ដោយៈចាន់តូ/ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលលួចរថយន្តម៉ាកឡិចស៊ីសNX200Tមួយគ្រឿងនៅខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យបានបន្លំខ្លួនជាជាងមកតភ្ជាប់GPSម្ចាស់ភ្លេចខ្លួន លួចបើករត់គេចទៅបាត់។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះជនសង្ស័យបានប្រព្រឹតកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២០ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ខណ្ឌពោធិសែនជ័យ ហើយជនរងគ្រោះបានទៅដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចខណ្ឌពោធិសែនជ័យជួយអន្តរាគមន៍។
សមត្ថកិច្ចខណ្ឌសែនសុខបានឱ្យដឹងទៀតថា រហូតដល់វេលាម៉ោង១រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ រថយន្តនេះត្រូវនគរបាលខណ្ឌសែនសុខសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃប្រទះឃើញនៅក្នុងយានដ្ឋានជួសជុលរថយន្តក្នុងភូមិត្រពាំងស្វាយសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បន្ទាប់មកសមត្ថកិច្ចដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយហ៊ួម៉េងវ៉ាង អធិការខណ្ឌដាក់កម្លាំងឃ្លាំមើលរហូតដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២០ ខែមករា លេចមុខជនសង្ស័យមកមើលរថយន្ត នគរបាលចាប់ខ្លួនបានតែម្តង ។
រថយន្ដដែលចោរលួចម៉ាកឡិចស៊ីសNX200Tពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AY6695មានម្ចាស់ឈ្មោះសាញ់ ចិន្តា ភេទស្រីអាយុ៤៨ឆ្នាំ មុខរបរលក់ដូររស់នៅភូមិកើតហេតុ។ចំណែកកូនស្រីជាអ្នកបើប្រាស់រថយន្តនេះឈ្មោះសន ស៊ីវហុង អាយុ២៥ឆ្នាំមុខរបរលក់ដូរ។ចំណែកជនសង្ស័យ ឈ្មោះ ខន ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំយកទៅសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕S/Ha