មនុស្សទី៤បានស្លាប់ដោយជំងឺរលាកសួតនៅទីក្រុងវូហានរបស់ចិនភាគកណ្តាលចំពេលមានការឆ្លងរាលដាលកូរ៉ូណាវីរុសនេះក្នុងចំណោមមនុស្ស សូម្បីតែបុគ្គលិកពេទ្យ នេះបើតាមការប្រកាសរបស់អាជ្ញាធរសុខាភិបាលក្រុងវូហាន កាលពីថ្ងៃអង្គារទី២១មករា។
បុរសអាយុ៨៩ឆ្នាំ បានបង្ហាញរោគសញ្ញារលាកសួតកាលពីថ្ងៃ១៣មករា និងបានចូលសម្រាកនៅមន្ទីរពេទ្យនៅ៥ថ្ងៃក្រោយបន្ទាប់ពីពិបាកដកដង្ហើមខ្លាំង។គាត់បានស្លាប់កាលពីថ្ងៃ១៩មករា។
ក្រៅពីរលាកសួត អ្នកជំងឺវ័យចំណាស់នេះក៏មានជំងឺលើសឈាម បេះដូងនិងទឹកនោមផ្អែមផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ គណៈកម្មាធិការសុខាភិបាលក្រុងវូហាន បាននិយាយថា បុគ្គលិកពេទ្យ១៥នាក់នៅក្នុងទីក្រុងបានបង្ហាញរោគសញ្ញារលាកសួត និងម្នាក់ទៀតស្ថិតក្នុងការសង្ស័យ។ក្នុងចំណោមបុគ្គលិកពេទ្យដែលឆ្លងកូរ៉ូណាវីរុសថ្មីនេះ ម្នាក់ស្ថិតក្នុងសភាពជំងឺធ្ងន់ធ្ងរ។
ការផ្ទុះជំងឺរលាកសួតនេះបានចាប់ផ្តើមនៅក្រុងវូហាន តែឥឡូវរាលដាលដល់ទីក្រុងចិនកាន់តែច្រើន រួមមានរដ្ឋធានីប៉េកាំង ក្រុងសៀងហៃនិងខេត្តសាន់ទុង ហើយ៤ករណីទៀតត្រូវបានរកឃើញនៅក្រៅប្រទេសចិន តែសុទ្ធតែមានប្រភពមកពីចិនទាំងអស់។
ឥឡូវអង្គការសុខភាពពិភពលោក(WHO)ត្រៀមបើកកិច្ចប្រជុំគ្រាអាសន្នមួយនៅសប្តាហ៍នេះដើម្បីពិភាក្សាវិបត្តិវីរុសថ្មីស្រដៀងគ្នានឹងវីរុសសា(Sars)ដែលបានបង្កកាភ័យខ្លាចទូទាំងពិភពលោកកាលពី១៧ឆ្នាំមុន។
គណៈកម្មាធិការWHOនឹងជួបប្រជុំនៅថ្ងៃពុធទី២២មករា ដើម្បីសម្រេចថាតើត្រូវប្រកាសការផ្ទុះជំងឺនេះថាជា«គ្រោះអាសន្នសុខភាពសាធារណៈដែលជាការព្រួយបារម្ភជាអន្តរជាតិមួយ» ដែរឬអត់។
ការកោះប្រជុំនេះត្រូវបានធ្វើឡើងក្រោយពីអាជ្ញាធរសុខាភិបាលចិនបាននិយាយថា វីរុសបង្កជំងឺរលាកសួតនេះលែងជាវីរុសដែលចម្លងត្រឹមតែសត្វមកមនុស្ស តែឥឡូវវាចម្លងពីមនុស្សទៅមនុស្សតែម្តង និងចំនួនអ្នកឆ្លងបានហក់ឡើងយ៉ាងគំហុក៕ប្រែសម្រួល៖វាសនា/Ha
បុគ្គលិកវេជ្ជសាស្ត្រ១៥នាក់ហើយបានឆ្លងកូរ៉ូណាវីរុសនៅក្រុងវូហាន និងមនុស្សជាង២០០នាក់បានឆ្លងវានៅចិន។ឥឡូវបុគ្គលិកពេទ្យពាក់ខោអាវការពារប្រៀបចូលជាអ្នកសម្អាតសារធាតុគីមីវិទ្យុសកម្ម