រដ្ឋាភិបាលថៃកំពុងពិចារណាថាតើគួរចេញបម្រាមប្រើរថយន្តផ្ទាល់ខ្លួននៅតំបន់ជួបផ្សែងអ័ព្ទខ្លាំងៗដែរឬអត់ ដើម្បីដោះស្រាយកំណើននៃកំហាប់ភាគល្អិតPM2.5នៅក្នុងខ្យល់អាកាស។
សំណើពិបាកអនុវត្តនេះត្រូវបានលើកឡើងកាលពីថ្ងៃអង្គារទី២១មករា ដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក្រោយធ្វើកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចល័តមួយនៅក្នុងខេត្តណារ៉ាតធីវ៉ាត។លោកនាយករដ្ឋមន្ត្រី បាននិយាយថា មានតែសេវាគមនាគមន៍សាធារណៈទេដែលនឹងអនុញ្ញាតឲ្យប្រើផ្លូវ ឬធ្វើចរាចរណ៍ក្នុងអំឡុងពេលហាមឃាត់។
លោកប្រាយុទ្ធ បានបញ្ជាក់ថា រដ្ឋាភិបាលត្រៀមចូលអន្តរាគមន៍ និងដាក់ចេញវិធានការដូច្នេះ ក្នុងករណីកម្រិតភាគល្អិតPM2.5ឡើងហួសកម្រិតសុវត្ថិភាពខ្លាំង។
លោកប្រាយុទ្ធបានឲ្យដឹងថា រដ្ឋាភិបាលបានចាប់ផ្តើមការងារលើផែនការមេរយៈពេលយូរអង្វែងមួយ ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស រួមមានការបង្កើតរថភ្លើងដើរដោយអគ្គិសនី និងដូររថយន្តក្រុងប្រើម៉ាស៊ូតជាមួយនឹងរថយន្តប្រើអគ្គិសនី។
កាលពីថ្ងៃអង្គារ អភិបាលក្រុងបាងកកបានបញ្ជាឲ្យបិទសាលារៀន៤៣៧នៅក្រុងបាងកកនៅថ្ងៃពុធទី២២មករា ដោយសារការព្យាករណ៍បង្ហាញថា ផ្សែងអ័ព្ទឬកំហាប់ភាគល្អិតបង្កគ្រោះថ្នាក់សុខភាពPM2.5 កើនឡើង។គិតមកត្រឹមម៉ោង៦ល្ងាចថ្ងៃអង្គារ កម្រិតPM2.5 នៅបាងកកមានរង្វង់ពី៧១ទៅ៨៦ក្នុងមួយម៉ែត្រត្រីគុណ ហើយខ្ពស់បំផុតគឺ៩៩នៅខេត្តសារ៉ាប៊ូរី ។
សូមបញ្ជាក់ថា កម្រិតPM2.5ដែលគេចាត់ទុកថាមិនប៉ះពាល់ដល់សុខភាពគឺត្រឹម៣៥ចុះ។ភាគតូចល្អិតPM2.5 នេះរួមមានធូលី ផ្សែងនិងលំអងផ្សែង។
នៅប៉ុន្មានឆ្នាំមកនេះ គុណភាពខ្យល់នៅថៃកាន់តែចុះអាក្រក់ទៅនិងវាតែងកើតឡើងនៅឆ្នាំថ្មីរវាងខែវិច្ឆិកាដល់មីនាចំពេលគេប្រមូលផលអំពៅដែលពួកកសិករតែងដុតសម្អាតដើមមុននឹងកាប់។ក្រោយប្រមូលផល សំណល់ក្នុងចម្ការក៏ត្រូវដុតចោលជាថ្មី ដើម្បីត្រៀមដីដាំដុះជាថ្មី។
រដ្ឋាភិបាលបានហាមការដុតសំណល់ដំណាំរួមមានជញ្ជ្រាំងស្រូវក្នុងអំឡុងខែមករានិងកុម្ភៈ តែពួកកសិករនៅតែដុតដោយសារវាជាមធ្យោបាយអស់សោហ៊ុយតិច។
ការដុតសំណល់ដំណាំមិនមែនជាប្រភពតែមួយដែលបង្កផ្សែងអ័ព្ទនៅថៃទេ ផ្សែងចេញពីយានយន្ត អាកាសធាតុតាមរដូវ(ខ្យល់តិច)និងការបញ្ចេញផ្សែងពីឧស្សាហកម្មក៏ជាកក្តាត្រូវបន្ទោសផងដែរ៕ដោយៈវាសនា/HA
ផ្សែងដ៏ក្រាស់គ្របលើផ្លូវនៅជាប់ចំការអំពៅក្នុងខេត្តស៊ូផាន ប៊ូរី ប្រទេសថៃ កាលពីថ្ងៃ២១មករា។ការដុតសម្អាតសំបកអំពៅមុននិងក្រោយការប្រមូលផលអំពៅជាមូលហេតុមួយដែលបង្កផ្សែងអ័ព្ទប្រចាំឆ្នាំនៅថៃ