ទើបបង្កើតឡើងនៅឆ្នាំ២០១៨ ជំនួសអោយបណ្តាបក្សចាស់ៗដែលត្រូវរំលាយចោលឬបក្សចាស់វស្សាតែមិនមានសង្ឃឹមឈ្នះឆ្នោតកែប្រែសង្គមបាន គណបក្សអនាគតឆ្ពោះទៅមុខ(FFP)បានបង្ហាញកម្លាំងរឹងមាំមួយនៅក្នុងការបោះឆ្នោតកាលពីខែមីនាឆ្នាំមុន ដោយឈរនៅចំណាត់ថ្នាក់ទី៣ជាមួយនឹងអ្នកបោះឆ្នោតអោយ៦,២លានសន្លឹក។
គណបក្សដឹកនាំដោយមហាសេដ្ឋីវ័យក្មេង ប្រើសម្តីមិនសូវចេះទប់ ថាណាថន រឿងរុងរឿងគិត ។វាមានកម្មវិធីនយោបាយជឿនលឿនមួយ និងអំពាវនាវអោយបញ្ចប់ឥទ្ធិពលស្ថាប័នជាន់លើដែលដឹកនាំដោយយោធាលើនយោបាយថៃ និងទាក់ទាញការគាំទ្រភាគច្រើនពីក្រុមអ្នកបោះឆ្នោតក្មេងៗដែលបានរៀនសូត្រយល់ដឹងអំពីសង្គមនិងលទ្ធិប្រជាធិបរតេយ្យច្រើន។
ហេតុអ្វីបានជាវាស្ថិតក្រោមការគំរាម?
តុលាការធម្មនុញ្ញបានបើកសវនាការលើបណ្តឹងសុំរំលាយគណបក្សនេះកាលពីថ្ងៃពុធទី២១មករាចំពោះការចោទប្រកាន់ថាគណបក្សFFPបំផ្លាញរបបរាជានិយមអាស្រ័យធម្មនុញ្ញ តាមរយៈការថ្លែងរបស់មន្ត្រីបក្សនៅក្នុងសិក្ខាសាលានិងការជួបជុំនានា។
បណ្តឹងចោទប្រកាន់ស្ថាបនិកបក្សលោកថាណាថន រឿងរុងរឿងគិត និងពួកប្រធានប្រតិបត្តិផ្សេងៗរបស់បក្សនេះ ថាជាផ្នែកនៃ«ចលនាប្រឆាំងរាជានិយម»។
ស្តេច មហា វេចរ៉ាឡុងកន ព្រះជន្ម៦៧វស្សា ជាព្រះមហាក្សត្រអាស្រ័យធម្មនុញ្ញ ។ព្រះអង្គជាបុគ្គលជាទីសក្ការនិងជាអ្នកការពារប្រទេស ហើយការប្រមាថស្តេចជាទោសឧក្រិដ្ឋមួយដែលអាចជាប់គុកដល់១៥ឆ្នាំ។ដូច្នេះ ការប៉ុនប៉ងណាមួយដើម្បីលុបចោលរបបរាជានិយមថៃ ជាបទល្មើសធ្ងន់ធ្ងរ។
ទោះជាយ៉ាងណា ចាត់ទុកជាសំណាងមួយ តុលាការធម្មនុញ្ញថៃកាលពីថ្ងៃអង្គារទី២១មករាបានដកចោលការចោទប្រកាន់ពីបទស្វះស្វែងផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញប្រឆាំងគណបក្សធំបផុតទី៣របស់ប្រទេសនេះ។ទោះជាយ៉ាងណា គណបក្សនៅសល់បណ្តឹងរំលាយគណបក្សមួយទៀត ពាក់ព័ន្ធនឹងការរំលោភច្បាប់បោះឆ្នោត។
គណបក្សនេះបាននិយាយថា ខ្លួនគាំទ្ររបបរាជានិយម និងមិនមានសេចក្តីថ្លែងការណ៍ផ្លូវរបស់ខ្លួនណាមួយរិះគន់ស្តេចទេ។ក្នុងពេលជាមួយគ្នា ពួកមន្ត្រីគណបក្សFFPបានអះអាងថា គឺគណបក្សនិងពួកអ្នកគាំទ្ររដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចានអូចា ដែលកំពុងប្រើរបបរាជានិយម ជាលេសដើម្បីគាបសង្កត់ក្រុមប្រឆាំង។
លោកប្រាយុទ្ធ បានចូលកាន់អំណាចក្នុងរដ្ឋប្រហារយោធាមួយនៅឆ្នាំ២០១៤ និងគណបក្សរបស់លោកបានឈ្នះឆ្នោតកាលពីឆ្នាំមុន នៅក្នុងដំណើរការបោះឆ្នោតមួយដែលក្រុមប្រឆាំងថ្កោលទោសនិងចាត់ទុកថាជាការលេងល្បិចដើម្បីអោយបក្សគាំទ្រយោធាបន្តនៅក្នុងអំណាច។
ប្រសិនបើត្រូវរំលាយ ភាគច្រើននៃសមាជិកសភាទាំង៧៦រូបរបស់បក្សនេះ អាចរក្សាកៅអីសភារបស់គេបានតែពួកគេត្រូវសុំចូលក្នុងគណបក្សក្នុងសភាណាមួយក្នុងរយៈពេល៦០ បើមិនដូច្នេះទេអាសនៈរបស់ពួកគេនឹងត្រូវទំនេរចោលដល់ការបោះឆ្នោតលើកក្រោយ។ចំណែកគណៈកម្មាធិការប្រតិបត្តិចំនួន១០នាក់របស់FFPត្រូវហាមឃាត់ធ្វើនយោបាយ។
តាមពិតថៃមានប្រវត្តិហាមប្រាមបក្សនយោបាយតាំងពីមុនមក ដោយនៅឆ្នាំ២០០៧ តុលាការធម្មនុញ្ញបានរំលាយចោលបក្សថៃ រ៉ាក់ ថៃ ដែលបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត។បន្ទាប់ពីគណបក្សនិយមថាក់ស៊ីនមួយទៀត គឺបក្សអំណាចប្រជាជនឈ្នះការបោះឆ្នោតនៅក្រោយរដ្ឋប្រហារនិងបង្កើតរដ្ឋាភិបាលថ្មីមួយ តុលាការបានរំលាយវាចោលទៀតនៅឆ្នាំ២០០៨។
កាលពីឆ្នាំមុន តុលាការដដែលបានរំលាយចោលគណបក្ស ថៃរក្សាឆាត ដែលជាគណបក្សគាំទ្រថាក់ស៊ីនមួយទៀត ក្រោយពីវាបានតែងតាំងព្រះអង្គម្ចាស់ក្សត្រិយ អ៊ូប៊ុនរតនា ជាបេក្ខជននាយករដ្ឋមន្ត្រី។តុលាការសំរេចថា ការតែងតាំងនោះខុសរដ្ឋធម្មនុញ្ញ ដោយសាររាជវង្សនៅលើនយោបាយ៕ប្រែសម្រួល៖វាសនា

ចាំមើលថាតើគណបក្សFFPរបស់ថាណាថន រួចផុតពីការរំលាយបានទេក្នុងបណ្តឹងមួយទៀត