នៅក្នុងខែមករា ដើមឆ្នាំ២០២០ នេះ មានករណីអំពើហិង្សាបង្កឡើងដោយសិស្សវិទ្យាល័យ ទាំងស្រី ទាំងប្រុស ចំនួនបីករណីធំៗ ដែលកក្រើកក្នុងសង្គមកម្ពុជា។ នោះគឺអំពើហិង្សា របស់ក្រុមយុវតីសិស្សវិទ្យាល័យមេសាងម្នាក់ បានគំរាមសំឡុតលើក្រុមយុវតីផ្សេងទៀត នៅស្រុកមេសាង ខេត្តព្រៃវែង។ ករណីមួយទៀត នៅវិទ្យាល័យផ្សារដើមថ្កូវ រាជធានីភ្នំពេញ ក្រុមសិស្សសាលា ជាយុវតី ៤នាក់ ព្រួតគ្នាវាយទាត់ធាក់ក្មេងស្រីសិស្សសាលាម្នាក់ និងថត បង្ហោះហ្វេសប៊ុក។ ករណីចុងក្រោយ កើតឡើង នៅខណ្ឌបឹងកេងកង ក្នុងរាជធានីភ្នំពេញ បង្កហិង្សាដោយយុវជនម្នាក់ បណ្តាលឲ្យយុវជនម្នាក់ទៀត ស្លាប់ដោយសារតែជំទាស់ ពាក្យសម្តី ដែលយុវជនទាំងពីរនាក់នេះ រៀននៅសាលាឯកជន AIS។
ចំពោះមុខហេតុការណ៍ផ្ទួនៗ បង្កឡើងដោយក្រុមសិស្សវិទ្យាល័យទាំងស្រីទាំងប្រុសខាងលើ នេះ គឺក្រសួងអប់រំ យុវជន និងកីឡា បានប្រញាប់ចេញសេចក្ដីណែនាំដល់គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ត្រូវពង្រឹងការអនុវត្តភារកិច្ចរបស់គ្រូទទួល បន្ទុកថ្នាក់ លោកគ្រូ អ្នកគ្រូបង្រៀន តាមមុខវិជ្ជា ឲ្យណែនាំសិស្សានុសិស្ស អនុវត្តបទបញ្ជាផ្ទៃក្នុង រាល់ម៉ោង និងពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាយុវជន កុមារ ក្រុមប្រឹក្សា វិន័យ ក្រុមប្រឹក្សាអប់រំ ដើម្បីមាន វិធានការទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពមិនប្រក្រតីរបស់សិស្ស។
ក្នុងសេចក្តីជូនដំណឹង ក្រសួងអប់រំ ក៏បានណែនាំគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវធ្វើ ទំនាក់ទំនង និងសហការជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាល សហគមន៍ ដើម្បី ផ្ដល់ព័ត៌មាននានា ពាក់ពន្ធ័នឹងបាតុភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំ ណែនាំ កែលម្អ បានទាន់ពេលវេលា។
ក្នុងនោះ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវសហការជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ច ដូចជា កម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ អាជ្ញាធរដែនដី ដើម្បីផ្ដល់ ព័ត៌មានក្នុងករណី មានការប្រព្រឹត្តអំពើអន្ធពាល អំពើហិង្សា សកម្មភាពអុក ឡុកបង្កចលាចលនានាពីសំណាក់ សិស្សានុសិស្ស ឬក្រុមក្មេងទំនើងនៅក្បែរ ឬក្នុងបរិវេណគ្រឹះស្ថានសិក្សា។
ការពិតទៅភារកិច្ចរបស់គ្រូទទួលបន្ទុកថ្នាក់ ក៏ដូចជាតួនាទីភារកិច្ចគ្រូបង្រៀនតាមមុខវិជ្ជា រួមទាំងបទបញ្ជាផ្ទៃក្នុងសាលា ត្រូវបានក្រសួងអប់រំ បង្កើតឡើងយូរឆ្នាំណាស់មកហើយ។ ការអនុវត្តវិន័យ ក៏ត្រូវបានអនុវត្តយ៉ាងតឹងរឹងផងដែរ។
