ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖ពលរដ្ឋជាង៧.០០០គ្រួសាររស់នៅជាប់ផ្នែកកណ្តាលនៃស្ទឹងមង្គលបូរីក្នុងភូមិសាស្ត្រស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យទទួលបានទឹកប្រើប្រាស់និងទទួលទានឡើងវិញហើយ។គឺបានទទួលដោយសារពលរដ្ឋនិងមន្ត្រីបានបើកបង្ហូរទម្លាក់ទឹកពីខ្សែទឹកខាងលើនៃស្ទឹងមង្គលបូរីក្នុងភូមិសាស្ត្រខេត្តបាត់ដំបងតាំងពីចុងខែធ្នូឆ្នាំ២០១៩មកផង។ជាមួយនោះបានពីក្រសួងនិងមន្ទីរធនធានទឹកសហការនឹងអាជ្ញាធរដែនដីកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២០បានដាក់ម៉ាស៊ីនទុយោធំបូមផ្ទេរពីស្ទឹងសិរីសោភ័ណ កាត់ប្រឡាយជាង៨គ.មចុះទៅក្នុងស្ទឹងមង្គលបូរីផង។
ជាមួយគ្នានេះដែរស្ថានីយ៍និងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតនៅប្រជុំជនស្រុកមង្គលបូរីក៏បានបូមនិងផលិតទឹកស្អាតជូនពលរដ្ឋជិត៤.០០០គ្រួសារឡើងវិញដែរ។នេះបើតាមលោករ័ត្នដាស៊ីណង់អភិបាលស្រុកមង្គលបូរីប្រាប់កាសែតរស្មីកម្ពុជាតាមទូរស័ព្ទកាលពីព្រលប់ថ្ងៃទី២០ខែមករាឆ្នាំ២០២០ ។
ប៉ុន្តៃមន្ត្រីជំនាញនិងអាជ្ញាធរដែនដីឱ្យដឹងថា៖ដំណើរម៉ាស៊ីនបូមទឹកពីស្ទឹងសិរីសោភ័ណនៅចំណុចភូមិព្រៃឬស្សីសង្កាត់ព្រះពន្លាក៏បានបញ្ឈប់តទៅទៀតដែរតាំងពីថ្ងៃទី១៩ខែមករាមកនោះ។ស្ទឹងមង្គលបូរីមានទឹកល្មមធានាការផ្គត់ផ្គង់បាននិងមូលហេតុសំខាន់ជាងនេះគឺមកពីទឹកស្ទឹងសិរីសោភ័ណក៏បានស្រកស្រុតចុះយ៉ាងគំហុកបង្កជាការព្រួយបារម្ភខ្លាចប្រែពីមានទៅជាខ្វះទឹកសម្រាប់ពលរដ្ឋទទួលទាននិងប្រើប្រាស់ទៅវិញ។
នេះបើតាមលោកហ៊ឺលរ៉ាយ៉ាអភិបាលក្រុងសិរីសោភ័ណប្រាប់កាសែតនៅព្រឹកថ្ងៃទី២១ខែមករា។ចំណែកលោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យក៏បានឱ្យដឹងថា៖បញ្ហាខ្វះទឹកនៅបណ្តោយស្ទឹងមង្គលបូរីនាផ្នែកកណ្តាលនិងបញ្ហាប្រឈមខ្វះទឹកនៅផ្នែកខាងលើក៏ដូចផ្នែកខាងក្រោមត្រូវបានក្រសួងជំនាញនិងអាជ្ញាធរដែនដីដោះស្រាយជូនបានហើយ។
លោកបន្តថា៖ទោះយ៉ាងណាបងប្អូនប្រជាពលរដ្ឋត្រូវរប្រើប្រាស់ទឹកដោយសន្សំសំចៃហើយដាច់ខាតមិនអនុញ្ញាតឱ្យបូមទឹកស្រោចស្រពដំណាំស្រូវនិងដំណាំបន្លែឡើយក្នុងអំឡុងពីខែមករារហូតចប់មួយរដូវប្រាំងឆ្នាំ២០២០នេះ។ជាមួយគ្នានេះជំនាញអភិវឌ្ឍន៍ជនបទនិងស្ថានទូតសាធារណរដ្ឋឥណ្ឌាក៏បានជួយជីកអណ្តូងទឹកស្អាត់ជាង៣០០អណ្តូងតាមគោលដៅមួយចំនួនក្នុងខេត្ត។
សូមរំលឹកថាមូលហេតុខ្វះខាតទឹកនិងការប្រឈមខ្វះទឹកធ្ងន់ធ្ងរនៅផ្នែកកណ្តាលនៃដងស្ទឹងមង្គលបូរីក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យនារដូវប្រាំងឆ្នាំ២០១៩២០២០នេះមកពីកសិករបូមទឹកធ្វើស្រែប្រាំងលើកទី២ (ពីខែតុលាឆ្នាំ២០១៩ដល់ឡូវនេះ )ច្រើនលើស២ដង ។គឺផែនការធ្វើតែ៧.០០០ហិកតា ។ប៉ុន្តែកសិករបានធ្វើដល់២៣.០០០ហិកតា។គេប៉ានប្រមាណថាស្រែប្រាំង១ហិកតាអាចប្រើប្រាស់ទឹកពី១ម៉ែត្រគីបឡើងទៅ។គឺខុសគ្នាពីការធ្វើស្រូវប្រាំងលើកទី(ខែឧសភាដល់ខែតុលាឆ្នាំ២០១៩កន្លងមកដល់ទៅចំនួន៥០.០០០ហិចតា តែគ្មានបញ្ហាចោទ ព្រោះជារដូវវស្សា ៕S/
រូបថត៖នៅផ្នែកកណ្តាលនៃស្ទឹងមង្គលបូរីមានទឹកឡើងវិញខណៈទឹកបង្ហូរពីខ្សែទឹកខាងលើនិងការបូមពីស្ទឹងសិរីសោភ័ណជួបគ្នា (រូប៖ ភ្នំស្វាយ )