ដោយៈស.រិទ្ធ/ភ្នំពេញៈលោកវ៉ាង វិនធានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន សសកចដឹកនាំដោយសហប្រធានលោកលីវស៊ាវគ័ងនិងលោកសយសុភាពបានចូលជួបសម្ដែងការគួរសមដើម្បីអបអរសាទរនិងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំចិនដែលនឹងមកដល់នាពេលខាងមុខនេះ។
លោកលីវស៊ាវគ័ងសហប្រធានភាគីចិនបានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតដែលបានផ្តល់នូវពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូសសកចនៅក្នុងឱកាសនៃការខិតជិតចូលមកដល់ពិធីបុណ្យចូលឆ្នាំចិនប្រពៃណីជាតិ ហើយក្នុងនាមសហប្រធាន និងថ្នាក់ដឹកនាំលោកសូមជូនពរដល់ឯកអគ្គរដ្ឋទូត និងសហការីទាំងអស់ដែលបំពេញបេសកកម្មក្នុងប្រទេសកម្ពុជាសូមទទួលបានជោគជ័យក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ។
លោកលីវស៊ាវគ័ងក៏បានរៀបរាប់សកម្មភាពមួយចំនួនក្នុងឆ្នាំ២០១៩ដែលសសកចបានអនុវត្តកន្លងមកក្នុងនោះដូចជាការរៀបចំសិក្ខាសាលាឱ្យមានការពិគ្រោះពិភាក្សាបញ្ហាជម្លោះពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិកនិងចិន,ការរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សមាគមចំនួន៣លើកទៅកាន់ប្រទេសចិន និង ការពិនិត្យសុខភាពអ្នកកាសែតចំនួន៥០នាក់ ដែលជាការជួយឧបត្ថម្ភពីមន្ទីរពហុព្យាបាល ហុង អិន។

លោកបានបន្តទៀតថាក្នុងឆ្នាំ២០២០ខាងមុខនេះសសកចនឹងរៀបចំឱ្យមានការពិភាក្សាលើវេទិកានៅខេត្តសៀមរាបដើម្បីរិៈរកមធ្យោបាយដំណោះស្រាយអំពីបញ្ហាប្រឈមក្នុងខេត្តសៀមរាបដែលមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិន ដើម្បីឱ្យមានការរីកចំរើនមកវិញ។ ហើយឆ្នាំ២០២០ សសកច នឹងរៀបចំឱ្យមានការប្រឡងប្រជែង អត្ថបទ និងរូបថត លើស្នាដៃរបស់អ្នកសារព័ត៌មាន ស្តីអំពី ទំនាក់ទំនងកម្ពុជា ចិន ផងដែរ។
ជាមួយគ្នានេះលោកវ៉ាងវិនធានឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សសកច ដែលបានមកសួរសុខទុក្ខនិងជូនពរលោកនិងក្រុមការងារនាពេលនេះ។លោកសូមសម្តែងនូវការអបអរសាទរដែលជាសមិទិ្ឋផលសសកចសម្រេចបានក្នុងឆ្នាំ២០១៩កន្លងមកក៏ដូចជាសកម្មភាពនឹងធ្វើឡើងក្នុងឆ្នាំ២០២០ខាងមុខនេះ។
ឯកអគ្គរដ្ឋទូតចិនបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរួមចំណែកផ្សព្វផ្សាយយ៉ាងសកម្មរបស់សសកចនៅក្នុងការផ្សព្វផ្សាយអំពីទំនាក់ទំនងកម្ពុជាចិនជូនដល់សាធារណជនឱ្យជ្រាបពីការរីកចំរើនអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលនេះ និង ទៅអនាគត។
ចំណែក លោក សយសុភាពសហប្រធានភាគីកម្ពុជាក៏ចូលរួមអបអរសាទរនិងជូនពរឯកអគ្គរដ្ឋទូតចិន និងក្រុមការងារដែលកំពុងបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជានិងជូនពរដល់ប្រជាពលរដ្ឋដែលរស់នៅឬរកស៊ីក្នុងប្រទេសកម្ពុជាព្រមទាំងប្រជាជនចិនរស់នៅក្នុងប្រទេសចិនដែលកំពុងអបអរសាទរបុណ្យប្រពៃណីជាតិរបស់ខ្លួន៕S/
