កាលពីព្រឹកថ្ងៃទី២០ខែមករា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន ជួបប្រជុំជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយលោកមេធាវី គី តិច ដើម្បីរៀបចំផែនការដំណើការការពារក្តី ជូនអ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា អ្នកសារព័ត៌មានពិតប្រាកដ គឺជាអ្នកសារព័ត៌មាន ដែលធ្វើការក្រោមអង្គភាពព័ត៌មាន ដែលបានចុះបញ្ជី នៅក្រសួងព័ត៌មាន និងទទួលស្គាល់ ដោយច្បាប់ត្រឹមត្រូវ។ ចំណែកអ្នកលេងហ្វេសប៊ុក ដែលមានត្រឹមតែទូរស័ព្ទមួយ ហើយតាំងខ្លួនថាជាអ្នកសារព័ត៌មាន គឺអ្នកនោះ មិនមែនជាអ្នកសារព័ត៌មានទេ។
លោក ខៀវ កាញារីទ្ធ បានបន្ថែមថា អ្នកសារព័ត៌មាន ដែលធ្វើការតាមក្រមសីលធម៌វិជ្ជាជីវៈ ពេលផ្សព្វផ្សាយទៅ ត្រូវគេប្តឹង នឹងត្រូវបានទទួលសិទ្ធិការពារក្តីពីមេធាវីសម្តេចតេជោ។ ដោយឡែកសម្រាប់អ្នកលេង Facebook បើសិនជាធ្វើអត្ថាធិប្បាយប៉ះពាល់អ្នកដទៃ ហើយត្រូវគេប្តឹងនោះ នឹងមិនត្រូវទទួលបានសិទ្ធិនេះឡើយ ដោយសារពួកគេមិនមែនជាអ្នកសារព័ត៌មានទេ។
លោក គី តិច បានបញ្ជាក់ថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោចាប់ផ្តើមបើកទទួលការពារសិទ្ធិអ្នកព័ត៌មានវិជ្ជាជីវៈ ចាប់ពីថ្ងៃនេះតទៅ។ សម្រាប់អ្នកព័ត៌មានដែលធ្វើការតាមក្រមសីលធម៌វីជ្ជាជីវៈ ប៉ុន្តែត្រូវគេប្តឹង បើត្រូវការមេធាវីស្ម័គ្រចិត្តសម្តេចតេជោឲ្យជួយការពារក្តី តែត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រសួងព័ត៌មាន ជាមុនសិន។
សូមជម្រាបថា ក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសម្រេចផ្តល់មេធាវីស្ម័គ្រចិត្ត របស់សម្តេច ឲ្យជួយការពារក្តីសម្រាប់អ្នកសារព័ត៌មាន ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ដោយពេលផ្សាយទៅ ត្រូវគេប្តឹង។
ការសម្រេចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលដូច្នេះ បានធ្វើឡើង បន្ទាប់ពីមានការស្នើសុំពីលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ប៉ុន្តែសម្តេចតេជោ បានបញ្ជាក់ថាក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចដែលដឹកនាំដោយលោកមេធាវី គី តិច ការពារក្តីអ្នកសារព័ត៌មានដោយពិនិត្យលើអង្គហេតុ និងអង្គច្បាប់។ ពោលគឺក្រុមមេធាវីសម្តេច នឹងមិនទទួលយកការស្នើសុំការពារក្តីពីអ្នកសារព័ត៌មានណា ដែលផ្សាយព័ត៌មានមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយព័ត៌មានបំភ្លៃការពិត ជាដើម។
សម្តេចតេជោ ក៏បានផ្តល់នូវយ័ន្តការពារមួយដល់អ្នកសារព័ត៌មាន គឺ «ធ្វើជាអ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត»។
ការប្រឹងប្រែងរបស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមទាំងលោកមេធាវី គី តិច ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ នឹងផ្តល់ផលប្រយោជន៍សម្រាប់អ្នកសារព័ត៌មាន រាប់ពាន់នាក់ ដែលកំពុងប្រកបវិជ្ជាជីវៈនៅកម្ពុជា។
ជាងនេះទៅទៀត បើសិនជាអ្នកសារព័ត៌មាន ដែលប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវមែននោះ គឺស្ទើរតែមិនមានក្តីក្តាំឡើងតុលាការឡើយ។ អ្នកសារព័ត៌មានម្នាក់ៗ ត្រូវតែគោរពនូវគោលការណ៍មូលដ្ឋានរបស់ខ្លួន គឺការពិត ឥតលម្អៀង និងមានតុល្យភាព។