ក៏ប៉ុន្តែវិធានការរបស់ក្រសួងអប់រំ នៅពេលនេះ ប្រៀបបានដូចជា សេះចេញពីក្រោល ទើបធ្វើរបង។ តែយ៉ាងណាក៏ដោយ ក៏ជាវិធានការមួយ ដែលអាចនឹងកុំឲ្យសេះផ្សេង ទៀត បន្តចេញពីក្រោល ហើយក៏អាចកៀរសេះ ដែលចេញពីក្រោលទាំងនោះឲ្យចូលក្រោយវិញ ក្រោយពេលមានរបងត្រឹមត្រូវ។
យ៉ាងណាក៏ដោយ ក្នុងករណីធំៗទាំង៣ខាងលើនេះ គឺឪពុកម្តាយ អាណាព្យាបាលគួរតែ ដើរតួនាទីសំខាន់ និងចម្បងជាងគេ ក្នុងការអប់រំ ទូន្មាន ណែនាំកូនចៅរបស់ខ្លួនឲ្យមាន សីលធម៌ ដឹងខុស ដឹងត្រូវ ចេះគោរពគ្រូបង្រៀន ចាស់ព្រឹទ្ធាចារ្យ ព្រមទាំងខិតខំរៀនសូត្រ ដោយមិនធ្វើអំពើពាលាអាវ៉ាសែ បង្កជម្លោះទាំងនៅថ្នាក់រៀន ក្នុងសាលា និងទាំងនៅផ្ទះ ក្នុងសង្គមជាតិយើង។
សង្គមខ្មែរយើងសព្វថ្ងៃ ដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្តាយអាណា ព្យាបាល មួយចំនួន ព្រោះតែកិច្ចការងាររកស៊ី ធ្វើការ លក់ដូរ ហើយមានពេលទំនេរក្នុង ១ថ្ងៃៗ ឪពុកម្តាយអាណាព្យាបាលខ្លះ ក៏គិតតែទូរស័ព្ទ លេងហ្វេសប៊ុកហើយអ្នកខ្លះរហូតដល់ ចំណាយពេលអង្គុយផឹកស្រាផងនោះ ទើបពួកគាត់ មិនអាចឆ្លៀតពេលអប់រំ ណែនាំ មើលថែកូនចៅឲ្យបានគ្រប់គ្រាន់។
ដល់ពេលកូនចៅមួយចំនួននោះ ទៅសាលារៀន គួបផ្សំនឹងបរិយាកាសសង្គមខាងក្រៅ ការសេពគប់មិត្តភក្តិមិនល្អផងនោះ ក៏នាំឲ្យកូនចៅទាំងនោះ ភ្លេចខ្លួន ប្រព្រឹត្តអំពើមិនគួរគប្បី ក្លាយជារឿងបងតូចបងធំ។ ខ្លះទៀត មួយចំនួន ក៏សេពគ្រឿងញៀន គ្រឿងស្រវឹង ឬក៏បង្ក ជម្លោះ ដូចករណីខាងលើ ជាឧទាហរណ៍ជាក់ស្តែង។
តែក្នុងន័យនេះ ក៏មិនមែនមានន័យថា សិស្សសាលា ដែលជាទំពាំងស្នងឫស្សីរបស់យើងស្អុយទាំងអស់ ហើយក៏មិនមែនមានន័យថា ឪពុកម្តាយ អាណាព្យាបាលទាំងអស់សុទ្ធតែ មិនមានពេលវេលា ដើម្បីអប់រំ ព្រានប្រដៅ ណែនាំកូនចៅ ឲ្យធ្វើអំពើល្អខិតខំរៀនសូត្រ នោះដែរ។
យ៉ាងណាក៏ដោយ សិស្សសាលា ដែលបានប្រព្រឹត្តកំហុសទាំងឡាយ ក៏នៅមានឱកាស ដើម្បីកែខ្លួន វិលមកស្តាប់ដំបូន្មានឪពុកម្តាយ អាណាព្យាបាល និងគ្រូបង្រៀនហើយបន្តខិត ខំរៀនសូត្រ ដោយលះបង់អំពើអបាយមុខ អន្ធពាលទាំងនោះ។
មានតែការសិក្សារៀនសូត្រទេ ទើបនាំឲ្យយុវជនយើង មានអនាគតភ្លឺស្វាងទោះបីជារៀន ចប់វិទ្យាល័យ បន្តដល់មហាវិទ្យាល័យ សកលវិទ្យាល័យ ហើយបញ្ចប់បរិញ្ញាបត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិត ចេញធ្វើការងារ និងទៅរកស៊ីក៏ដោយ ក៏យុវជនយើងដែលឆ្លងកាត់ការ អប់រំសិក្សា គឺច្បាស់ជាធនធានមនុស្សដ៏សំខាន់ សម្រាប់សង្គមកម្ពុជាយើងផង និងជាធនធាន ជំហរដ៏សំខាន់ក្នុងគ្រួសារផងដែរ៕ ដោយ៖ ម៉េងឆៃ