ដោយៈសាវរក្ស/ភ្នំពេញ៖ប្រពន្ធទប់កំហឹងលែងបានយកកន្សែងរឹតកសម្លាប់ប្តីត្រឡប់ពីដេកផ្ទះសំណាក់ជាមួយស្រីស្នេហ៍វិញព្រោះចេះតែរករឿងប្រើហិង្សាដាក់ប្រពន្ធ។ការសម្លាប់នេះកាលពីវេកាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២១ខែមករាឆ្នាំ២០២០ចំណុចមុខបន្ទប់ជួលក្នុងភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
លោកហ៊ាងថារ៉េតអធិការខណ្ឌឬស្សីកែវបានឱ្យដឹងថាសពជនរងគ្រោះមានឈ្មោះស្បោងគឹមភេទប្រុសអាយុ៥៩ឆ្នាំស្នាក់នៅភូមិកើតហេតុមុខរបរបម្រើការជាបុគ្គលិកក្រុមហ៊ុនសម្លាប់សត្វល្អិត។ស្ត្រីជាប្រពន្ធឈ្មោះសុខសុណ្ណារាអាយុ៥៧ឆ្នាំមុខរបរលក់នំបញ្ចុកស្នាក់នៅជាមួយគ្នា។
លោកអធិការបន្តថានៅមុនពេលកើតហេតុនៅវេលាយប់ថ្ងៃទី២០ខែមករាឆ្នាំ២០២០ប្តីបានចេញពីផ្ទះទៅដេកផ្ទះសំណាក់យីហោមិត្តយើងជាមួយស្រីថ្មីដែលនៅក្បែរផ្ទះ។លុះព្រឹកឡើងថ្ងៃទី២១ត្រឡប់មកផ្ទះវិញក៏ឈ្លោះគ្នាមួយប្រាវរួចប្រពន្ធក៏ចេញទៅលក់នំបញ្ចុកដូចសព្វដង។រហូតដល់ម៉ោង១១ថ្ងៃត្រង់ថ្ងៃដដែលក៏បានឈ្លោះជេប្រមាថស្ត្រីជាប្រពន្ធនិងគំរាមអារកសម្លាប់និងសុំលែងលះគ្នា។
ទើបធ្វើឱ្យស្ត្រីជាប្រពន្ធផ្ទុះកំហឹងយ៉ាងខ្លាំងក៏ស្ទុះទៅយកកន្សែងមករឹតកផ្តួលផ្ទប់និងដីនៅមុខបន្ទប់ស្នាក់នៅរបស់ខ្លួនរួចទាញកន្សែងចេញដោយមិននឹកស្មានថាប្តីស្លាប់ទេ។តែដល់ពេលស្ទាបដង្ហើមប្តីទើបដឹងថាស្លាប់បាត់ទៅហើយ។ក្រោយពេលកើតហេតុស្ត្រីជាប្រពន្ធនៅយំឱបប្តីដោយមិនបានរត់ទៅណាឡើយភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ស្ត្រីយកទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕S/


