ដោយ:ពៅ និមល/ភ្នំពេញ ៖ ខណៈដែលរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន៍ គ្រោងនឹង​ដាក់ឲ្យអនុវត្តន៍នៅក្នុងឆ្នាំនេះ ត្រូវមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមទុកថា របបនេះនឹងរួមចំណែកយ៉ាងសកម្ម ដើម្បីជួយទំនុកបម្រុងជីវភាពប្រជាជនពេលចាស់ជរាខ្វះលទ្ធភាពស្វែងរកប្រាក់ចំណូល ព្រមទាំងកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារ និងទម្លាប់ចិញ្ចឹមគ្នាទៅវិញទៅមកនោះ(ឳពុកម្តាយចិញ្ចឹមកូន កូនត្រូវតែចិញ្ចឹមឳពុកម្តាយវិញ)។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ លោក ស៊ុ សោភ័ណ នាយករង ប.ស.ស បានលើកឡើងថា ក្នុងកាលៈទេសៈដែលការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិមានការរីកចម្រើនប្រកបដោយចីរភាព និងអាចទ្រទ្រង់បាន នេះគឺជាពេលវេលាដ៏ស័ក្តសមបំផុតក្នុងការបង្កើតឲ្យមានរបបសន្តិសង្គមផ្នែកប្រាក់សោធនសម្រាប់​វិស័យឯកជននៅកម្ពុជា។ របបនេះនឹងជួយទប់ស្កាត់នូវបញ្ហាប្រឈម ដោយសារអត្រាមនុស្សចាស់កើនឡើងជាគំហុកក្នុងរយៈពេល៥០ឆ្នាំខាងមុខ។

លោករៀបរាប់ថា បន្ទាប់ពីច្បាប់ស្តីពីរបបសន្តិសុខសង្គមបានប្រកាសដាក់ឲ្យប្រើដោយព្រះមហាក្សត្រ និងចូលជាធរមានរួចមក។ ប.ស.ស ក្នុងនាមជាប្រតិបត្តិករសន្តិសុខសង្គមបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យនេះចំនួន០៤លើករួចមកហើយ ជាមួយតំណាងភាគីនិយោជក តំណាងភាគីសហជីព ជាពិសេសនោះគឺជាមួយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គមដែលជាបញ្ញត្តិករសន្តិសុខសង្គមនៅកម្ពុជា។

លោកបានបញ្ជាក់ថា យោងតាមរបាយការណ៍ស្រាវជ្រាវអំពីការវិភាគវាយតម្លៃរបបសន្តិសុខសង្គមនៅកម្ពុជា របស់អង្គការអន្តរជាតិខាងការងារ (ILO) ឆ្នាំ២០១៧ បានបង្ហាញ​ថា បច្ចុប្បន្នមានប្រជាជនកម្ពុជា៦,៥ភាគរយ ដែលមានអាយុលើសពី៦០ឆ្នាំ។ ផ្អែកតាមទិន្នន័យក្នុងពេលបច្ចុប្បន្ននេះ ក្រុមប្រជាជនអាយុចាប់ពី ០ ដល់ ១៤ឆ្នាំ មានចំនួន៥​លាននាក់ ក្រុមប្រជាជនអាយុចាប់ពី ១៥ ដល់ ៥៤ឆ្នាំ មានចំនួនជាង០៩លាននាក់ និងក្រុមប្រជាជនអាយុចាប់ពី៥៥ឡើងទៅ មានចំនួនជាង០១លាននាក់ សមាមាត្រនេះត្រូវបានរំពឹងថា នឹងមានការកើនឡើងប្រមាណ២៤ភាគរយ ប្រហែលជាជាង០៧លាននាក់ នាឆ្នាំ២០៦៨ ក្នុងរយះពេល៥០ឆ្នាំខាងមុខ។

ដើម្បីឲ្យរបបសន្តិសុខសង្គមអាចគ្របដណ្តប់បានទូលំទូលាយរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឲ្យមានច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី ដែលរួមមាន១១ជំពូក និង១០៧មាត្រា ដោយបានប្បញ្ញត្តិអំពីតួនាទីភារកិច្ចច្បាស់លាស់របស់និយ័តករសន្តិសុខសង្គម ប្រិតបត្តិករសន្តិសុខសង្គម ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស និងក្រុមប្រឹក្សាធនាភិបាលដែលជាអង្គភាពវិនិយោគមូលនិធិសន្តិសុខសង្គមនៅកម្ពុជា និងជាពិសេសគោលការណ៍ទូទៅនៃរបបសន្តិសុខសង្គមដែលរួមមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ៕B/