ដោយៈសុផល/ភ្នំពេញ៖ខណៈពេលដែលចំណាប់អារម្មណ៍របស់សិស្សនិស្សិតកម្ពុជាទៅលើបទពិសោធន៍សិក្សានៅបរទេសមានការកើនឡើងគួរឱ្យកត់សម្គាល់ចក្រភពអង់គ្លេសក្លាយជាជម្រើសដ៏ទាក់ទាញមួយក្នុងចំណោមប្រទេសគោលដៅដទៃទៀត។កាលពី៣ទស្សវត្សន៍មុនទោះបីជាតម្រូវការភាសាអង់គ្លេសក្នុងប្រទេសកម្ពុជាមានការកើនឡើងការធ្វើដំណើរទៅសិក្សានៅចក្រភពអង់គ្លេសមានការលំបាកដោយសារតែកត្តាផ្សេងៗជាច្រើន។
បច្ចុប្បន្ននេះភាសាអង់គ្លេសនៅតែមានប្រជាប្រិយភាពប៉ុន្តែការធ្វើដំណើរទៅបន្តការសិក្សានៅអង់គ្លេសមានភាពងាយស្រួលជាងមុនដោយសារព័ត៌មានត្រូវបានផ្សព្វផ្សាយទូលំទូលាយជីវភាពប្រជាជនកម្ពុជាមានភាពប្រសើរឡើង។ ការប្រើប្រាស់ភាសាអង់គ្លេសក៏ល្អជាងមុនហើយលើសពីនោះទៅទៀតគឺ សេវាកម្មរបស់ស្ថាប័នអប់រំIDPដែលណែនាំសិស្សនិស្សិតនិងមាតាបិតាអំពីជម្រើសសិក្សាដំណើរការចុះឈ្មោះ ព្រមទាំងលក្ខខណ្ឌ និងដំណើការសុំទិដ្ឋាការទៅសិក្សានៅអង់គ្លេស។
ស្ថាប័នអប់រំIDPគឺជាស្ថាប័នឈានមុខក្នុងការផ្តល់ប្រឹក្សាព័ត៌មាននិងបញ្ជូនសិស្សនិស្សិតទៅសិក្សានៅបរទេស ដែលមានការិយាល័យជាង ១០០ ជុំវិញពិភពលោក រួមទាំងនៅទីក្រុង ឡុងដ៍ ផងដែរ។ នៅប្រទេសកម្ពុជាការិយាល័យរបស់ស្ថាប័នអប់រំIDPមានទីតាំងនៅសាខាទាំង៥របស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល(ACE)ក្នុងទីក្រុងភ្នំពេញនិងខេត្តសៀមរាប។សេវាកម្មរបស់ស្ថាប័នអប់រំIDPត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។
កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២០កន្លងទៅថ្មីៗស្ថាប័នអប់រំIDPបានអញ្ជើញអ្នកតំណាងវិទ្យាល័យនិងសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេសមកដាក់បង្ហាញជម្រើសសិក្សានៅកម្មវិធីពិព័រណ៍ប្រចាំឆ្នាំស្តីពីការសិក្សានិងអាហារូបករណ៍នៅអង់គ្លេសក្នុងគោលបំណងផ្តល់ឱកាសឱ្យសិស្សនិស្សិតនិងមាតាបិតាកម្ពុជាបានជួបផ្ទាល់ជាមួយតំណាងស្ថាប័ននិងទទួលបាននូវព័ត៌មានសំខាន់ៗអំពីការសិក្សានៅអង់គ្លេស។
