ជាលើកដំបូងអាម៉េរិកកាលពីថ្ងៃអង្គារទី២១មករា បានប្រកាសករណីអ្នកកើតជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសថ្មីមួយដែលបានសម្លាប់មនុស្ស៦នាក់នៅចិន និងចម្លងទៅមនុស្សរាប់រយនាក់។
បុរសដែលជាពលរដ្ឋអាម៉េរិក អាយុខ្ទង់៣០ឆ្នាំ បានទៅរកអាជ្ញាធរដោយខ្លួនឯងក្រោយអានរបាយការណ៍សារព័ត៌មានស្តីពីជំងឺរលាកសួតបង្កឡើងដោយវីរុសស្រដៀងគ្នានឹងវីរុសSARS។បច្ចុប្បន្ន បុរសនេះកំពុងព្យាបាលដាច់ដោយឡែកពីគេ។
បុរសនេះបានចូលអាម៉េរិកកាលពីថ្ងៃ១៥មករា ក្រោយបានធ្វើដំណើរទៅក្រុងវូហាន នៅ២ថ្ងៃមុនអាជ្ញាធរអាម៉េរិកដាក់ឧបករណ៍វាស់កំដៅខ្លួនអ្នកទេសចរចិននៅតាមអាកាសយានដ្ឋានធំៗ។
កាលពីថ្ងៃអង្គារ តៃវ៉ាន់ក៏បានរាយការណ៍ករណីដំបូងនៃអ្នកឆ្លងកូរ៉ូណាវីរុសនេះ។អ្នកជំងឺជាស្ត្រីតៃវ៉ាន់វ័យខ្ទង់៥០ឆ្នាំដែលរស់នៅក្រុងវូហាន ហើយបានវិលមកកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ ជាមួយនឹងរោគសញ្ញាក្តៅខ្លួន ក្អកនិងឈឺបំពង់ក។
នៅអូស្ត្រាលី បុរសម្នាក់ក៏ត្រូវបានដាក់នៅដាច់ពីគេដោយសង្ស័យឆ្លងវីរុសមកពីចិន បន្ទាប់ពីគាត់បានទៅលេងប្រទេសចិន ហើយបង្ហាញរោគសញ្ញានៃវីរុសដូចជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ(Sars)។
មានអ្នកឆ្លងថ្មីជាង៨០ករណីនៅចិនត្រូវបានបញ្ជាក់ ជាហេតុធ្វើឲ្យចំនួនអ្នកឆ្លងវីរុសនេះសរុបនៅចិនឡើងដល់៣១៥នាក់ ភាគច្រើននៅក្នុងខេត្តហ៊ូបេ៕ប្រែសម្រួល៖វាសនា/Ha

បណ្តាប្រទេសអាស៊ីកំពុងបង្កើនវិធានការទប់ស្កាត់វីរុសថ្មីនេះ នៅពេលចំនួនអ្នកឆ្លងនិងអ្នកស្លាប់បន្តកើនឡើង