អតីតមេប៉ូលិសអន្តរជាតិជនជាតិចិនត្រូវបានកាត់ទោសជាប់ពន្ធនាគារ ១៣ ឆ្នាំ

289
ចែករម្លែក

អតីតមេបញ្ជាការប៉ូលិសអន្តរជាតិលោក ម៉េង ហុងវៃ ដែលត្រូវបានឃុំខ្លួនក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១៨ ឥឡូវត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង ១៣ ឆ្នាំពីបទសូកប៉ាន់ក្នុងករណីមួយដែលធ្វើឱ្យរង្គោះរង្គើស្ថាប័នប៉ូលិសអន្តរជាតិ។

លោកម៉េង ដែលជាអតីតអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈ បានស្ថិតក្នុងចំណោមក្រុមកម្មាភិបាលកុម្មុយនីស្តកំពុងរីកធំមួយក្រុម ដែលជាប់ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ប្រធានាធិបតីស៊ី ជីនពីង ដែលក្រុមអ្នករិះគន់និយាយថាបានដើរតួជាមធ្យោបាយមួយដើម្បីកម្ចាត់សត្រូវនយោបាយរបស់មេដឹកនាំចិនរូបនេះ។

លោកបានបាត់ខ្លួនក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនពីប្រទេសបារាំង ដែលជាមូលដ្ឋានរបស់ប៉ូលិសអន្តរជាតិ ហើយក្រោយមកត្រូវបានចោទប្រកាន់ពីបទទទួលសំណូកនិងត្រូវបណ្តេញចេញពីបក្សកុម្មុយនីស្ត។

ភរិយារបស់លោកត្រូវបានផ្តល់សិទ្ធិជ្រកកោននយោបាយនៅប្រទេសបារាំងកាលពីឆ្នាំមុនបន្ទាប់ពីលោកស្រីនិយាយថា លោកស្រីខ្លាចថាលោកស្រីនិងកូនពីរនាក់ទៀតនឹងក្លាយជាគោលដៅនៃការប៉ុនប៉ងចាប់ពង្រត់។

តុលាការប្រជាជនជាន់ទាបទីមួយធៀនជីនបាននិយាយកាលពីថ្ងៃអង្គារទី២១មករាថា លោកម៉េងត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ ៦ ខែនិងពិន័យជាប្រាក់ចំនួន ២ លានយ័ន (២៩០.០០០ ដុល្លារ) ។

នៅក្នុងសវនាការរបស់គាត់កាលពីខែមិថុនា គាត់បានសារភាពថាគាត់បានទទួលសំណូក ២,១ លានដុល្លារបន្ទាប់ពីតុលាការបាននិយាយថាគាត់បានប្រើឋានៈនិងមុខតំណែងរបស់គាត់ដើម្បី “ស្វែងរកផលប្រយោជន៍មិនត្រឹមត្រូវ” និងប្រមូលសំណូក។

សេចក្តីថ្លែងការណ៍របស់តុលាការកាលពីថ្ងៃអង្គារបាននិយាយថាលោកម៉េងបាន “សារភាពចំពោះរាល់អង្គហេតុព្រហ្មទណ្ឌទាំងអស់” ហើយនឹងមិនប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះទេ៕ ដោយ៖ កញ្ញាដាលីស

លោកម៉េងត្រូវតុលាការចិនកាត់ទោសជាប់គុក ១៣ ឆ្នាំ ៦ ខែកាលពីថ្ងៃអង្គារពីបទស៊ីសំណូក

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