ដោយបូកគោ/កំពត៖ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថាកិច្ចការអប់រំតម្រូវឱ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធនានាដោយមិនអាចខ្វះបាន ពិសេសទំនាក់ទំនងរវាងសាលារៀន គ្រួសារ និងសង្គម។លោកភូលិអភិបាលរងខេត្តកំពតបានអញ្ជើញបើកពិធីសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡាសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅអនុវត្តឆ្នាំសិក្សា២០១៩-២០២០ នៅសាលប្រជុំនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពតកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។
លោកអភិបាលរងខេត្តបានមានប្រសាសន៍ថាកិច្ចការអប់រំទាមទារឱ្យមានការចូលរួមឱ្យបានគ្រប់ជ្រុងជ្រោយពីផ្នែកពាក់ព័ន្ធទាំងអស់ដោយមិនអាចពឹងផ្អែកលើវិស័យអប់រំតែមួយផ្នែកបានទេ។មានន័យថាសាលារៀនជារបស់សហគមន៍ ហើយសហគមន៍ដើម្បីសាលារៀន។
លោកភូលិបានបន្តទៀតថាកិច្ចការអប់រំមានភាពប្រទាក់ក្រឡាគ្នាជាលក្ខណៈប្រព័ន្ធដែលមិនអាចខ្វះបានរវាងកត្តាបីជាសំខាន់គឺសាលារៀនគ្រួសារនិងសង្គម។ការបាត់ទំនាក់ទំនងចំពោះកត្តាទាំងបីនេះនឹងមិនអាចទទួលបានលទ្ធផលល្អប្រសើរស្របតាមបំណងនិងគោលដៅដែលបានកំណត់ទុកនោះទេ។ក្នុងន័យនេះគឺតម្រូវឱ្យសាលារៀនមានកិច្ចសហការជិតស្និទ្ធជាមួយគ្រួសារសហគមន៍និងសង្គមដោយមិនអាចខកខានបានឡើយ៕S/