គណៈកម្មាធិការសុខាភិបាលចិនកាលពីថ្ងៃចន្ទទី២០មករា បាននិយាយថា បុគ្គលិកពេទ្យបានឆ្លងកូរ៉ូណាវីរុសដែលគេរកឃើញលើកដំបូងនៅទីក្រុងវូហាន ដែលប្រការនេះវាបញ្ជាក់ថា វីរុសអាថ៌កំបាំងនេះអាចចម្លងពីមនុស្សទៅមនុស្ស។
គ្រូពេទ្យផ្លូវដង្ហើម លោក ហ្សុង ណាន់សាន់ ដែលបានរកឃើញកូរ៉ូណាវីរុសសា(Sars)នៅឆ្នាំ២០០៣ និងឥឡូវកំពុងដឹកនាំគណៈកម្មាធិការសុខាភិបាលចិន បាននិយាយថា«ស្ថានភាពបច្ចុប្បន្នគឺថា វាលែងជាវីរុសដែលចម្លងត្រឹមតែពីសត្វទៅមនុស្ស តែពីមនុស្សទៅមនុស្សតែម្តង»។
លោកបាននិយាយយោងដល់ករណីមួយនៅខេត្តក្វាងទុង ដែលអ្នកជំងឺមិនដែលទៅក្រុងវូហាន តែឆ្លងវីរុសនេះពីសមាជិកគ្រួសារម្នាក់។លោកហ្សុងក៏បាននិយាយថា បុគ្គលិកពេទ្យ១៤នាក់ដែលជួយព្យាបាលអ្នកជំងឺបានឆ្លងដែរ។
សមាជិកម្នាក់ទៀតនៃគណៈកម្មាធិការជំនាញនេះ គឺអ្នកជំនាញខាងវីរុស លោកហ្កាវ ហ្វ៊ុយ បាននិយាយថា«វីរុសនេះកំពុងប្រែប្រួល។វាចេះសម្របខ្លួនទៅនឹងបរិយាកាសនិងមនុស្ស»។
វីរុសរលាកសួតថ្មីនេះ បានសម្លាប់មនុស្ស៣នាក់និងចម្លងមនុស្សសរុប២១៨នាក់។វាបានរាលដាលទៅដល់ទីក្រុងប៉េកាំង សៀងហៃ សិនចិន និងខេត្តក្វាងទុង។គិតមកត្រឹមល្ងាចថ្ងៃចន្ទ កូរ៉ូណាវីរុសបានបង្ហាញខ្លួនលើមនុស្ស៥នាក់នៅប៉េកាំងនិង១៤នាក់នៅក្វាងទុង ខណៈនៅក្រុងវូហានកើនដល់១៩៨។
ក្រុងសៀងហៃ ក៏បានរាយការណ៍អំពីការរកឃើញវីរុសនេះនៅក្នុងខ្លួនអ្នកជំងឺម្នាក់ជាលើកដំបូង។ករណីនៅសៀងហៃ ទីក្រុងដែលមានប្រជាជន២៤,២លាននាក់វីរុសនេះកើតលើស្ត្រីវ័យ៥៦ឆ្នាំម្នាក់មកពីក្រុងវូហាន ក្នុងខេត្តហ៊ុយបេ។គាត់បានបង្ហាញរោគសញ្ញាក្តៅខ្លួននិងអស់កម្លាំងតាំងពីថ្ងៃ១៥មករា ក្រោយវិលត្រឡប់មកពីក្រុងវូហាន និងទើបរកឃើញថាកើតជំងឺរលាកសួតបង្កឡើងពីកូរ៉ូណាវីរុស2019-nCoV កាលពីថ្ងៃចន្ទ ទី២០មករា។
ទូរទស្សន៍ចិនក៏បានរាយការណ៍ករណីសង្ស័យឆ្លងវីរុសនេះ២ករណីនៅខេត្តស៊ីឈ័ន ម្នាក់នៅខេត្តយុនណាន ២នាក់នៅក្រុងសៀងហៃ ម្នាក់នៅហ្កាងស៊ី និងម្នាក់នៅខេត្តសានទុង៕ ប្រែសម្រួល៖វាសនា/Ha