លទ្ធផលនៃការស្រាវជ្រាវបុរាណវិទ្យា​នៅទួលដូនប៉ុក ត្រូវបានផ្សព្វផ្សាយ​ដល់សិស្សានុសិស្សនិងអ្នកភូមិក្នុង​​សហគមន៍បានយល់ច្បាស់ពីការធ្វើ​កំណាយស្រាវជ្រាវនេះ

ដោយ:គូលែន/សៀមរាប ៖ អ្នកជំនាញមកពីអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ បានបញ្ជាក់ថា ជាលទ្ធផលនៃការស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ត្រូវបានផ្សព្វផ្សាយដល់សិស្សានុសិស្សនិងអ្នកភូមិក្នុងសហគមន៍បានយល់ច្បាស់ពីការធ្វើកំណាយ​ស្រាវជ្រាវនេះ។ នេះគឺជាការបញ្ជាក់អោយដឹងនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ។

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បាននិយាយថា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ត្រូវបានផ្សព្វផ្សាយដល់សិស្សានុសិស្សសាលាបឋមសិក្សាក្រសាំងរលើង និងអ្នកភូមិចំណុះទួលដូនប៉ុកជាង៦០នាក់ អោយទទួលបានចំណេះដឹងបន្ថែម។ នេះគឺជាការបញ្ជ្រាបចំណេះដឹងនិងផ្សព្វផ្សាយឱ្យសិស្ស រួមទាំងប្រជាជនក្នុងសហគមន៍បានយល់ច្បាស់ ពីការធ្វើកំណាយស្រាវជ្រាវ និងលទ្ធផលដែលទទួលបាន ដើម្បីបំផុសគំនិតវិជ្ជមានដល់សិស្សនិងអ្នកភូមិឱ្យស្គាល់ពីបុរាណវិទ្យា និងបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងការស្រាវជ្រាវប្រវត្តិ សាស្ត្រ។

អ្នកជំនាញបានបន្តថា ទួលដូនប៉ុកជាភូមិមានមនុស្សរស់នៅជាង១០០០ឆ្នាំមកហើយ ពោលគឺតាំងពីសតវត្សទី១០ មកមានសំណង់ប្រាសាទឥដ្ឋចំនួន១ និងមានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។

នេះគឺ តឹកតាងនៃវត្តមានរបស់មនុស្សនៅទីនោះគឺសំណល់កុលាលភាជន៍ ប៉ុន្តែប្រាសាទនៅលើទួលបានដួលរលំនៅសតវត្សទី១២ឬទី១៣ និងលែងជាកន្លែងប្រារព្ធពិធីសាសនាទៀតហើយ ពោលគឺនៅត្រឹមតែជាគោកអ្នកតាប៉ុណ្ណោះ។ ការបោះបង់ទួលនេះ ប្រហែលស្របពេលនឹងការកសាងវត្តអាធ្វារនាសតវត្សទី១២ឬទី១៣ដែរ ហើយមនុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។

តាមរយៈការស្រាវជ្រាវនេះ ក្រៅពីប្រាសាទនៅរមណីយដ្ឋានអង្គរ ក៏មានប្រាសាទតូចធំ បុរាណដ្ឋានជាច្រើន ហើយមនុស្សបានរស់នៅទីនោះដែលបង្ហាញអត្តសញ្ញាណខ្មែរ ការវិវត្តនៃអរិយធម៌ពីសម័យអង្គរមកដល់សព្វថ្ងៃ និងក៏ជាភស្តុតាងបញ្ជាក់ថា ពួកយើងពិតជាកូនចៅតពីដូនតាសម័យអង្គរមែន។

យុវសិស្ស ហូន គឹមហាន រៀនថ្នាក់ទី៦នៃសាលាបឋមសិក្សាក្រសាំងរលើង មានមតិថា នេះជាលើកទី១ដែលបានស្តាប់ការពន្យល់ពីការងារស្រាវជ្រាវបុរាណវិទ្យា បានឃើញគេធ្វើកំណាយនិងបានស្គាល់អំពីវត្ថុបុរាណក្រោមដី ដែលមិនដឹងថាទួលនេះមានថ្មបាយក្រៀម ប្រាសាទ អំបែងចាន ក្អមទេ ហើយប្តេជ្ញានឹងចូលរួមថែទាំ ក៏ដូចជាសិក្សាពីវាឱ្យបានល្អទៅថ្ងៃអនាគត។

អ្នកស្រី ឈុត គូ នៅភូមិទ្រាក ក៏សប្បាយចិត្តដែលបានឃើញការស្រាវជ្រាវពីប្រវត្តិនៃវត្ថុទាំងនោះនៅទួលដូនប៉ុកដោយផ្ទាល់ បានស្គាល់ភាជន៍ ក្អម ចាន និងប្រវត្តិរបស់វា។ អ្នកស្រីគាំទ្រសកម្មភាពនេះនិងចង់ឱ្យកូនបានរៀនសូត្រផ្នែកនេះផងពេលកូនធំ ដើម្បីបម្រើប្រយោជន៍ដល់ប្រទេសខ្មែរនិងប្រជាជនខ្មែរបានដឹងពីសាវតារបស់ខ្លួន៕B/

 
    

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...