ក្លិបម៉េនឆេស្ទ័រយូណាយធីតក៏កំពុងប្រុងជើងការណ៍ផងដែរជុំវិញស្ថានភាពរបស់ អេឌីនសិន កាវ៉ានី (Edinson Cavani) បន្ទាប់ពីលោក ឡេអូណាដូ (Leonardo) ប្រធានបច្ចេកទេស របស់ក្លិប PSG បានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះបានដាក់សំណើផ្ទេរចេញ។
យូណាយធីតត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរ កាវ៉ានី បន្ទាប់ពីលោក អូឡេ ហ្គាន់ណា សូលស្យេរ (Ole Gunnar Solskjaer) សារភាពថា ក្លិបនេះអាចនឹងផ្ទេរខ្សែ ប្រយុទ្ធរូបនេះ នៅរដូវកាលទិញដូរខែមករានេះ។
លោក សូលស្យេរ នឹងអវត្តមានកីឡាករ ម៉ាគូស រ៉ាហ្វដ (Marcus Rashford) រហូត ដល់បីខែ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះមានបញ្ហារបួសខ្នង ហើយកាវ៉ានីអាចនឹងបំពេញកង្វះខាតនៅពេល អវត្តមានខ្សែប្រយុទ្ធរូបនេះ។
បន្ទាប់ពីក្លិប PSG ឈ្នះក្រុម Lorient ១-០ នៅថ្ងៃអាទិត្យនេះ លោក ឡេអូណាដូទទួលស្គាល់ ថា កាវ៉ានី បានស្នើសុំចាកចេញ ស្របពេលក្លឹបបារាំងបានបដិសេធសំណើផ្ទេររបស់ក្លិប អាត្លេទីកូ ម៉ាឌ្រីត(Atletico Madrid )។
លោក ឡេអូណាដូ បាននិយាយថា “អេឌីនសិន ដាក់សំណើផ្ទេរចេញ។ យើងកំពុងសិក្សា ពីស្ថានការណ៍។ យើងទទួលបានសំណើផ្ទេរពីក្លិប Atletico Madrid ។ យើងមិនទទួលយក”៕ ប្រែសម្រួល: ពិសិដ្ឋ