ជាមួយគ្នានេះ បើសិនអ្នកសារព័ត៌មាននឹកដល់ពាក្យស្លោក ដែលជាយ័ន្តការពារខ្លួន ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱ្យកាលពីថ្ងៃទី១៤មករា ឆ្នាំ២០២០ គឺ “ធ្វើជាអ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត» នោះក៏កាន់តែមិនមានបញ្ហាអ្វីសោះ ក្នុងកិច្ចការងារប្រកបវិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន។
ក្នុងសង្គមកម្ពុជា រាប់ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់សព្វថ្ងៃ ស្ថាប័នសារព័ត៌មានដែលវិជ្ជា ជីវៈក្រមសីលធម៌ត្រឹមត្រូវ ស្ទើរតែមិនមានអ្នកសារព័ត៌មានណាម្នាក់ ត្រូវបានគេប្តឹងឡើង តុលាការនោះទេ។ បើមានក៏តិចតួច ហើយសុទ្ធតែជាសំណុំរឿងរស៊ើប បែបនយោបាយ។
ជាមួយគ្នានេះ ប្រទេសកម្ពុជាយើង ក៏មានច្បាប់ស្តីពីរបបសារព័ត៌មាន ដែលកំពុងនៅជា ធរមាន អនុវត្ត ហើយដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឲ្យធ្វើវិសោធនកម្ម កែប្រែមាត្រាមួយចំនួន ដើម្បីឲ្យស្របតាមស្ថានភាពសង្គមកម្ពុជា បច្ចុប្បន្ន។ ដូច្នេះបើគ្រាន់តែ យើងអនុវត្តនូវច្បាប់ស្តីពីរបបសារព័ត៌មាន ដូចដែលក្រសួងស្ថាប័ននានា ធ្លាប់បានធ្វើកន្លងមក នោះអ្នកសារព័ត៌មានយើង នឹងមិនត្រូវគេប្តឹងឡើងតុលាការនោះទេ។ ពោលគឺបើសិនជា ស្ថាប័នអង្គភាពសារព័ត៌មានណាមួយចុះផ្សាយដោយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬខុស ពីការពិត លើភាគីណាមួយនោះ បុគ្គល ឬភាគីនោះមានសិទ្ធិស្នើសុំឲ្យអង្គភាពសារព័ត៌មាននោះ ចុះផ្សាយកែតម្រូវ ឬស្រាយបំភ្លឺលើអត្ថបទមុន ដូចអ្វីដែលអង្គភាពសារព័ត៌មាន កាសែតនានា បានធ្វើកន្លងមក។
ជារួម ការដាក់ឲ្យដំណើរការក្រុមមេធាវីរបស់សម្តេចតេជោ ដើម្បីការពារក្តីដល់អ្នកសារព័ត៌មាន នាពេលនេះ គឺជាកាដូឆ្នាំថ្មីមួយទៀត សម្រាប់អ្នកសារព័ត៌មាន។ប៉ុន្តែអ្នកសារព័ត៌មានខ្លួនឯង ក៏ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានជាប់ជាប្រចាំ។
ក្នុងនោះ ក្រសួងព័ត៌មាន ក៏គួរតែពិនិត្យលើអ្នកលេងហ្វេសប៊ុកមួយចំនួន និងអ្នកសារព័ត៌មាន អនឡាញមួយចំនួន ដែលបានតាំងខ្លួនជាអ្នកសារព័ត៌មាន ដោយសារតែក្រសួងព័ត៌មាន បានអនុញ្ញាតច្បាប់ ចុះបញ្ជី និងចេញកាតឲ្យត្រឹមត្រូវកន្លងមក។ ក្រសួងគួរតែមានវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានថ្មីទាំងនោះ ហើយបើឃើញមិនស្រួល ផ្សាយខុសក្រមសីលធម៌ វិជ្ជាជីវៈ ក្រសួងគួរហៅអ្នកសារព័ត៌មាននោះ និងអង្គភាពសារព័ត៌មាននោះ មកជួប ណែនាំ អប់រំ និងបណ្តុះបណ្តាល ហើយបើនៅតែមិនស្តាប់ គួរតែព្រមានម្តងជាពីរដង និងនៅ តែបំពានទៀត ក៏គួរតែដកអាជ្ញាប័ណ្ណ ឈប់ឲ្យអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលគ្មានវិជ្ជាជីវៈនោះ ប្រកបរបរជាអ្នកសារព័ត៌មានតទៅទៀត។ យើងធ្វើដូច្នេះ ដើម្បីកុំឲ្យ ខូចដល់ឈ្មោះអ្នកសារព័ត៌មានត្រឹមត្រូវដទៃទៀត។ នៅពេលនេះយើងលែងត្រូវការបរិមាណហើយ តែយើងគួរតែសម្រិតសម្រាំងលើគុណភាពវិញម្តង៕ ដោយៈម៉េងឆៃ/Ha