កម្មវិធីពិព័រណ៍នេះត្រូវបានប្រកាសបើកជាផ្លូវការដោយលោកស្រីTinaRedshawដែលជាឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសកម្ពុជានិងលោកម៉ៅស្រេងដែលជានាយកស្ថាប័នអប់រំIDPប្រចាំប្រទេសកម្ពុជា។អ្នកចូលរួមប្រមាណជាង៥០០នាក់ក៏បានទទួលនូវព័ត៌មានអំពីអាហារូបករណ៍ផ្សេងៗរួមមានទាំងអាហារូបករណ៍របស់រាជរដ្ឋាភិបាលអង់គ្លេសCheveningដែលព័ត៌មានត្រូវបានផ្តល់អោយពីសំណាក់មន្ត្រីតំណាងមកពីស្ថានទូតអង់គ្លេស និងអតីតៈនិស្សិតអាហារូបករណ៍ Chevening ផ្ទាល់តែម្តង។
នាពេលនោះ លោកស្រីឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា បានថ្លែង ថា “សិស្ស និស្សិត មកពីកម្ពុជានិងប្រទេសផ្សេងៗដែលជ្រើសរើសបន្តការសិក្សានៅអង់គ្លេសមានចំនួនកើនឡើងដោយសារកត្តាមួយចំនួនដូចជាគុណភាពនៃការអប់រំបរិក្ខារសិក្សាកម្រិតពិភពលោកជម្រើសសិក្សាដែលអភិវឌ្ឍសិស្សនិស្សិតឱ្យក្លាយជាប្រជាជនសកលលោកទីក្រុងសម្បូរបែបនិងធនធានធម្មជាតិដ៏ស្រស់បំព្រង”។
លោកម៉ៅស្រេងក៏បានមានប្រសាសន៍ថា“ជំនួបផ្ទាល់រវាងសិស្សនិស្សិតនិងមាតាបិតាជាមួយតំណាងស្ថាប័នមកពីចក្រភពអង់គ្លេសផ្តល់ឱកាសអោយពួកគាត់ពិភាក្សាស៊ីជម្រៅអំពីកម្មវិធីសិក្សាលក្ខខណ្ឌចូលរៀនដំណើរការចុះឈ្មោះនិងបរិក្ខារសិក្សាដើម្បីអោយសិស្សនិស្សិតធ្វើការសម្រេចចិត្តសមស្របទៅតាមស្ថានភាពផ្ទាល់ខ្លួន និងគំរោងទៅថ្ងៃអនាគត”។
ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏មានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានអំពីការសិក្សាភាសាអង់គ្លេសដល់សិស្សនិស្សិតដែលត្រៀមខ្លួនបំពេញលក្ខខណ្ឌរបស់ស្ថាប័នអប់រំនានានៅចក្រភពអង់គ្លេស។ក្រុមការងារមជ្ឈមណ្ឌលប្រលងIELTSប្រចាំប្រទេសកម្ពុជាក៏បានចូលរួមផ្តល់ប្រឹក្សាពីការចុះឈ្មោះប្រលងIELTSនិងថ្នាក់សិក្សាត្រៀម។អ្នកចូលរួមក៏មានឱកាសធ្វើតេស្តសាកល្បងតាមប្រព័ន្ធកុំព្យូទ័រ(CDI)ដោយឥតគិតថ្លៃផងដែរ។CDIគឺជាជម្រើសថ្មីសម្រាប់អ្នកចុះឈ្មោះប្រលង IELTS។
លោកវង្សបញ្ញាដែលជាអ្នកចូលរួមកម្មវិធីពិព័រណ៍បានបញ្ចេញមតិថា“កម្មវិធីនេះគឺជាឱកាសល្អសំរាប់អោយសិស្សនិស្សិតកម្ពុជាបានដឹងបន្ថែមពីលក្ខខណ្ឌសិក្សាផ្សេងៗនិងត្រៀមខ្លួនរួចរាល់សម្រាប់បន្តការសិក្សានៅចក្រភពអង់គ្លេស”៕S/
ចំណងជើងរូបថត៖ការទទួលបានព័ត៌មានពីការសិក្សានៅអង់គ្លេសកាន់តែងាយស្រួលជាមួយស្ថាប័នអប់រំ IDP