ដោយ:អង្គរតូច/សៀមរាប៖ឡដុតធ្យូង៦កន្លែងក្នុងចំណោមជិត១០០កន្លែងក្នុងឃុំប្រាសាទនៃស្រុកវ៉ារិនខេត្តសៀមរាប ត្រូវអាជ្ញាធរចុះបិទកាលពីថ្ងៃទី២០ ខែមករានេះ ក្រោយអ្នកភូមិប្តឹង។
ស្មៀនឃុំប្រាសាទដែលបាននាំកម្លាំងចុះទៅដល់និងបិទឡដុតធ្យូងលោកឈឿមឆៃលីបានប្រាប់តាមទូរសព្ទ័ថាពិតជាមានការចុះទៅពិនិត្យនិងបិទដំណើរដុតធ្យូងចំនួន៦ឡប្រាកដមែន។ការបិទអាជីវកម្មឡដុតធ្យូងនេះគឺបន្ទាប់ពីមានអ្នកភូមិមកប្តឹងរឿងផ្សែងហុយពិបាកទ្រាំក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ក្រៅពីប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរក៍មានស្ត្រីមានផ្ទៃពោះរស់រងការស្រូបផ្សែងពៅឡដុតធ្យូងទាំងនោះផងដែរ។
លោកបន្តថាតាមគោលការអាជ្ញាធរគ្រោងនិងបិទមិនអោយមានឡដុតធ្យូងទាំងស្រុងនៅក្នុងស្រុកវ៉ារិន។ប៉ុន្តែដោយឡធ្យូងទាំង៦ខាងលើនេះស្ថិតនៅក្បែរផ្ទះពលរដ្ឋទើបសម្រេចបិទមុនគេ។លោកស្មៀនឃុំ បន្ថែមថា ឡដុតធ្យូងក្នុងឃុំប្រាសាទនៃស្រុកវ៉ារិន មានមិនតិចជាង៧០ទៅ ៨០ កន្លែងនោះទេ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ដុំផ្សែងបានហោះគ្របដណ្តប់ ធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង។ ក្រៅពីនោះ អត្រាកាប់បំផ្លាញព្រៃ ក៍កាន់តែរីករាលដាលផងដែរ។ ចឹងទេក្រោយស្រង់ទូរលេខ ជាក់ លាក់ អាចឈានដល់ការបិទទាំងស្រុងចំពោះឡដុតធ្យូងក្នុងឃុំមួយនេះ។
ដោយឡែកលោកម៉ុងប៊ុនលិមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបក៏បានលើកឡើងស្រដៀងគ្នាដែរថា ចំពោះឡដុតធ្យូ គោលការរបស់ក្រសួងមានរួចហើយ យើងត្រៀមអនុវត្ត។ លោកបន្តថា ជាការពិតក្រៅពីបង្កការប៉ះពាល់សុខភាពនិងបរិស្ថានឡដុតធ្យូងគឺជាដើមចមនៃការកាប់បំផ្លាញព្រៃឈើ។ថ្វីត្បិតលោកនាយខណ្ឌរដ្ឋបាលព្រៃឈើមិនបានបញ្ជាក់ថាស្រុក៦ទៅ៧ស្ថិតនៅប៉ែកខាងលើនៃខេត្តសៀមរាបមានឡដុតធ្យូងសរុបប៉ុន្មានតែលោកទទួលស្គាល់ថាមានច្រើននិងជាដើមចមនៃការកាប់បំផ្លាញព្រៃឈើប្រាកដ។
លោកបន្តថាចំពោះអ្នកចូលកាប់ព្រៃយកឈើមកធ្វើអុសធ្យូងភាគច្រើនជាអ្នករានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ។ដំបូងកាប់ឈើយកមកធ្វើអុសធ្យូងលុះព្រៃទាំងនោះអស់ដើមឈើធំក៍ផ្តើមត្រួសព្រៃតូចៗហើយកាប់គាស់ធ្វើចំការនិងឈានដល់កាន់កាប់ដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិតែម្តង។ករណីខាងលើនេះខាងលោកកំពុងសហការជាមួយអាជ្ញាធរស្រុកដើម្បីបិតអាជីវកម្មឡដុតធ្យូងទាំងអស់តែម្តង។
ជាមួយនិងការអះអាងរបស់អាជ្ញាធរ ក៏ដូចជារដ្ឋបាលព្រៃឈើខាងលើនេះ ក៏មានការលើកឡើងថា ធាតុពិតប្រភពនៃការបំផ្លាញព្រៃឈើ គឺអាជីវកម្មឡដុតធ្យូងនេះហើយ។ ពួកគេអាចកាប់ឈើពី២០ទៅ ៣០ដើមទើបបានអុសពេញមួយឡាន និងពេញឡ។ចឹងក្នុងមួយថ្ងៃ បើដុតត្រឹម១០ទៅ២០ឡ ពួកគេអាចកាប់ដើមឈើ២០០ទៅ៣០០ដើម។ផ្ទុយទៅវិញក្រុមឈ្មួញដឹកឈឿអារក្នុងឈើមួយដើមពួកគេអាចកាប់អារដឹកបានមួយឡានឬពីរឡាន ព្រោះដើមធំទើបកាប់។
ប្រភពបញ្ជាក់ថាចំណុចខាងលើនេះសម្រាប់អ្នកមិនបានគិតយល់ថាកាប់អុសឬដឹកអុសមិនមានច្បាប់ហាមឃាត់ឡើយគឺផ្ទុយពីឈ្មួញដឹកឈើ។យោងតាមការអះអាងរបស់អាជ្ញាធរនិងសមត្ថកិច្ចជំនាញខាងលើគេរំពឹងថាខេត្តសៀមរាបនឹងនាំមុខគេក្នុងការទប់ស្កាត់ការកាប់ព្រៃរានយកដីនិងការបំផ្លាញព្រៃឈើតាមរយៈឡដុតធ្យូងក្នុងពេលដ៍ខ្លីខាងមុខ៕S/