ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាថានឹងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសរលាកសួតថ្មីនៅប្រទេសលោក ដោយនិយាយថា”ជីវិតនិងសុខភាពប្រជាជន ត្រូវបានផ្តល់អាទិភាពខ្ពស់ ហើយការឆ្លងរាលដាលនៃវីរុសនេះត្រូវទប់ស្កាត់” ។
គិតមកត្រឹមម៉ោង៦ល្ងាចថ្ងៃចន្ទ ប្រទេសចិនបានបញ្ជាក់ថាមានករណីឆ្លងវីរុសនេះសរុបចំនួន២២៤ករណី តែ៧ករណីស្ថិតក្នុងការសង្ស័យ ហើយមនុស្ស៤នាក់បានស្លាប់។
លោកស៊ី បញ្ជាឲ្យបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់និងគ្រប់គ្រងការឆ្លងរាលដាលវីរុស2019-nCoV ដោយលោកចាត់ទុកវាថាមានសារសំខាន់ណាស់នៅដំណាក់កាលនេះដោយសារចរន្តធ្វើដំណើរដ៏ធំមួយកំពុងប្រព្រឹត្តទៅក្នុងអំឡុងពេលចូលឆ្នាំថ្មីរបស់ប្រជាជនចិន។
លោកបាននិយាយដូច្នេះថា «បណ្តាគណៈកម្មាធិការរបស់បក្សនិងរដ្ឋ នៅគ្រប់កម្រិតត្រូវទុកសុវត្ថិភាពនិងសុខភាពរបស់ប្រជាជនជាអាទិភាពកំពូលនិងចាត់វិធានការមានប្រសិទ្ធភាពដើម្បីទប់ស្កាត់វីរុសនេះ»។
លោកបានបញ្ជាឲ្យខិតខំអស់ពីសមត្ថភាពដើម្បីព្យាបាលអ្នកជំងឺ កំណត់មូលហេតុនៃការឆ្លងវីរុស បង្កើនការត្រួតពិនិត្យ ហើយធ្វើការព្យាបាលតាមស្តង់ដារ។លោកក៏តម្រូវឲ្យបញ្ចេញព័ត៌មានអំពីការឆ្លងរាលដាលទាន់ពេល ផ្តល់ព័ត៌មានដល់សារធារណជនអំពីវិធានការរបស់អាជ្ញាធរដើម្បីធានាស្ថិរភាពសង្គម ក្នុងបំណងឲ្យប្រជាជនស្ងប់ចិត្តនិងសប្បាយបុណ្យចូលឆ្នាំថ្មី ហើយបង្កើនកិច្ចសហការជាអន្តរជាតិនៅក្នុងការប្រយុទ្ធប្រឆាំងវីរុសនេះ។
ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រីចិន លី ឃឹឈាំង បានណែនាំទៅនាយកដ្ឋានពាក់ព័ន្ធនិងអាជ្ញាធរតំបន់ឲ្យពង្រឹងផែនការឆ្លើយតប និងខិតខំទប់ស្កាត់ជំងឺឆ្លងនេះ។លោកក៏បានណែនាំឲ្យមានការសម្របសម្រួលនិងកិច្ចសហការកាន់តែប្រសើរជាមួយអង្គការសុខភាពពិភពលោក ប្រទេសពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរហុងកុង ម៉ាកាវនិងតៃវ៉ាន់ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលវីរុស។
វីរុសនេះត្រូវបានរកឃើញដំបូងនៅទីក្រុងវូហាន កាលពីដើមខែមករា។ចាប់តាំងពីពេលនោះមកការឆ្លងរាលដាលជាច្រើនករណីត្រូវបានគេរាយការណ៍នៅប្រទេសថៃ ជប៉ុននិងកូរ៉េខាងត្បូង៕ប្រែសម្រួល៖សុខា/វាសនា/Ha