ដោយ:សុខុម/ស្ទឹងត្រែង:ឈ្មួញបានប្រើល្បិចដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចក្នុងការដឹកជញ្ជូនឈើធ្វើជំនួញដោយខុសច្បាប់។ក៏ប៉ុន្តែនៅតែត្រូវសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែងចាប់បានរថយន្តកូរ៉េមួយគ្រឿង នៅម៉ោងជាង១១ ថ្ងៃត្រង់ ថ្ងៃទី២០មករាឆ្នាំ២០២០នេះ ។
នគរបាលខេត្តស្ទឹងត្រែងបានប្រាប់ឱ្យដឹងថាដោយបន្តអនុវត្តច្បាប់ព្រៃឈើហើយបានធ្វើការស្ទាក់ចាប់រថយន្តកែច្នៃមួយគ្រឿងដែលបង្កប់ដឹកជញ្ជូនឈើព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ៤នាក់បញ្ជូនយកទៅសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថារថយន្តប្រភេទកូរ៉េកែច្នៃនេះបានលួចបង្កប់ដឹកឈើចេញពីខេត្តស្ទឹងត្រែងទៅខេត្តផ្សេង។រថយន្តមួយគ្រឿងនេះត្រូវបានឃាត់ត្រួតពិនិត្យនៅលើដងផ្លូវជាតិលេខ៧៨អាក្បែរច្រកចូលទំនប់វារីអគ្គិសនីសេសានក្រោមពីរ។ជាមួយនោះសមត្ថកិច្ចក៏បានរកឃើញឈើកែច្នៃពាក់កណ្តាលលទ្ធផលសំរេច និងបានឃាត់រថយន្ត រួមទាំងមនុស្ស៤នាក់នៅលើរថយន្តនោះ។
ក្រោយការបង្ក្រាបរថយន្តដឹកឈើនិងមនុស្ស៤នាក់ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការសាកសួរ និងពិនិត្យរកសារធាតុញៀន៕S/

