ពលរដ្ឋរស់នៅកោះកុងផ្តើមព្រួយ​បារម្ភរឿងខ្វះខាតទឹកស្អាតនា​ពេល១ខែទៀត

ដោយ:សុផានីតា/កោះកុង ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង បង្ហាញក្តីព្រួយបារម្ភជាបណ្តើរៗហើយអំពីការខ្វះខាតទឹកស្អាតប្រើប្រាស់អំឡុងរដូវប្រាំងដើមឆ្នាំ២០២០ ដោយយល់ថា យ៉ាងយូរ១ខែទៀត នឹងរងការប៉ះពាល់ខ្លាំងជាក់ពុំខាន។

មិនថាតែពលរដ្ឋរស់នៅតាមឃុំសង្កាត់កណ្តាលក្រុងខេមរភូមិន្ទ ឬស្រុកមណ្ឌលសីមា ទេ សុទ្ធតែបានបារម្ភរឿងខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខណៈដឹងថា ប្រភពទឹកមួយចំនួននៅប្រែរីងស្ងួត ជាពិសេសអាងស្តុបទឹកធំជាងនៅជ្រោះតាប៉នតែម្តង។

តាមការបញ្ជាក់របស់អ្នកស្រី លី ម៉ាស់ ខ្មែរឥស្លាម រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងលោក សុគន្ធ ពលរដ្ឋរស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានឱ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែមករា ២០២០ថា សព្វថ្ងៃនេះ ទឹកដែលទ្រងទុកប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃនៅមានធម្មតា ត្បិតថ្ងៃខ្លះខ្វះ ថ្ងៃខ្លះមាន ហើយមិនសូវស្អាតល្អ១០០ភាគរយដូចនៅជ្រោះតាប៉នក៏ដោយ។ ពីព្រោះទឹកនេះក្រុមហ៊ុនLYP Group បូមចេញពីស្រះក្បែរអតីតព្រលានយន្តហោះតាមបណ្តោយផ្លូវជាតិលេខ៤៨ ជាបណ្តោះអាសន្ន បើគិតត្រឹមថ្ងៃទី២០ ខែមករា ២០២០។

ក្រុមប្រជាពលរដ្ឋដដែល អះអាងថា ទោះបីជាពេលនេះ មិនទាន់ខ្វះខាតខ្លាំង ក៏នៅចុង១ខែកុម្ភៈអាចនឹងរងគ្រោះកាន់តែខ្លាំងដោយសារគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ ជាកត្តាមួយធ្វើឱ្យពួកគាត់ខាតបង់ប្រាក់ទៅទិញទឹកបរិសុទ្ធដបធំ ឬទឹកតាមរថយន្តមកប្រើជំនួសវិញ សម្រាប់ជីវភាពរស់នៅ។ បើធៀបឆ្នាំ២០១៩កន្លងទៅពួកគាត់ចំណាយថវិកាយ៉ាងហោចណាស់៥០ទៅ៨០មឺុនរៀលដែលអំឡុងជួបគ្រោះរាំងស្ងួត។

ដូច្នេះពលរដ្ឋស្នើសុំឱ្យអាជ្ញាធរ មន្ទីរជំនាញ និងក្រុមហ៊ុនផ្តត់ផ្គង់ទឹកស្អាត ត្រូវបង្កើនការដោះស្រាយពីវិបត្តិទឺកពេលរដូវប្រាំងនេះផង ព្រោះក្រុមហ៊ុនមានក្រុមហ៊ុនទទួលសិទ្ធិផលិតទឹកជូនប្រជាពលរដ្ឋទៅតាមច្បាប់ និងការអនុញ្ញាតរបស់រដ្ឋាភិបាល រីឯពលរដ្ឋជាអតិថិ ជនទទួលសេវា និងផលិតតាមរយៈការបង់ថ្លៃដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩បានចេញសារាចរណែនាំ ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ខណៈដែលកម្ពុជានឹងជួបគ្រោះរាំងស្ងួត អាកាសធាតុក្ដៅខ្លាំង ហើយរដូវវស្សាមកដល់មានសភាពយឺតយ៉ាវ។

យោងតាមការព្យាករ ក៏ដូចជាស្ថានភាពជាក់ស្ដែង បានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែល នីណូ ( El Nino ) ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើនដូចជា ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង, រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ, របាយទឹកភ្លៀង មានភាពរអាក់រអួលមិនស្មើគ្នា, របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មក ក៏បានស្រកចុះជាបន្តបន្ទាប់ ដល់កម្រិតទាបបំផុតមួយ ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។

