ខ្លាដំបងមួយក្បាល ដែលបានរត់ចូលផ្ទះប្រជាជនបង្កការភ្ញាក់ផ្អើលរហូតឈានទៅដល់ការ ជម្លៀសប្រជាជនចេញ និងបើកប្រតិបត្តិការយ៉ាងធំដើម្បីតាមចាប់វា។ ករណីនេះនៅ ប្រទេសឥណ្ឌា ភាគខាងត្បូងកាលពីថ្ងៃចន្ទ ទី២០ ខែមករា។ ពេលនេះចាប់បានវិញហើយ។
មន្ត្រីសត្វព្រៃមួយរូបឈ្មោះ ម៉ូហាម៉ាត់ អាប់ឌុល ហាគីម (Mohammad Abdul Hakeem) និយាយថា ខ្លាដំបងយ៉ាងធំនេះដែលចេញពីព្រៃកាមដាណាម (Kamdanam) ហើយរត់ចូល ផ្ទះប្រជាជននៅសាដណាហ្គា (Shadnagar) រដ្ឋតេឡានហ្គាណា (Telangana)។
បន្ទាប់ពីប្រជាជនត្រូវបានជម្លៀសចេញពីតំបន់នោះ មន្ត្រីសត្វព្រៃបានចាប់ផ្ដើមប្រតិបត្តិការ ចាប់ខ្លាកំណាចនេះ ប៉ុន្តែក៏មានអ្នកស្រុកចោមរោមតាមមើល និងថតរូបព្រោងព្រាតដែរ។
មន្ត្រីសត្វព្រៃដដែលបានគូសបញ្ជាក់ថា “ខ្លាដំបងនេះត្រូវបានដឹកទៅកាន់សួនសត្វហើយ ហើយគេនឹងឃ្លាំមើលវាប៉ុន្មានថ្ងៃ មុនពេលលែងវាចូលព្រៃវិញ”។
សូមបញ្ជាក់ថា ជម្លោះស្លាប់រស់រវាងមនុស្ស និងសត្វនៅប្រទេសឥណ្ឌា បានកើនឡើងក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយភាគច្រើនដោយសារការបាត់បង់ដែនជម្រកសត្វព្រៃ និងការពង្រីកក្រុង។
យោងតាមទិន្នន័យផ្លូវការបង្ហាញថា ប្រជាជនឥណ្ឌា រហូតដល់ទៅ ២២៤ នាក់ត្រូវបានខ្លា សម្លាប់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ៕ ប្រែសម្រួលៈខុម




