ទំនប់ទឹកប្រៃប្រវែង៥,២០០ម៉ែត្រ​នៅឃុំកណ្តោល ស្រុកបូទុមសាគរ ​សម្រេចបាន៩៦ភាគរយ

246
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ គម្រោងសង់ទំនប់ទឹកការពារទឹកប្រៃមិនឱ្យចូលដីស្រែចម្ការប្រជាពលរដ្ឋប្រវែង៥,២០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានទ្វារទឹកបិទបើកចំនួន៤កន្លែងនៅក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ សម្រេច​បាន៩៦ភាគរយ ដោយគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធានាសាស្រ្តថ្មីមួយនេះមានការគាំទ្រពីរដ្ឋបាលខេត្តកោះកុង មន្ទីរជំនាញ និងក្រុមហ៊ុនអង្គការដៃគូ។

នៅសល់តែ៤ភាគរយទៀតប៉ុណ្ណោះ ទំនប់ការពារទឹកប្រៃមិនហូរចូលដីស្រែចម្ការនឹងបញ្ចប់ការសាងសង់ជាស្ថាពរហើយ ក្រោយបិទការដ្ឋានបញ្ចប់គម្រោងអនុវត្តក៏មានការថែ ទាំ រយៈពេល៨ខែបន្ថែម ដើម្បីតាមដាននូវដំណើរការគុណភាពទំនប់ឱ្យល្អប្រសើរ។

លោក ក្រូច បូរីសីហា អភិបាលរងស្រុកបូទុមសាគរ បានថ្លែងប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ថា ទំនប់ការពារទឹកជាតិប្រៃនេះ មានប្រវែង ៥,២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ មានទ្វារទឹកចំនួន៤កន្លែង ដោយប្រព័ន្ធធារាសាស្រ្តថ្មីមួយនេះដែរឧបត្ថម្ភគាំទ្រដោយការិយាល័យផែនការឃុំសង្កាត់ សហការជាមួយមន្ទីរបរិស្ថាន មន្ទីរធនធានទឹក គម្រោងADB និងសមាគសុវណ្ណាបៃតង។

បើតាមលោកអភិបាលស្រុកបូទុមសាគរ ដំណើរការសង់ទំនប់ទឹកប្រៃនៅមូលដ្ឋាន ឃុំ កណ្តោល វាជាតម្រូវការចាំបាច់សម្រាប់ប្រជាកសិករ សម្រាប់បង្កបង្កើនផលកសិកម្មចិញ្ចឹមជីវិតរស់នៅ។ លោកក៏រំពឹងដែរថា នៅពេលដែលទំនប់បញ្ចប់ការដ្ឋានឆ្នាំ២០២០ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ជាកសិករប្រកបរបរធ្វើស្រែចម្ការ មិនអាចឱ្យទឹកប្រៃហូរជ្រាបទឹកដីកសិកម្មពលរដ្ឋទៀតទេ។

តំណាងប្រជាពលរដ្ឋចំនួន២១៨គ្រួសាររស់នៅភូមិព្រលាន លោក ឆឹង ង៉ែ មេឃុំកណ្តោល អះអាងថា គម្រោងធ្វើទំនប់ទប់ទឹកប្រៃជាង៥,២០០ម៉ែត្រនេះ ផ្តើមឡើងតាំងខែមេសា ឆ្នាំ២០១៩ មកម្ល៉េះ ដោយគ្រោងបញ្ចប់នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ខាងមុខ។ មូលហេតុដែលក្រុមការងារជំនាញមិនសម្រេចបាន៤ភាគរយទៀត ព្រោះតែនៅសំអាតប្រព័ន្ធ លូ និងដាំស្មៅលម្អតាមសងខាងទំនប់ជាដើម។

លោកមេឃុំកណ្តោល បន្ថែមទៀតថា ទំនប់នេះផ្តើមពីចំណុចភូមិធ្នុង់ដល់ព្រំប្រទល់ឃុំ អណ្តូងទឹក។ កន្លងទៅ លោកបានគត់សម្គាល់ថា រាល់រដូវវស្សាតែងមានទឹកប្រៃហូរចូលដីស្រែចម្ការពលរដ្ឋដែលធ្វើឱ្យទិន្នផលកសិកម្មស្អុយរលួយ​ឬសគល់ខាតបង់ស្ទើរ​គ្មាន​សស់អ្វីឡើយ។ ដូច្នេះទំនប់ផ្តល់សារៈខ្លាំងដល់ប្រជាពលរដ្ឋរបស់លោកនៅពេលធ្វើរួចរាល់ជាស្ថាពរ៕B/

  

ទីតាំងផ្សាយពាណិជ្ជកម្ម