បញ្ហទឹកប្រើប្រាស់នៅអំឡុងរដូវប្រាំងឆ្នាំ២០២០នេះដែរ រស្មីកម្ពុជា បានទាក់ទងទៅលោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សហកម្ម និងសិប្បកម្មខេត្តកោះកុង ដោយលោកចេញមុខបកស្រាយជំនួយក្រុមហ៊ុនផ្តត់ផ្គង់ទឹកស្អាតថា ក្នុងដំណាក់កាលខែមករា នេះ ទឹកមិនទាន់អស់ពីអាងធម្មជាតិនៅឡើយទេ។ មូលហេតុដែលកង្វះបន្តិចនេះ ព្រោះតែប្រភពទឹកនៅជ្រោះតាប៉ន កំពុងរីងស្ងួតហើយ គ្រាមានភ្លៀងទឹកកក់ខែតិចតួចដែលធ្វើឱ្យដំណើរការផលិតទឹកចែកចាយជូនប្រជាពលរដ្ឋបានកម្រិតទាប។ ហើយលោកសូមឱ្យពលរដ្ឋ និងមន្រ្តីរាជការរួមគ្នាចូលរួមប្រើប្រាស់ទឹកដោយការសន្សំសំចៃ។

ប្រធានមន្ទីរឧស្សហកម្មនិងសិប្បកម្មខេត្តកោះកុង បន្ថែមថា បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមភូមិន្ទ ត្រូវប្រើទឹកស្រះបម្រុងទុកដែលមានទំហំ៨ម៉ឺនម៉ែត្រគីបក្បែរផ្លូវជាតិលេខ៤៨ រីឯពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ប្រើប្រាស់ប្រភពទឹកនៅចាំយាម៨០ម៉ឺនម៉ែត្រគីបជំនួសវិញ។

ចំពោះការប្រើប្រាស់ទឹកនៅក្បែរអតីតព្រលានយន្តហោះផ្លូវជាតិលេខ៤៨ សម្រាប់ពលរដ្ឋក្រុងខេមរភូមិន្ទ គឺលោកទទួលស្គាល់ពីស្ថានភាពពុសូវល្អស្អាតពិតមែន តែទឹកនេះគ្រាន់តែបណ្តោះអាសន្នអំឡុងរដូវប្រាំងឆ្នាំនេះទេ។ បន្ថែមលើនេះ លោកស្នើដល់ប្រជាពលរដ្ឋទ្រងទឹកចំម្រោះឱ្យរងជាមុនសិន មុននឹងប្រើប្រាស់ ទំរាំទំនប់នៅជ្រោះតាប៉នធ្វើហើយរួចរាល់នៅចុងឆ្នាំ២០២០នេះ។

លោក ខ្លឹម គគីរ ប៉ាន់ស្មានជាមុនថា អាច២ខែទៀត នឹងមានការខ្វះខាតទឹកប្រើច្រើនដែលប្រភពទឹកបម្រុងរីងស្ងួតអស់0 ប្រសិនបើពុំភ្លៀងកក់ខែគ្រប់គ្រាន់ទេនោះ។ ជាវិធានការរបស់អាជ្ញាធរ និងមន្ទីរជំនាញដោះស្រាយគ្រោះរាំងស្ងួត គឺមានតែទិញទឹកបរិសុទ្ធ ឬទឹកតាមរថយន្តចែកជូនពលរដ្ឋ មិនជីកអណ្តូងជូនពលរដ្ឋ ក្រោមហេតុថា ដីមានប្រភពទឹកប្រៃច្រើន។

សាធារណជននៅចាំបានថា កន្លងទៅ លោកខ្លឹម គគីរ និងភាគីក្រុមហ៊ុនទឹក ធ្លាប់ប្រកាសតាមរយៈអ្នកសារព័ត៌មានថា នៅឆ្នាំ២០២០នឹងមិនខ្វះខាតទឹកប្រើធ្ងន់ធ្ងរដូចឆ្នាំ២០២០ ដោយក្រុមការងារជំនាញកំពុងពន្លឿនការសង់សាងទំនប់អាងស្តុបទឹកទុកនៅឯជ្រោះតាប៉ន ដែលសម្រេចបានជាង៧០ លើកកម្ពស់ចាស់បន្ថែម១៥ម៉ែត្រទៀត។ ផ្ទុយមកវិញ សញ្ញាខ្វះទឹកផ្តើមបង្ហាញជាបណ្តើរៗហើយ ដើម្បីពលរដ្ឋត្រៀមបង្ការស្តុបទឹកទុកប្រើបន្ត។

បញ្ហាខ្វះទឹកប្រើប្រាស់នៅខេត្តកោះកុង តែងកើតមានឡើងស្ទើរតែជារៀងរាល់ឆ្នាំ ហើយក្នុងចំណោមពលរដ្ឋទូទាំងខេត្តកោះកុង១៣មឺុននាក់ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមាសរុបជាង៦ពាន់គ្រួសារ បាននឹងកំពុងប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនLYP Group របស់លោកឧកញ៉ា លី យ៉ុងផាត់៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងទេសចរណ៍​ផ្សព្វផ្សាយ...

ដោយ​:​ជា​សីហ​:/​ភ្នំពេញ​:...

ឃាត់​ស្ត្រី​ម្នាក់​ដែល​បង...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

ឥណ្ឌូនេស៊ី​រាយការណ៍​ករណី​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ក្រសួងសុខាភិបាល​បានបង្ហាញ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...