ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ (GOH SI HOU) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅទីបញ្ជាការកងទ័ពជើងគោក។
នៅក្នុងជំនួបពិភាក្សា ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែតបានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី១របស់មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីមកកាន់ព្រះរាជាណាចក្រកម្ពុជា។ដែលអាចចាត់ទុកថាជានិមិត្តរូបនៃការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតក៏បានឆ្លៀតយកឱកាសនេះថែ្លងអំណរគុណចំពោះកងទ័ពសិង្ហបុរីដែលកន្លងមកតែងបានជួយបណ្តុះបណ្តាលនាយទាហានវ័យក្មេងកម្ពុជានិងបានសំណូមពរឱ្យសិង្ហបុរីបន្តផ្តល់ការគាំទ្របន្ថែមទៀតលើវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ។
ចំណែកមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីបានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅនិងបានបង្ហាញភាពរីករាយចំពោះការបានទៅទស្សនាប្រាង្គប្រាសាទនានានៅក្នុងខេត្តសៀមរាប ព្រមទាំងបានកត់សម្គាល់អំពីការរីកចម្រើនដ៏ឆាប់រហ័សនៃរាជធានីភ្នំពេញក្នុងបរិយាសកាសប្រកបដោយសុខសន្តិភាព។
មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីបានបញ្ជាក់ថាដំណើរទស្សនកិច្ចផ្លូវការលើកទី១របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជាកាលពីពេលកន្លងទៅថ្មីៗនេះនិងដំណើរទស្សនកិច្ចផ្លូវការលើកទី១របស់លោកនាពេលនេះគឺជាសញ្ញាវិជ្ជមានមួយដ៏ល្អសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការនៃកងទ័ពរបស់ប្រទេសទាំងពីរដោយនឹងបន្តជំរុញអនុវត្តការងារដែលបានពិភាក្សានិងឯកភាពព្រមព្រៀងគ្នាកន្លងមកឱ្យទទួលបានលទ្ធផលល្អប្រសើរ៕S/
រូបថតៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី