ដោយមូលសម្បត្តិ/ភ្នំពេញ៖«ការពង្រឹងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ចូលរួមកាន់តែប្រសើរក្នុងការពារ និងអភិរក្សធនធានធម្មជាតិ»។ នេះជាការលើកឡើងរបស់លោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាល និងចែកពូជគោ,មាន់,ជ្រូក,និងសម្ភារៈកសិកម្ម។
គម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់តាមរយៈក្រសួងបរិស្ថានជូនដល់ប្រជាពលរដ្ឋ៦២គ្រួសារនៃសហគមន៍តំបន់ករពារធម្មជាតិអន្លង់ភេក្នុងដែនជម្រកសត្វព្រៃ»ព្រៃឡង់»ភូមិសាស្ត្រាស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២០។

ជាមួយគ្នានេះដែរលោកបានបន្ថែមថាគម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់ដល់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ។ដើម្បីធ្វើការអភិវឌ្ឍសហគមន៍និងជំរុញឱ្យសហគមន៍មានតួនាទីសំខាន់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ។
លោករដ្ឋលេខាធិការរូបនេះបានជំរុញឱ្យប្រជាសហគមន៍ធ្វើយ៉ាងណាពង្រឹងការយកចិត្តទុកដាក់ថែទាំ ចិញ្ចឹមសត្វឱ្យបានល្អ ដើម្បីបង្កើនជីវភាពគ្រួសារនិងការចូលរួមក្នុងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។ លើសពីនេះលោកបានលើកទឹកចិត្តថែមទៀតដល់ប្រជាពលរដ្ឋពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អ។ជាពិសេសនៅដែនជម្រកសត្វព្រៃ«ព្រៃឡង់»ដើម្បីជាប្រយោជន៍នៃការទទួលផលប្រយោជន៍សម្រាប់សហគមន៍មូលដ្ឋានពីការលក់កាបូននាពេលខាងមុខ។

បន្ថែមពីនេះបានជំរុញឱ្យសហគមន៍មូលដ្ឋានពង្រឹងការសហការគ្នាជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទប់ស្កាត់កុំឱ្យមានភ្លើងឆេះព្រៃដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិបានល្អសម្រាប់នៅពេលបច្ចុប្បន្ននិងទៅអនាគត។គម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននេះត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់ដល់សហគមន៍តាមតំបន់ការពារធម្មជាតិតាមរយៈវេទិកាថ្នាក់ជាតិ។
វេទិកាថ្នាក់ជាតិនេះស្តីពី«ការការពារនិងអភិរក្សធនធានធម្មជាតិ»ចាប់ផ្តើមពីឆ្នាំ២០១៦ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីពង្រឹងងជីវភាពសហគមន៍ដោយយកចិត្តទុកដាក់ពង្រឹងលើការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទេសចរណ៍ធម្មជាតិការចិញ្ចឹមសត្វនិងការងារកសិកម្មប្រចាំគ្រួសារបានល្អប្រសើរនិងលើកទឹកចិត្តសហគមន៍ចូលរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិ។
គម្រោងលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋានចាប់ផ្តើមផ្តល់ជួយប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដោយ ចាប់ឆ្នាំ២០១៧បានចំនួន១០សហគមន៍។ឆ្នាំ២០១៨បាន១០សហគមន៍ និងនៅឆ្នាំ២០១៩ជួយបាន៥សហគមន៍បន្ថែមទៀតដែលក្នុងនោះមានសហគមន៍តំបន់ការពារធម្មជាតិអន្លង់ភេក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងនេះផងដែរ។ជាសរុបសហគមន៍តំបន់ការពារធម្មជាតិចំនួន២៥ហើយ បានទទួលគម្រោង ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ។
លោកអេងភិរុងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានឱ្យដឹងថាសហគមន៍តំបន់ការពារធម្មជាតិអន្លង់ភេបានបង្កើតឡើងដោយប្រកាសកាលពីថ្ងៃទី៨ខែមករាឆ្នាំ២០១៩និងមានផ្ទៃដី៦៨២ហិកតា។កន្លងមកសហគមន៍បានចូលរួមចំណែកសំខាន់សហការការពារនិងអភិរក្សធនធានធម្មជាតិដើម្បីធានាការគ្រប់គ្រងឱ្យមាននិរន្តរភាព សម្រាប់បច្ចុប្បន្ន និងកូនចៅគ្រប់ជំនាន់។

ក្នុងឱកាសនោះលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិអន្លង់ភេបានបង្ហាញពីការសប្បាយរីករាយចំពោះការទទួលបានគម្រោងជំនួយរបស់រាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍន៍ជីវភាពសហគមន៍របស់លោក។លោកបានអះអាងថាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលនេះនឹងរួមចំណែកឱ្យប្រជាពលរដ្ឋមានការគិតគូរថ្មីដើម្បីជីវភាពគ្រួសារនិងកាត់បន្ថយការពឹងអាស្រ័យលើការដកហូតធនធានធម្មជាតិ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៦២គ្រួសារដំបូងនៃសហគមន៍អន្លង់ភេ ទទួលបានពូជសត្វចិញ្ចឹម និងសម្ភារៈកសិកម្ម។ក្នុងនោះប្រជាពលរដ្ឋចំនួន២៣គ្រួសារក្នុងមួយគ្រួសារទទួលបានគោញី១ក្បាល។ប្រជាពលរដ្ឋចំនួន២០គ្រួសារទទួលបានក្នុងមួយគ្រួសារមាន់ពូជចំនួន១៥គីឡូក្រាមនិងស្បៃបៃតង១ដុំ ។
ប្រជាពលរដ្ឋ១៩គ្រួសារផ្សេងទៀតទទួលបានក្នុងមួយគ្រួសារកូនជ្រូកពូជចំនួន៣ក្បាល។ជាបន្តប្រជាពលរដ្ឋនឹងមានកិច្ចការបន្តចែករំលែកកូនគោកូនជ្រូកនិងមាន់ទៅសមាជិកសហគមន៍ដទៃទៀតនៅពេលដែលសត្វដែលពួកគាត់ទទួលបានផលបន្តបន្ទាប់៕S/
