ដោយ: គូលែន / សៀមរាប: នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ សាខាកាបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលទេយ្យទាន ពីព្រះចៅអធិការវត្តលុម្ភិនីល្បើកចន្លោង (ហៅវត្តចន្លោង) ដើម្បីចាត់ចែងជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតក្នុងបេសកកម្មមនុស្សធម៌។
ព្រះតេជគុណបញ្ញាតិភទ្ធេយ្យថេរ ព្រះគ្រូធម្មវិសុទ្ធិមនី កៀង សាងសទ្ធា ព្រះចៅអធិការវត្តលុម្ភិនីល្បើកចន្លោង (ហៅវត្តចន្លោង) មានសង្ឃដីកាថា តំណាងឱ្យព្រះសង្ឃ និងគណៈកម្មការ អាចារ្យ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ចន្លោង សូមប្រទានទេយ្យទានមួយចំនួនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដើម្បីចាត់ចែងជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួនតាមការគួរ។
លោក ស៊ុ សំអន នាយកសាខា ក៏បានថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យដ៏សប្បុរសធម៌របស់ព្រះតេជគុណចៅអធិការវត្តលុម្ភិនីល្បើកចន្លោង (ហៅវត្តចន្លោង) ក្នុងការយកព្រះទ័យទុកដាក់ចូលរួមចំណែកសកម្មភាពមនុស្សធម៌ និងបានប្រគល់នូវទេយ្យទានជាគ្រឿងឧបភោគ បរិភោគនាពេលនេះ គឺសបញ្ជាក់ពីទឹកព្រះទ័យសប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត។
លោកបាននិយាយថា ក្នុងព្រះកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ព្រះពុទ្ធសាសនា ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ ទេយ្យទានទាំងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។
ទេយ្យទានដែលបានទទួលរួមមាន៖ អង្ករ៥០គ.ក្រ -ទឹកសុទ្ធ១កេស -មី១កេស -ត្រីខ១យួរ -ខ្ទះ៥- ស្រាក់១៨ -ទឹកដោះគោខាប់៥កំប៉ុង -ស្ករស ៥គីឡូក្រាម -កាហ្វេ ១កែវ -ត្បាល់បុកគ្រឿង ២៩ ជ្រុញ៧៥ ចង្អើអាំងសាច់ ១១ និងសម្ភារមួយចំនួនទៀត៕ ល