាកចេញអស់ហើយនេះមានប្រវែង៣.៥០០ម៉ែត្រត្រូវរៀបចំឱ្យមានបន្ទប់ទឹកសាធារណៈសម្រាប់ប្រជាពលរដ្ឋពីតាមបណ្តាខេត្តនានាមកលេងកម្សាន្ត។ឆ្នេរនេះគ្មានរោងសម្រាប់លក់ដូរទេគឺរក្សាទុកឱ្យនៅជាលំហមើលពីផ្លូវដែលកំពុងសាងសង់ទៅគឺឃើញឆ្នេរសមុទ្រស្ងាត។ប្រជាពលរដ្ឋមកលេងដោយក្រាលកន្ទេលឬបោះតង់ដោយគ្មានបង់ថ្លៃតូចដូចពីមុនទៀតឡើយតែត្រូវចូលរួមសម្អាតបរិស្ថានមុនពេលចាកចេញទៅវិញ។
រំលឹកឱ្យដឹងថាឆ្នេរសមុទ្រនៅក្រុងព្រះសីហនុកាលពីមុនភាគច្រើនគឺកាន់កាប់ដោយអ្នកលក់ដូរនៅលើឆ្នេរទាំងនោះ អ្នកមកលេងឆ្នេរបើមិនទិញទំនិញនៅ កន្លែងណាមួយដែលគេលក់លើឆ្នេរនោះទេ គឺគ្មានកន្លែងអង្គុយបើចង់អង្គុយត្រូវជួលតូបឬគ្រែពីអ្នកលក់ដូរទាំងនោះ។កន្លែងអង្គុយត្រូវបានឡើងថ្លៃនៅថ្ងៃបុណ្យ មានភ្ញៀវច្រើន និង ពេលខ្លះគេមិនជួលឱ្យទៀតផង បើមិនទិញម្ហូបអាហារកន្លែង គេនោះ។
ទំនាស់ថ្លៃតូបនិងប្ហូមអាហាតែងកើតមានជារឿយៗនៅតាមបណ្តាឆ្នេរទាំងនោះពេលមានភ្ញៀវច្រើនមកលេងសមុទ្រ។នេះនៅមិនទាន់និយាយដល់ការខូចបរិស្ថានតំបន់ឆ្នេរដោយសារការលក់ដូរនិងការស្នាក់នៅអចិន្ត្រៃយ៍លើតំបន់តាមឆ្នេរនោះផង។ផ្តើមចេញពីបញ្ហាបែបនេះហើយដែលនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាមិនអនុញ្ញាត្តឱ្យមានការសាងសង់រោងលក់ដូរនិងស្នាក់នៅលើតំបន់ឆ្នេរនោះ។
លោកគួចចំរើននិយាយឱ្យដឹងទៀតថាមួយខែទៀតពលរដ្ឋមកលេងក្រុងព្រះសីហនុកាន់តែមានភាពងាយស្រួលហើយដល់ពេលនេះមានផ្លូវងាយស្រួលធ្វើដំណើរមកដល់តាមឆ្នេរនិងមានឆ្នេរលេងកម្សាន្តស្រឡះភ្នែកអាចមើលបានក្នុងពេលចូលឆ្នាំខ្មែរខាងមុខនេះ។ពេលនេះក្រុងព្រះសីហនុមានឆ្នេរសាធារណៈ ដល់ ជិត៧គីឡូម៉ែត្រកំពុងត្រូវបានរៀបចំសម្រាប់មហាជនមកលេងកម្សាន្ត។
រំលឹកឱ្យដឹងថារដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២០លោកគួចចំរើនអភិបាលខេត្តព្រះសីហនុសូមជម្រាបជូនសម្តេចទ្រង់ឯកឧត្តមលោកជំទាវលោកលោកស្រីសាធារណជននិងអ្នកសារព័ត៌មានឱ្យបានជ្រាបថា៖កន្លងមករដ្ឋបាលខេត្តបានចេញលិខិតជូនដំណឹងលេខ៤៧៣/១៩សជណចុះថ្ងៃទី៤ខែធ្នូឆ្នាំ២០១៩ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរនិងអាស្រ័យផលនៅលើឆ្នេរអូរឈើទាល(អតីតអារីស្តុន)និងឆ្នេរអូរត្រេះមានទីតាំងស្ថិតនៅភូមិ៤និងភូមិ៦សង្កាត់លេខ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុឱ្យរុះរើតូបរោងនិងស្តង់លក់ដូរចេញពីលើឆ្នេរ។
បន្ទាប់ពីទទួលបានបានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុរួចមកបងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរនៅលើឆ្នេរអូរឈើទាល(អតីតឆ្នេរអារីស្តុន)បានចូលរួមសហការជាមួយអាជ្ញាធរដោយបានធ្វើការរុះរើតូបរោងនិងស្តង់លក់ដូររបស់ខ្លួនទាំង១២៦តូបជាស្ថាពរ។ដោយគ្មានការតវ៉ានិងគ្មានបង្កអំពើហិង្សាអ្វីឡើយព្រមទាំងបានចូលរួមធ្វើការសម្អាតឆ្នេរខ្សាច់វិលមករកសភាពស្រស់ស្អាតឡើងវិញថែមទៀត៕S/