ដោយៈមេសា/ភ្នំពេញៈ ព្រះភិក្ខុ មុំ សាម៉ន ព្រះមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ បានមានព្រះថេរដីកាអំពីគុណប្រយោជន៍ នៃ សមាធិថា សមាធិ មានគុណប្រយោជន៍ទូលំទូលាយណាស់ មិនមែនសម្រាប់តែព្រះសង្ឃ ដូនជី តាជីឡើយ គឺមានគុណប្រយោជន៍សម្រាប់មនុស្សគ្រប់សង្គម ជាពិសេសសម្រាប់អ្នកសិក្សា ធ្វើឱ្យពួកគេរៀនពូកែ សម្រាប់អ្នកគ្រប់គ្រងគ្រួសារ អ្នកបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋ និង ឯកជន ព្រមទាំងកងទ័ព និង នគរបាលផង ព្រោះ សមាធិ គឺជាការអប់រំផ្លូវចិត្ត ឱ្យចិត្តរាំងមាំ មិនច្រឡោត មិនងាយរងផលប៉ះពាល់ ធ្វើឱ្យមានភាពស្ងប់ ឬ មានសន្តិភាពក្នុងផ្លូវចិត្ត ។
ជាការកត់សម្គាល់ ដោយមើឃើញពីគុណប្រយោជន៍ដ៏ប្រសើរ នៃ សមាធិ ទើបថ្នាក់ដឹកនាំព្រះពុទ្ធសាសនា រៀបចំកម្មវិធីសមាធិជាញឹកញាប់ ដូចជាពិធីបំបួសកុលបុត្ររយៈពេលមួយសប្តាហ៍ជាដើម ដែលពិធីទាំងនោះទាក់ទាញបានអ្នកចូលរួមទាំងព្រះសង្ឃ និង យុវជនរាប់ពាន់អង្គ និង នាក់ ។
ដោយឡែកឆ្នាំនេះ ដែលជាឆ្នាំទី ៤ របស់ខ្លួន សាលាគណរាជធានីភ្នំពេញ និង គណៈសង្ឃនាយក នៃ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីសមាធិ នៅក្នុងបរិវេណវត្តបទុមវត្តី រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែ មករា ដែលមានព្រះសង្ឃ និង គ្រហស្ថចូលរួមជាង ៨០០ អង្គ និង នាក់ ។
ត្រូវបានទទួលស្គាល់ជាទូទៅថា សមាធិគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការគ្រប់គ្រងសតិស្មារតី និង ការបណ្តុះគំនិតប្រាជ្ញា ហើយនៅពេលដែលសង្គមកាន់តែរីកចម្រើនជឿនលឿន សមាធិ ក៏កាន់តែត្រូវការ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសលោកខាងលិច និង ប្រទេសជឿនលឿននានានៅទូទាំងពិភពលោក រៀបចំកម្មវិធីសមាធិច្រើនឡើងៗ ហើយសមាធិ គឺជាពិធីសាមញ្ញដែលគេងាយធ្វើបាន ដូចជានៅតាមផ្ទះរៀងខ្លួនៗ ឬ នៅកន្លែងធ្វើការជាដើម ដោយគ្រាន់តែចំណាយពេល ១៥ នាទី ទៅ ១ ម៉ោង ដើម្បី ប្រមូលអារម្មណ៍ស្មឹងស្មាធិ៍ ក៏ជាការគាប់ប្រសើរ ហើយសូម្បីតែពេលធ្វើដំណើរតាមរថយន្តក្រុងជាដើម ក៏គេអាចធ្វើសមាធិបានដែរ ព្រោះសមាធិ មានច្រើនប្រភេទ ច្រើនថ្នាក់ ហើយមនុស្សគ្រប់គ្នាអាចជ្រើសរើសប្រភេទសមាធិទៅតាមនិស្ស័យរបស់ខ្លួន ៕ Kh