ភ្នំពេញៈស្ថានីយទូរទស្សន៍លេខ៥ បានប្រារព្ធពិធីអបអរបញ្ចប់ការផលិតរឿងភាគខ្មែរ ចំនួនបីរឿង ដែលនឹងបញ្ចាំងនាពេលខាងមុខនេះ។ក្នុងនោះមានរឿង “ភ្លើងគំនុំ” “និស្ស័យខ្លុយស្នេហ៍” និង “សម្បថដងស្ទឹង”។
រឿងភាគខ្មែរទាំងនេះ ត្រូវបានស្ថានីយទូរទស្សន៍នេះប្រកាសជាផ្លូវការត្រៀមចាក់បញ្ចាំង លើកញ្ចក់ទូរទស្សន៍នាពេលខាងមុខ បន្ទាប់ពីរឿងចាស់ៗចប់។ តារាសម្តែងនិងសិល្បករ សិល្បការិនី ទាំងក្នុងបីរឿងនេះ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលស្នាដៃពួកគេ លេចរូបរាងជាថ្មីក្នុងឆ្នាំ២០២០។
លោក ហួង តារាមុន្នី ប្រធានផ្នែកផលិតកម្មវិធីនៃស្ថានីយ៍ទូរទស្សន៏ប៉ុស្តិ៍លេខ៥បានថ្លែងក្នុង ពិធីនេះកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នៅភោជនីយដ្ឋានសមុទ្រព្រិលថា ក្នុងនាមលោក តំណាងឱ្យទូរទស្សន៍លោកសូមថ្លែងអំណរគុណដល់បណ្តាអ្នកដឹកនាំរឿងហើយជាពិសេស តារាសម្តែងគ្រប់រូប ដែលខំប្រឹងសម្តែងឱ្យអស់ពីសមត្ថភាព និងតស៊ូជាមួយការងារបើទោះបី ឧបសគ្គខ្លះក៏ដោយ។ លោកក៏សប្បាយចិត្តដែលតារាសិល្បៈយើងចេះស្រលាញ់គ្នាទៅវិញ សាមគ្គីគ្នាដែលធ្វើឱ្យទាំំងបីរឿងនេះ បញ្ចប់ដោយជោគជ័យ។
សូមបញ្ជាក់ថា រឿងភ្លើងគំនុំ សម្តែងដោយកញ្ញា ឌី សូនីតា ជាតួឯកស្រី ជាមួយលោក សក្កដា ។រឿងក៏បានចាប់ផ្តើមចាក់បញ្ចាំងហើយនាម៉ោងមាសពេលល្ងាច។ រឿង“និស្ស័យខ្លុយស្នេហ៍” មានកញ្ញា មុន្នី ម៉ូនីតា និង លោក មុំ សទ្ធារ៉ា ហើយចំណែករឿង “សម្បថដងស្ទឹង” វិញមាន តួឯជាល្បីគឺ កញ្ញា ព្រះ កាយច័ន្ទ ប៉ះគ្នានឹងលោក សន ពិសិដ្ឋ។
ជាមួយគ្នានោះទាំងបីរឿងនេះ មានតារាច្រើនរូបទៀត ដែលសឹងតែល្បីៗ និងមានសមត្ថភាព មកសម្តែងជាមួយតួឯកប្រុសស្រីរបស់ស្ថានីយទូរទស្សន៍លេខ៥៕ ដោយៈ បូរិន